Secret ជាក្រុមចម្រៀងនារីខេប៉ុបល្បីមួយត្រូវបានបង្កើតអំឡុងឆ្នាំ ២០០៩។ បន្ទាប់ពីបញ្ចេញមុខក្នុងវិស័យចម្រៀងខេប៉ុបអស់ជាច្រើនឆ្នាំ ក្រុមចម្រៀងនារីមួយនេះក៏ត្រូវបានផ្អាកសកម្មភាពចាប់តាំងពីឆ្នាំ ២០១៦។ បើទោះជាលែងមានសកម្មភាព ប៉ុន្ដែបទចម្រៀងរបស់ក្រុមខេប៉ុបនារីជំនាន់ទី ២ មួយនេះ នៅតែត្រូវបានគេចាត់ទុកថាមានគុណភាព វិលត្រឡប់ទៅស្ដាប់វិញក៏នៅតែពីរោះ។

កាលពីថ្មីៗ នេះ Song Ji Eun ដែលជាសមាជិកក្រុមចម្រៀង Secret បានបង្ហាញមុខក្នុងយូធូប Channel “Mic Impact” ជាមួយមិត្ដប្រុសរបស់នាងលោក Park Wi។ ក្នុងឱកាសនោះ នាងបាននិយាយរៀបរាប់ពីអាជីពសិល្បៈរបស់នាង និងការខកចិត្ដជាច្រើន។
នាងបានលើកឡើងថា ក្លាយជាតារាចម្រៀងគឺជាបំណងប្រាថ្នារបស់នាង តាំងពីនៅតូច។ នាងបោះបង់ចោលពេលវេលាជាច្រើន ដើម្បីផ្តោតលើក្ដីស្រមៃរបស់នាង និងបានចេញច្រៀងនៅអាយុ ២០ ឆ្នាំ។ ទីបំផុតនាងអាចធ្វើវាបាន។


Ji Eun បន្ដថា កន្លងផុតមួយរយៈ នាងចាប់ផ្ដើមស្វែងយល់ថា ការងារជាអ្នកចម្រៀងរបស់នាងគឺមិនឋិតថេរឡើយ ហើយនាងមិនអាចធ្វើវាពេញមួយជីវិតបានទេ។ នាងចាប់ផ្ដើមបាត់បង់គោលដៅជីវិត នាងបាត់បង់ពេលវេលានៅអាយុ ២០ ឆ្នាំរបស់នាង ជីវិតរបស់នាងតែលតោលមិនដឹងខ្លួនកំពុងស្ថិតនៅកន្លែងណា។
តារាស្រីវ័យ ៣៣ ឆ្នាំរូបនេះ ក៏បន្ថែមទៀតថា នាងមិននឹកស្មានដល់ថ្ងៃមួយដែលក្រុមរបស់នាងលែងមានសកម្មភាព ប៉ុន្ដែនាងមិនអាចហាមឃាត់បាន វាត្រូវតែកើតឡើង។ នាងមានការខកចិត្ដ ព្រោះអ្វីដែលនាងរំពឹងគឺមិនបានកើតឡើងដូចការគិត។ តែវាប្រហែលជាការផ្លាស់ប្ដូរដ៏ល្អមួយ ជួនកាលការចាប់ផ្ដើមសាជាថ្មី អាចធ្វើឲ្យយើងជួបរឿងល្អៗ ជាងមុន។



បច្ចុប្បន្ន តារាស្រី Song JiEun កំពុងមានទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែមជាមួយមិត្ដប្រុសរបស់នាងគឺលោក Park Wi ដែលជាតារាយូធូបកូរ៉េម្នាក់។ ក្រៅពីការច្រៀង តួឯកស្រីក្នុងរឿង «My Secret Romance» ក៏យកអាជីពជាតារាសម្ដែងស្រីផងដែរ៕























Account
Security
Favourite Content