Shu Qi ជាតារាស្រីចិនជើងចាស់តៃវ៉ាន់ដែលមានភាពល្បីល្បាញម្នាក់ ដោយបានសាងស្នាដៃជាច្រើន និងបង្ហាញមុខក្នុងភាពយន្ដកុនមិនតិចជាង ៣០ រឿងឡើយ។ តែដោយសារមានជំងឺអាឡែកហ្ស៊ីកម្រិតធ្ងន់ធ្វើឲ្យនាងបង្ខំចិត្ដសម្រាកពីការងារសិល្បៈអស់មួយរយៈធំ។ បច្ចុប្បន្ន នាងបានវិលត្រឡប់ចូលសិល្បៈចិនវិញ គ្រាន់តែមិនទាន់ថតរឿង ឬទទួលការងារណាដែលត្រូវដើរហាលថ្ងៃចេញក្រៅយូរ។



ថ្មីៗ នេះ Shu Qi បានធ្វើឲ្យអ្នកគាំទ្ររបស់នាងជាច្រើនហាក់មានការព្រួយបារម្ភម្ដងទៀត ក្រោយរូបនាងបានបង្ហោះរូបភាព មានស្នាមរោលឡើងកន្ទួលក្រហមនៅលើដៃ ខណៈដៃរបស់នាងក៏ហើមធំខុសធម្មតា។ ការឡើងរោលកន្ទួលនេះ ដោយសារតែនាងពាក់អាវរឹបដៃ និងធ្វើឲ្យស្បែករបស់នាងស្រាប់តែប្រតិកម្មជាមួយក្រណាត់អាវ។ ជាសំណាងល្អ ការរោលកន្ទួលនេះគឺនៅបរិវេណដៃ មិនមែនផ្ទៃមុខ។ កន្លងមកតារាស្រីរូបនេះធ្លាប់ប្រតិកម្មខ្លាំងរហូតដល់ផ្ទៃមុខរបស់នាងឡើងសុទ្ធតែកន្ទួល និងហើមខុសធម្មតា។


បើតាមសម្ដីរបស់តារាស្រី Shu Qi ផ្ទាល់ ជំងឺអាឡែកហ្ស៊ីកម្រិតធ្ងន់ធ្លាប់បានធ្វើឱ្យផ្ទៃមុខរបស់នាងឧស្សាហ៍ឡើងក្រហមខុសធម្មតា និងហើមទៀតផង។ ហើយជំងឺនេះធ្វើឱ្យនាងពិបាកក្នុងការគេង និងឈឺចាប់ខ្លាំងលើផ្ទៃមុខ។ អ្វីដែលសំខាន់នាងត្រូវយកថ្នាំជាប់តាមខ្លួនជាប្រចាំដើម្បីទុកផឹក និងការពារក្រែងជំងឺរើឡើងដោយមិនបានព្រាងទុក។



គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០១៧ តារាស្រីរូបនេះ បានប្រកាសសម្រាកពីសិល្បៈ ដោយសារជំងឺរបស់នាងនៅតែធ្វើទុក្ខ ជាហេតុធ្វើឲ្យនាងមិនអាចសម្ដែងរឿង ឬថតនៅខាងក្រៅបានយូរឡើយ។ ប្រសិនបើនាងនៅតែជំនះថតរឿង ឬធ្វើការងារណា ស្ថានភាពរបស់នាងនឹងកាន់តែធ្ងន់ធ្ងរជាងនេះ ដូច្នេះនាងត្រូវតែសម្រាក និងរកវិធីព្យាបាលធ្វើយ៉ាងណាឲ្យជំងឺរបស់នាងមានភាពប្រសើរជាងមុន៕



























Account
Security
Favourite Content