តារាចម្រៀងខេប៉ុបល្បីឈ្មោះ Kim JaeJoong បានបង្ហាញពីអារម្មណ៍សោកស្ដាយ ក្រោយការធ្វេសប្រហែលរបស់លោកធ្វើឲ្យអាល់ប៊ុមចម្រៀងច្រើនជាង ៨ ម៉ឹនបន្ទះ ត្រូវធ្វើឡើងវិញទាំងអស់។
ថ្មីៗ នេះ តារាប្រុស Kim JaeJoong បានបង្ហាញខ្លួនក្នុងកម្មវិធីរបស់ស្ថានីយទូរទស្សន៍ KBS គឺ “Park MyungSoo’s Radio Show”។ លោកបានទម្លាយពីរឿងសោកស្ដាយមួយ កំលុងពេលលោករៀបចំអាល់ប៊ុមចម្រៀងថ្មី “Flower Garden” របស់ខ្លួនសម្រាប់អ្នកគាំទ្រ។



តារាប្រុសវ័យ ៣៨ ឆ្នាំរូបនេះ បានទម្លាយឲ្យដឹងថា៖ មុនថ្ងៃបញ្ចេញអាល់ប៊ុមថ្មីចំនួន ២ ថ្ងៃ លោកបានស្វែងរកឃើញកំហុសបច្ចេកទេសមួយគឺ ការសរសេរអក្សរខុស ក្នុងប៉ារូលចម្រៀង។ ហេតុផលមួយនេះ ធ្វើឲ្យអាល់ប៊ុមរបស់លោកជាង ៨ ម៉ឺនបន្ទះត្រូវចម្លងសាជាថ្មីទាំងអស់។
លោកបានបន្ដថា៖ លោកមិនបានបន្ទោស ឬខឹងនរណាទេ ព្រោះវាជាកំហុសរបស់លោកផ្ទាល់។ នៅពេលដែលលោកបានដឹងពីកំហុសមួយនេះ វាបានធ្វើឲ្យលោកដេកលែងលក់ពេញមួយយប់តែម្ដង។ វាជារឿងគួរឲ្យខ្មាសអៀនមួយ ដែលលោកខ្វះភាពប្រុងប្រយ័ត្ន លោកពិតជាចង់ធ្វើវាឲ្យបានល្អខ្លាំង ការត្រឡប់មកវិញលើកនេះ។



លោកបានបន្ដថា៖ កំហុសមួយនេះ ប្រសិនបើលោកមិនខ្វាយខ្វល់ លោកអាចគ្រាន់តែឲ្យក្រុមការងារបន្ថែមរូបស្ទីកគឺ ពីលើរួចរាល់ហើយ។ ដោយសារ ក្រុមហ៊ុនជាច្រើនបានធ្វើបែបនេះ នៅពេលមានកំហុសបន្តិចបន្ដួចលើអាល់ប៊ុម។ តែវាជាអាល់ប៊ុមសម្រាប់ខួបគម្រប់ ២០ ឆ្នាំនៃការចេញច្រៀងរបស់លោក។ លោកចង់ឲ្យវាក្លាយជាកាដូពិសេសមួយសម្រាប់អ្នកគាំទ្រ ដូច្នេះលោកមិនអាចយកអាល់ប៊ុមដែលមានបញ្ហាទៅឲ្យអ្នកគាំទ្រឡើយ។
គួរបញ្ជាក់ថា ២០២៤ ជាឆ្នាំដែលតារាប្រុស Kim JaeJoong បានបង្ហាញមុខជាផ្លូវការជាតារាចម្រៀងខេប៉ុប។ សម្រាប់គម្រប់ខួប ២០ ឆ្នាំនេះ លោកបានរៀបចំកាដូពិសេសជូនអ្នកគាំទ្រគឺការបញ្ចេញអាល់ប៊ុមថ្មីមានឈ្មោះថា “Flower Garden”៕
























































Account
Security
Favourite Content