ចំណាត់ថ្នាក់ក្រុមចម្រៀងល្បីបំផុតប្រចាំខែមិថុនាត្រូវបានប្រកាសដោយវិទ្យស្ថានស្រាវជ្រាវពាណិជ្ជកម្មកូរ៉េកាលពីថ្ងៃទី៩ ខែមិថុនា ដោយពឹងផ្អែកលើការសរុបទិន្នន័យផ្សេងៗក្នុងរយៈពេល១ខែកន្លងមក រួមមានការស្ដាប់និងទស្សនាចម្រៀង ការបង្ហាញមុខលើសារព័ត៌មាន ទំនាក់ទំនងសាធារណៈ និងការបញ្ចេញមតិរបស់អ្នកគាំទ្រ។
សម្រាប់ផ្នែកបុរស ក្រុមចម្រៀង SEVENTEEN បានគ្រងតំណែងជាក្រុមមានប្រជាប្រិយភាពជាងគេប្រចាំខែមិថុនានេះ។ ក្រុមចម្រៀងដែលមានសមាជិក ១៣នាក់មួយនេះកំពុងទទួលបានការគាំទ្រខ្លាំងដោយពួកគេទើបតែចេញអាល់ប៊ុម ‘17 IS RIGHT HERE’ កាលពីថ្ងៃទី២៩ ខែមេសា និងវីដេអូចម្រៀងបទ “MAESTRO” ។ មិនតែប៉ុណ្ណោះពួកគេក៏កំពុងត្រៀមខ្លួនចេញសម្ដែងនៅកម្មវិធីមហោស្រពតន្ត្រីប្រចាំឆ្នាំរបស់អង់គ្លេស Glastonbury Festival នៅចុងខែមិថុនានេះ រួមទាំងកម្មវិធីមហស្រពតន្ត្រីអាល្លឺម៉ង់ Lollapalooza នៅខែកញ្ញាផងដែរ។

រីឯចំណាត់ថ្នាក់លេខ២ គឺបានទៅលើក្រុម BTS ដែលបើទោះជាកំពុងផ្អាកសកម្មភាពដោយសារសមាជិកកំពុងជាប់បំពេញកាតព្វកិច្ចយោធា ប៉ុន្តែក្នុងខែនេះប្រជាប្រិយភាពរបស់ពួកគេបានហក់ឡើងខ្លាំងខណៈត្រៀមប្រារព្ធខួប ១១ឆ្នាំរបស់ក្រុម ស្របពេលដែល Jin នឹងក្លាយជាសមាជិកដំបូងគេដែលនឹងបញ្ចប់កាតព្វកិច្ចយោធាក្នុងខែនេះ។
ចំណែកឯចំណាត់ថ្នាក់កំពូលទី៣ គឺបានទៅលើក្រុមចម្រៀងរួមទ្រនំជាមួយ BTS និង SEVENTEEN ដែរ នោះគឺក្រុម TWS ដែលជាក្រុមចម្រៀងប្រុសថ្មីសន្លាងរបស់ HYBE Label។ ចំណាត់ថ្នាក់ទី៤ គឺក្រុមចម្រៀង ATEEZ ដែលកំពុងទទួលបានការគាំទ្រសម្រាប់បទចម្រៀងថ្មីមានចំណងជើង “Work” ខណៈចំណាត់ថ្នាក់ទី៥ គឺក្រុមចម្រៀង Stray Kids ពីផលិតកម្ម JYP Entertainment។
ក្រុមដែលបានជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ផ្សេងទៀតរួមមានលេខ៦ ក្រុម ASTRO លេខ៧ ក្រុម ZEROBASEONE លេខ៨ ក្រុម ENHYPEN លេខ៩ ក្រុម THE BOYZ និងលេខ១០ ក្រុម EXO ។
ងាកមកមើលចំណាត់ថ្នាក់ក្រុមចម្រៀងនារីវិញ IVE ដែលបានជាប់ចំណាត់ថ្នាក់លេខ១ កាលពីខែឧសភា នៅតែជាក្រុមចម្រៀងស្រីលេខ១ដដែលក្នុងខែនេះ ខណៈអាល់ប៊ុមចុងក្រោយរបស់ពួកគេមានចំណងជើងថា “IVE Switch” បានទទួលការគាំទ្រខ្លាំងក្នុងចំណោមហ្វេនខេប៉ុប។

ចំណាត់ថ្នាក់លេខ២ ជាមួយពិន្ទុប្រកៀកប្រកិតគ្នា គឺក្រុមចម្រៀង aespa ដែលទើបបញ្ចេញអាល់ប៊ុមពេញដំបូងកាលពីថ្ងៃទី២៧ ខែឧសភា ជាមួយបទចម្រៀងពេញនិយម២បទ គឺបទ “Supernova” និងបទ “Armageddon”។
ដោយឡែក ក្រុមចម្រៀងថ្មី ILLIT ម្ចាស់បទចម្រៀង Viral “Magnetic” បានជាប់ចំណាត់ថ្នាក់កំពូលទី៣, ក្រុម (G)I-DLE ពីផលិតកម្ម CUBE ជាប់ចំណាត់ថ្នាក់ទី៤ ខណៈក្រុម LE SSERAFIM ជាប់ចំណាត់ថ្នាក់លេខ៥។
សម្រាប់ក្រុមចម្រៀងស្រីដែលបានជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ផ្សេងទៀតរួមមានលេខ៦ ក្រុម tripleS លេខ៧ ក្រុម BLACKPINK លេខ៨ ក្រុម TWICE លេខ៩ ក្រុម OH MY GIRL និង ក្រុម BABYMONSTER ជាប់លេខ១០ ៕




















































Account
Security
Favourite Content