ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា ហេង បូនីកា មិនត្រឹមជាតារាសម្តែងនាងថែមទាំងមានសមត្ថភាពអាចដណ្តើមបានតំណែងជយលាភីលំដាប់រងទី២ ក្នុងការប្រកួត Miss Universe Cambodia 2022 កន្លងទៅទៀតផង។ ក្រោយចប់ការប្រកួតនាងបានត្រឡប់មកបន្តការងារសិល្បៈវិញ ថែមទាំងបានបន្ថែមជំនាញថ្មីមួយទៀត ជាពិធីការិនី។ រយៈពេលចុងក្រោយនេះ គេបានឃើញ បូនីកា បញ្ចេញថ្វីមាត់ជា MC ដំណើរការកិច្ចសម្ភាសន៍សិល្បៈ និងចេញធ្វើ MC តាមកម្មវិធី event ផ្សេងៗផងដែរ។


តារាសម្តែងរូបស្រស់នេះ ទទួលស្គាល់ថា សមត្ថភាពជាពិធីការិនីរបស់នាងនៅមានកម្រិត បើសួរថាអាចធ្វើបាន គឺធ្វើបាន តែបើថាឱ្យល្អឥតខ្ចោះ គឺមិនទាន់នោះឡើយ ដោយនាងត្រូវការរៀនសូត្រពីរៀមច្បងពិធីករ-ពិធិការិនីច្រើនទៀត ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង។
ក្តីស្រមៃរបស់ ហេង បូនីកា គឺនាងចង់ក្លាយជាពិធីការិនីផ្នែកសិល្បៈ ដែលអាចផ្តល់ភាពរីករាយទៅកាន់ទស្សនិកជន និងមនុស្សជុំវិញខ្លួន។ សព្វថ្ងៃនាងក៏មានពិធីការិនីល្បីឈ្មោះម្នាក់ជានិមិត្តរូប (idol) ក្នុងដួងចិត្ត នោះគឺអ្នកនាង កែវ ចាន់និមល ហើយនាងមានក្តីសុបិន្តចង់ក្លាយជាពិធីការិនីល្បីឈ្មោះដូចរៀមច្បង និមល ផងដែរ។


ទន្ទឹមការចាប់ការងារជាពិធីការិនី កញ្ញា ហេង បូនីកា ក៏ចាប់ដៃជាមួយ អ្នកនាង ឌី សូនិត្តា ផលិតមាតិកាប្លែកៗបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន និងបណ្តាអ្នកគាំទ្រទស្សនាកម្សាន្ត។ ងាកទៅវិស័យភាពយន្តវិញ បូនីកា ថា នាងបានរបូតឱកាសថតភាពយន្តខ្នាតធំលើកដំបូងទៅហើយ ដោយសារជាប់រវល់ការងារផ្សេងច្រើនពេក តែក៏សង្ឃឹមថា អាចនឹងទទួលឱកាសនេះម្តងទៀត ពីផលិតករភាពយន្តក្នុងស្រុកនាពេលឆាប់ៗ ដើម្បីមានស្នាដៃរឿងខ្នាតធំសម្រាប់អ្នកគាំទ្រដូចតារាសម្តែងដទៃ។


ទោះជាយ៉ាងនេះក្តី ឆាប់ៗនេះទស្សនិកជននឹងបានទស្សនាស្នាដៃរឿងភាគថ្មីរបស់ បូនីកា សម្តែងជាមួយកំលោះសង្ហា វ៉ាន់ ដេវីត ចំណងជើង «មយូរាចម្ការស្នេហ៍»៕

























































Account
Security
Favourite Content