ភាពល្បីល្បាញនៃតុក្កតា Labubu ក្នុងប្រទេសថៃកំពុងកើនឡើងយ៉ាងនឹកស្មានមិនដល់រហូតពេលនេះមានមនុស្សជាច្រើនបានសាក់យ័ន្តព្រមជាមួយរូបតុក្កតានេះដើម្បីនាំលាភសំណាងឱ្យខ្លួនទៀតផង។


វាមិនមែនជារឿងចម្លែកអ្វីនោះទេសម្រាប់ការសាក់យ័ន្តមន្តអាគមមានអក្សរខ្មែរបុរាណក្នុងប្រទេសថៃ ខណៈអ្នកចាក់សាក់ភាគច្រើនមានជំនឿថាអាចនាំលាភ នាំសំណាង និងការពារខ្លួនពីគ្រោះថ្នាក់ផ្សេងៗ។ ក៏ប៉ុន្តែខណៈដែលសាក់ភាគច្រើនមានរូបភាពជាអក្សរនិងយ័ន្តបុរាណ នៅពេលនេះរូបសាក់យ័ន្តថ្មីដែលមានរូបតុក្កតា Labubu នៅកណ្ដាលក៏កំពុងទទួលបានការចាប់អារម្មណ៍ដូចគ្នា។

Labubu តុក្កតាសត្វចម្លែកដែលមានស្នាមញញឹមគួរឱ្យខ្លាចត្រូវបានបង្កើតឡើងដោយសិល្បករហុងកុង លោក Kasing Lung ដែលបានសហការផលិតជាមួយក្រុមហ៊ុនចិន Popmart និងមានការដាក់លក់ជាលក្ខណៈ Blind Box ពោលគឺអ្នកទិញមិនអាចដឹងថាតុក្កតាក្នុងប្រអប់មានពណ៌អ្វីឡើយរហូតដល់បើកប្រអប់។ នៅប្រទេសថៃ តុក្កតានេះមានការពេញនិយមរហូតឡើងថ្លៃគុណនឹងបី និងពិបាករកទិញទៅទៀត បន្ទាប់ពី Lisa សមាជិកក្រុម Blackpink ថតរូបជាមួយតុក្កតានេះ។


ចំពោះដំណើរដើមទងនៃការសាក់យ័ន្តតុក្កតា Labubu នេះ លោកគ្រូចាក់សាក់យ័ន្តម្នាក់ឈ្មោះ Seeharat Muenyant បានរៀបរាប់ថា ដំបូងឡើយកូនស្រីរបស់លោកបានឌីសាញរូបសាក់នេះនិងបង្ហោះចូលក្នុង Group Chat គ្រួសារជាលក្ខណៈលេងសើចប៉ុណ្ណោះ ប៉ុន្តែក្រោយមកប្អូនស្រីរបស់លោកបានចាប់អារម្មណ៍ និងសុំឱ្យលោកសាក់យ័ន្តនេះឱ្យនាង។ ក្រោយពីសាក់រួច នាងបានបង្ហោះវីដេអូរូបសាក់លើបណ្ដាញសង្គមតិកតុកហើយក៏ទទួលបានការចាប់អារម្មណ៍ជាច្រើន។ លោកបង្ហើបថាមកដល់ដើមខែកក្កដានេះមានអតិថិជន ១០នាក់ហើយបានមកឱ្យលោកសាក់យ័ន្តតុក្កតា Labubu នេះ។
ផ្អែកតាមលោកគ្រូ Seeharat ការចាក់សាក់យ័ន្តតុក្កតា Labubu នេះក៏មិនខុសពីការសាក់យ័ន្តផ្សេងៗដែរ គឺអ្នកចាក់អាចជ្រើសរើសបានថាតើពួកគេចង់បានសាក់ដើម្បីការពារខ្លួន ឬដើម្បីលើករាសី ឬអ្នកចាក់សាក់មួយចំនួនចង់បញ្ចូលទាំងការពារខ្លួននិងលើករាសីនាំលាភសំណាងក៏បាន ដោយគ្រូសាក់នឹងធ្វើការកែប្រែតួអក្សរគាថាអាគមទៅតាមនោះ ៕




























































Account
Security
Favourite Content