បន្ទាប់ពីទទួលបានភាពជោគជ័យសម្រាប់ការសម្ដែងរឿងភាគដំបូង “Snowdrop” ដែលចេញផ្សាយតាំងពីចុងឆ្នាំ២០២១ នៅពេលនេះ Jisoo ក្រុម BLACKPINK នឹងត្រលប់មកបង្ហាញមុខក្នុងរឿងភាគជាថ្មី ជារឿងបែប Zombie ត្រៀមចេញផ្សាយក្នុងឆ្នាំ២០២៥។

នៅថ្ងៃទី១ ខែសីហានេះ បណ្ដាញ Streaming កូរ៉េ Coupang Play បានបញ្ចេញរូបភាពផ្សព្វផ្សាយដំបូង ២សន្លឹកសម្រាប់ភាពយន្តភាគថ្មីរបស់ខ្លួនមានចំណងជើងថា “Newtopia” ដែលចូលរួមសម្ដែងដោយ Jisoo និងតារាប្រុស Park Jung Min។
ផ្អែកតាមការប្រកាសនេះ រឿងភាគថ្មីខាងលើនឹងនិយាយអំពីគូស្នេហ៍មួយគូនៅទីក្រុងសេអ៊ូលដែលត្រូវឆ្លងកាត់ឧបសគ្គខណៈពេលមានការរាតត្បាតមេរោគ Zombie ពេញទីក្រុង។ ក្នុងនោះតារាប្រុស Park Jung Min នឹងសម្ដែងជាតួឯកប្រុសឈ្មោះ Lee Jae Yoon ជានាយទាហានជើងចាស់មួយរូប ខណៈ Jisoo សម្ដែងជាតួឯកស្រីឈ្មោះ Kang Young Ju ជាអតីតនិស្សិតវិស្វកម្មដែលទើបទទួលបានការងារថ្មីៗ។

គួរបញ្ជាក់ថា រឿងភាគថ្មីនេះគឺជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធ Han Jin-won ដែលធ្លាប់ឈ្នះពានរង្វាន់អូស្កាសម្រាប់ស្នាដៃនិពន្ធអត្ថបទភាពយន្តល្បី “Parasite” នាពេលកន្លងមក និងជាការដឹកនាំរបស់លោក Yoon Sung Hyun ដែលត្រូវបានស្គាល់តាមរយៈការដឹកនាំភាពយន្តខ្នាតធំល្បីៗដូចជា ភាពយន្ត “Bleak Night” និងភាពយន្ត “Time to Hunt”។
ក្រៅពីគម្រោងរឿងភាគថ្មីនេះ Jisoo ក៏ត្រៀមបង្ហាញមុខក្នុងភាពយន្តខ្នាតធំមួយទៀតដែរក្នុងឆ្នាំ២០២៥ គឺរឿង “Omniscient Reader’s Viewpoint” ដែលមានការចូលរួមសម្ដែងដោយតារាល្បីៗជាច្រើនទៀតដូចជា Ahn Hyo-seop, Lee Min-ho និង Nana ជាដើម ៕
























Account
Security
Favourite Content