ថ្មីៗនេះអ្នកលេងអ៊ីនធីណេត និងអ្នកគាំទ្រជាច្រើនបានផ្ទុះការចាប់អារម្មណ៍ខ្លាំង នៅពេលឃើញរូបភាពរបស់អតីតតារាសម្ដែងស្រី TVB គឺ Rosina Lam ជាមួយតារាប្រុស Chen Xiao ស្ថិតក្នុងសម្លៀកបំពាក់បែបបុរាណហាក់ដូចជាកំពុងថតរឿងភាគថ្មី។ ក្នុងខ្សែភាពយន្ដថ្មីមួយនេះ តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះទំនងជាដើរជាតួអង្គឆ្នាសឆ្នើម និងកាចសាហាវដោយអារម្មណ៍ក៏ដូចជាទឹកមុខរបស់នាងពិតជាស័ក្ដិសមជាមនុស្សស្រីក្នុងសម័យបុរាណពិតៗ។



អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងជាងនេះទៀតនោះគឺនេះជាការសហការគ្នាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំបន្ទាប់ពីអ្នកទាំងពីរបានបញ្ចប់ការសិក្សានៅ Central Academy of Drama។ ក្រៅពីការជួបជុំជាមួយមិត្តល្អរួមជំនាន់ហើយ Chen Xiao អតីតតារាស្រី TVB រូបនេះក៏បានឱ្យដឹងថានេះក៏ជាពេលវេលាដ៏រំភើបរបស់នាងផងដែរ។ នាងមានអារម្មណ៍សុបិន្ដរបស់នាងបានក្លាយជាការពិត ហើយការហាត់សមសម្ដែងឈុតឆាកក្នុងខ្សែភាពយន្ដក៏បាននាំនាងវិលត្រលប់ទៅកាលពីនៅរៀនថ្នាក់សាកលវិទ្យាល័យផងដែរ។



យ៉ាងណាមិញ បើទោះបីជាកន្លងអស់រយៈពេល ១៥ ឆ្នាំបន្ទាប់ពីបញ្ចប់ការសិក្សាទៅហើយក្ដី ក៏ចំណងមិត្តភាពរបស់ Rosina និង Chen Xiao នៅតែរឹងមាំដដែល។ មិនថាអ្នកទាំងពីរធ្វើការនៅកន្លែងខុសគ្នាយ៉ាងណាក្ដី ក៏អ្នកទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមក។ លុះដល់ពេលមានឱកាសរួមការងារជាមួយគ្នា មិត្តភាពអ្នកទាំងពីរក៏រឹតតែស្និតស្នាលខ្លាំងជាងមុនទៅទៀត។
លើសពីនេះ Rosina Lam ក៏បានសម្ដែងការថ្លែងអំណរគុណដល់អ្នកដឹងនាំរឿង Ting Zhang និងក្រុមការងារថតរឿងទាំងអស់សម្រាប់ការយកចិត្តទុកដាក់ទៅលើតួសម្ដែងតាំងពីចាប់ផ្ដើមការងារលើកដំបូង។ គួរបញ្ជាក់ផងដែរថាថ្មីៗនេះតារាស្រីរូបនេះទើបតែបានបញ្ចប់ការថតរឿងភាគ Darkside of the Moon និងចាប់ផ្ដើមនូវជំនួញគ្រឿងអលង្ការលើទឹកដីចិនដីគោកផងដែរ៕ 





























Account
Security
Favourite Content