ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្តែងឆ្នើម ស៊ីន យូប៊ីន រឹតតែធ្វើឱ្យអ្នកគាំទ្រ និងប្រជាជនកម្ពុជា កោតស្ញប់ស្ញែងលើរូបនាងពន់ពេក ក្រោយពីនាងបានព្យាយាមបង្ហាញសិល្បៈវប្បធម៌ខ្មែរទៅក្នុងកម្មវិធីលំដាប់អន្តរជាតិផ្សេងៗ ដែលនាងធ្លាប់បានចូលរួមកាលពីពេលកន្លងទៅ។
ដោយមើលឃើញពីសក្តានុពល ធនធាន ប្រវត្តិការងារដ៏ល្អ និងធ្លាប់ជាអតីតជយលាភីលេខ១ ជំនាន់ទី១២ នៃកម្មវិធី Freshie Girl & Boy ផងនោះ ជាហេតុធ្វើឱ្យអ្នកគាំទ្រទទូចចង់ឱ្យនាងចូលរួមប្រកួតកម្មវិធី Beauty Pageant ខណៈដែលវិស័យនេះផ្ទុះការគាំទ្រខ្លាំងតែម្តង។


និយាយដល់ចំណុចនេះ ស៊ីន យូប៊ីន រៀងអស់សំណើច និងទទួលស្គាល់ថា កន្លងមកពិតជាមានហ្វេនៗទទូចសុំឱ្យនាងប្រកួតកម្មវិធីបវររកញ្ញាច្រើនមែន ប៉ុន្តែនាងសុំខន្តីអភ័យទោសទៅហ្វេនៗគ្រប់គ្នា ព្រោះនាងមិនមានគម្រោងចូលរួមប្រកួតកម្មវិធី Beauty Pageant ណាមួយ តាមដែលហ្វេនៗទទួលសុំជារឿយៗនោះឡើយ។

តារាសម្តែងឆ្នើមលំដាប់ប្រទេសនេះឱ្យដឹងហេតុផលយ៉ាងខ្លីថា នាងចង់ទុកឱកាសឱ្យប្អូនជំនាន់ក្រោយបានបញ្ចេញសមត្ថភាព ម៉្យាងអាយុនាងក៏ច្រើនគួរសមហើយដែរ។ ដូច្នេះ នាងចង់ឱ្យហ្វេនៗ និងទស្សនិកជនចងចាំ យូប៊ីន ក្នុងនាមជាម្ចាស់ជយលាភីលេខ១ នៃកម្មវិធី Freshie Girl & Boy ដែលជាដើមកំណើតនៃការកកើតអាជីពសិល្បៈ ក៏ដូចជា ស៊ីន យូប៊ីន ជាតារាសម្តែងម្នាក់គ្រប់គ្រាន់ហើយ។



ទោះបីជាយ៉ាងនេះក្តី តួឯកស្រីរឿង «ដឹកបេះដូងរកស្នេហ៍» ក៏ចាប់អារម្មណ៍ ហើយតាមដានវិស័យនេះផងដែរ។ នាងមើលឃើញថា រយៈពេលចុងក្រោយនេះ វិស័យ Beauty Pageant នៅកម្ពុជាមានសន្ទុះខ្លាំងក្លាមែនទែន ហើយនាងពិតជាសប្បាយចិត្ត ព្រោះបានបាត់បង់វិស័យនេះមួយរយៈធំ ហើយរឹតតែធ្វើឱ្យរំភើបជាងនេះ ពេលឃើញបេក្ខភាពយើងខ្លាំងៗពោរពេញសមត្ថភាព ភាពក្លាហាន សូម្បីតែអ្នកប្រឡូកថ្មីក៏សុទ្ធតែអ្នកខ្លាំងៗ។
ក្នុងនាមជារៀមច្បង និងអ្នកជាធ្លាប់ប្រកួតប្រជែង យូប៊ីន សង្ឃឹមថា បេក្ខភាពដែលចូលប្រកួតតទាំងអស់នឹងពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំង យល់ពីកតិកាប្រកួត និង game កំពុងលេងឱ្យបានច្បាស់លាស់ ដើម្បីកម្ពុជាអាចដណ្តើមយកមកុដពីវេទិកាអន្តរជាតិក្នុងឆ្នាំណាមួយ។ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពរូបនេះ ជឿជាក់យ៉ាងមុតមាំថា ឆ្នាំណាមួយកម្ពុជាពិតជាអាចដណ្តើមមកុដពីឆាកអន្តរជាតិ ក្នុងវេទិកាប្រកួតលំដាប់អន្តរជាតិធំៗ៕





















































Account
Security
Favourite Content