ភាពយន្តឯកសារ «ការណាត់ជាមួយជួប ប៉ុល ពត» ត្រូវបានជ្រើសរើសតំណាងឱ្យប្រទេសកម្ពុជា ចូលរួមប្រកួតភាពយន្តល្អបំផុតថ្នាក់អន្តរជាតិនៅ Academy Awards 2025 ដោយរឿងមួយនេះ ធ្លាប់ត្រូវបានយកទៅចាក់បញ្ចាំងជាលើកដំបូងនៅក្នុងមហោស្រពភាពយន្តកានប្រទេសបារាំងកាលពីប៉ុន្មានខែមុននេះ។

នេះជាជោគជ័យមួយ សម្រាប់វិស័យខ្សែភាពយន្តខ្មែរក្នុងការបង្ហាញវត្តមានជាថ្មីម្ដងទៀតនៅលើឆាកអន្តរជាតិនាលើកនេះ។ ភាពយន្តប្រវត្តិសាស្ត្រដែលនិយាយអំពីរឿងរ៉ាវ ព្រមទាំងដំណើរផ្សងព្រេងរបស់អ្នកកាសែត ៣ រូបដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៧៨ បន្ទាប់ពីទទួលបានការអញ្ជើញពីរបបខ្មែរក្រហម បានក្លាយជាខ្សែរឿងដែលឆ្លុះបញ្ចាំងឱ្យកូនខ្មែរជំនាន់ក្រោយបានយល់កាន់តែច្បាស់ពីរបបខ្មៅងងឹតរបស់ ប៉ុលពត។ នៅក្នុងខ្សែរឿងមួយនេះនឹងបង្ហាញឱ្យកាន់តែច្បាស់ថា តើ ប៉ុលពត ជាអ្នកណា? ហេតុអ្វីអ្នកកាសែតទាំង ៣ ហ៊ានប្រថុយទៅជួប ប៉ុលពត? តើរឿងមួយនេះពិតជាបានបង្កប់នូវរឿងរ៉ាវប្រវត្តិសាស្ត្រក្នុងថ្លុកឈាមមែន ឬយ៉ាងណា?





គួរបញ្ជាក់ឱ្យដឹងផងដែរថា ភាពយន្តប្រវត្តិសាស្ត្ររឿង «ការណាត់ជួបជាមួយ ប៉ុល ពត» ត្រូវបានចងក្រងឡើងដោយផលិតករ ប៉ាន់ រិទ្ធី ដោយលោកបានចំណាយរយៈពេលជិត ៣០ ឆ្នាំក្នុងការនិយាយអំពីតួអង្គខ្មែរក្រហម ក្នុងរបបខ្មៅងងឹតមួយនេះ។ តាមរយៈកិច្ចសម្ភាសផ្ទាល់លោក រិទ្ធី បានលើកឡើងថា លោកអត់បង្ខំទេនៅក្នុងការសរសេររឿងមួយនេះ មិនតែប៉ុណ្ណោះសម្រាប់ការជ្រើសរើសតួអង្គ ប៉ុល ពត លោកបានពោលយ៉ាងដូច្នេះថា៖ «គ្មាននរណាអាចដើរជាតួអង្គ ប៉ុល ពត បាននោះទេក្រៅពី ប៉ុល ពត ខ្លួនឯងនោះឡើយ»។

ជាចុងក្រោយ ចូលរួមអបអរសាទរសម្រាប់ជោគជ័យរបស់ផលិតករខ្មែរលោក ប៉ាន់ រិទ្ធី ក៏ដូចជាខ្សែភាពយន្តខ្មែររឿង «ការណាត់ជួបជាមួយ ប៉ុល ពត» បានក្លាយជាភាពយន្តល្អបំផុតដែលត្រូវបានយកទៅដាក់ប្រកួតថ្នាក់អន្តរជាតិនៅ Academy Awards 2025៕


























Account
Security
Favourite Content