នៅព្រឹកថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៤ ប្រភពព័ត៌មានកូរ៉េ Naver បានទម្លាយថា បច្ចុប្បន្ន សមាជិក BLACKPINK រូបនេះ កំពុងស្ថិតក្នុងដំណាក់កាលចរចាត្រៀមចូលផលិតកម្មរបស់លោក Teddy គឺ The BLACK LABEL។ ជាការឆ្លើយតបពីខាង The BLACK LABEL បានឲ្យដឹងថា វាជាការពិត ពួកគេកំពុងតែចរចាគ្នាពីកុងត្រា ជាមួយសមាជិកក្រុមចម្រៀង BLACKPINK ដែលជា main vocal គឺ Rosé។ ក្រោយមក នៅថ្ងៃទី ១៨ ខែ មិថុនា សមាជិក BLACKPINK រូបនេះ ក៏បានប្រកាសថាខ្លួននឹងចូលរួមជាមួយផលិតកម្ម The BLACK LABEL សម្រាប់ការផ្សព្វផ្សាយសកម្មភាពទោលរបស់ខ្លួន។



ROSÉ បានបង្ហោះសារក្នុងបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់ខ្លួន ដើម្បីប្រកាសពីដំណឹងល្អ ដែលខ្លួនចូលរួមជាមួយផលិតកម្ម The BLACK LABEL។ ដូច្នេះ ចាប់ពីពេលនេះទៅ សកម្មភាពផ្សព្វផ្សាយទោលរបស់នាង នឹងស្ថិតក្រោមការគ្រប់គ្រង The BLACK LABEL។ តារាស្រីរូបនេះ ក៏បានលើកឡើងថា ចាប់តាំងពីចុងឆ្នាំ ២០២៣ មក នាងតែងតែចេញចូលកន្លែងធ្វើការលើបទចម្រៀងជារៀងរាល់ថ្ងៃ។ ឥឡូវនេះ នាងមិនទាន់ប្រកាសពីដំណឹងបញ្ចេញបទចម្រៀងថ្មីឡើយ នៅពេលដែលនាងមិនទាន់ធ្វើអ្វីរួចចប់សព្វគ្រប់អស់។ នាងចង់ចំណាយពេលផ្ដោតលើរឿងល្អៗ និងត្រូវការពេលវេលារៀនសូត្រ។ ប៉ុន្ដែដំណឹងល្អ និងគួរឲ្យរំភើបមួយចំនួន នឹងត្រូវប្រកាសក្នុងពេលឆាប់ៗ ខាងមុខ។



គួរបញ្ជាក់ថា Rosé និងសមាជិកក្រុមចម្រៀង BLACKPINK ត្រូវបានគេរាយការណ៍ថា មានទំនាក់ទំនងជិតស្និទ្ធជាមួយ Teddy។ មិនត្រឹមជាអ្នកនិពន្ធ Teddy គឺជាអ្នកផលិតបទចម្រៀងល្បីៗជាច្រើនរបស់ BLACKPINK ចាប់តាំងពីបទចម្រៀងដំបូងចេញក្នុងឆ្នាំ ២០១៦ រួមមាន Boombayah និង Whistle ជាដើម។ កត្ដាអស់ទាំងនេះ ធ្វើឲ្យគេជឿជាក់ថា ជាមូលហេតុម្ចាស់បទ «On The Ground» សម្រេចចិត្ដចុះកុងត្រាជាមួយ ផលិតកម្ម The BLACK LABEL៕
























































Account
Security
Favourite Content