បន្ទាប់ពីចំណាយពេលជាង ១ ខែក្នុងការថត និងដឹកនាំខ្សែភាពយន្តខ្លីនៅក្នុងប្រទេសហ្វីលីពីន ពេលនេះ កញ្ញា រិទ្ធី លំអរពេជ្រ បានបញ្ចប់ការផលិតយ៉ាងជោគជ័យ និងមានការគាំទ្រខ្លាំងពីប្រជាជនហ្វីលីពីន។ តាមរយ:វីដេអូខ្លីបានបង្ហាញពីការគាំទ្ររបស់ហ្វីលីពីនមកលើផលិករកម្ពុជារូបនេះ ពេលដែលនាងបានចុះថតខ្សែភាពយន្តនៅ Dapitan ដែលជាទីក្រុងមួយនៅឧបទ្វីប Zamboanga របស់ ហ្វីលីពីន ត្រូវបានគេស្គាល់ថាជាទីសក្ការបូជាជាច្រើន និងជាមជ្ឈមណ្ឌលសម្រាប់ទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។
ផលិតករកម្ពុជា រិទ្ធី លំអរពេជ្រ បានលើកឡើងទាំងក្តីរំភើបថា «វាមិនមែនជាលើកទីមួយរបស់ខ្ញុំធ្វើការជាមួយបរទេសនោះទេ ប៉ុន្តែជាលើកទីមួយរបស់ខ្ញុំធ្វើការលើឆាកអន្តរជាតិ ដែលមានក្រុមការងារ និងតួសម្តែងសុទ្ធតែជាជនជាតិហ្វីលីពីនសុទ្ធតែម្តង»។

លំអរពេជ្រ និងផលិតករជនជាតិហ្វីលីពីន Arvin Belarmino បានចាប់ដៃសហការគ្នាផលិតខ្សែភាពយន្តខ្លី ចំណងជើងថា «Silig» និយាយពីជីវិតរបស់ស្រ្តីមួយរូប ដែលមានជំងឺមហារីក បានព្យាយាមប្រើពេលវេលាចុងក្រោយរបស់ខ្លួនធ្វើរឿងរ៉ាវជាច្រើនដែលខ្លួនមិនបានធ្វើកន្លងមកទៅកាន់មនុស្សសំខាន់របស់ខ្លួន។ សាច់រឿងនេះ ជាការសម្តែងដោយ Sylvia Sanchez និង Angel Aquino ដែលជាតារាសម្តែងស្រីដ៏ល្បីប្រចាំប្រទេសហ្វីលីពីន ដែលការសម្តែងរបស់គាត់ធ្លាប់បញ្ចាំងនៅក្នុងមហោស្រពអន្តរជាតិផងដែរ។
ខ្សែភាពយន្តផលិតដោយផលិតករជាស្រ្តីខ្មែររូបនេះ ត្រៀមចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិ CANNES នៅប្រទេសបារាំង ក្នុងរាត្រី Directors’ Fortnight (aka Quinzaine des Cineastes) នាថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ។ ក្រៅពីរឿងរបស់ លំអរពេជ្រ ក៏មានខ្សែភាពយន្តខ្លីចំនួន ៣ ផ្សេងទៀត ដែលផលិតដោយផលិតករវ័យក្មេង ៦ នាក់ផ្សេងទៀត ក៏ត្រូវចាក់បញ្ចាំងក្នុងរាត្រីនោះដែរ។




ផលិតករវ័យក្មេងពោរពេញដោយទេពកោសល្យ រិទ្ធី លំអរពេជ្រ បានបង្ហើបឱ្យដឹងថា បន្ទាប់ពីស្នាដៃនេះចាក់បញ្ចាំង នាងនឹងគ្រោងផលិតខ្សែភាពយន្តខ្នាតធំមួយនៅ ក្នុងប្រទេសកម្ពុជា ហើយតាមរយ:ការចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិ CANNES នេះ គឺជាឪកាសមួយ សម្រាប់នាងក្នុងការស្វែងរកដៃគូអន្តរជាតិ ដើម្បីសហការក្នុងការផលិត ក្នុងគោលបំណងពិសេសមួយ គឺផ្សព្វផ្សាយវប្បធម៌ប្រពៃណីរបស់ប្រទេសកម្ពុជា។
កញ្ញាបន្តថា វិស័យភាពយន្តបានដើរតួនាទីចាំបាច់បំផុត ដែលយើងត្រូវតែផ្សព្វទៅបណ្តាប្រទេសនៅខាងក្រៅជាលក្ខណៈអន្តរជាតិ ព្រោះខ្សែភាពយន្ត ជាភាសាអន្តរជាតិ និងជាសិល្បៈមួយទូលំទូលាយខ្លាំង សម្រាប់បង្ហាញពីកម្ពុជា និងផ្សារភ្ជាប់យកទៅកាន់ពិភពលោកបានស្គាល់។





សូមបញ្ជាក់ថា មហោស្រពភាពយន្តអន្តរជាតិ CANNES នៅប្រទេសបារាំង ជាមហោស្រពភាពយន្តប្រចាំឆ្នាំ ដែលបញ្ចាំងខ្សែភាពយន្តថ្មីៗគ្រប់ប្រភេទ និងភាពយន្តឯកសារពីជុំវិញពិភពលោក។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៦ ហើយជាមហោស្រពភាពយន្តធំមួយក្នុងចំណោមមហោស្រពភាពយន្តអឺរ៉ុបធំៗ ៣ ដូចជា ហោស្រពភាពយន្តទីក្រុង Venice ក្នុងប្រទេសអ៊ីតាលី និងមហោស្រពភាពយន្តអន្តរជាតិទីក្រុង Berlin ក្នុងប្រទេសអាល្លឺម៉ង់៕























Account
Security
Favourite Content