បទចម្រៀងខេប៉ុបពិតជាមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន ដោយភាពល្បីល្បាញនេះរីកសុះសាយមិនត្រឹមតែក្នុងប្រទេស ជាក់ស្ដែងគឺជុំវិញពិភពលោក។ យ៉ាងណាមិញ វិស័យខេប៉ុបក៏មិនមែនមានតែរឿងស្រស់បំព្រងដែរ រឿងខ្មៅងងឹតមិនអាចបំភ្លេចបានជាច្រើនក៏មានមកជាមួយដូចគ្នា។ ខាងក្រោមនេះជារឿងអាស្រូវតារាខេប៉ុបល្បីៗ ដែលធ្វើឲ្យមហាជនពិបាកបំភ្លេច៖
១.The Burning Sun Scandal
អ្នកគាំទ្រខេប៉ុបជាច្រើនចាត់ទុកវាជារឿងអាស្រូវធំបំផុតមួយក្នុងប្រទេសកូរ៉េខាងត្បូង និងជាប់ពាក់ព័ន្ធតារាល្បីៗ ជាច្រើនរូប។ យោងតាមប្រភព seoulspace បានឲ្យដឹងថា កាលពីខែមករា ឆ្នាំ ២០១៩ សារព័ត៌មានកូរ៉េបានបង្ហាញវីដេអូ CCTV អំពីបុរសម្នាក់កំពុងវាយដំនៅក្លឹបមួយឈ្មោះ “Burning Sun”។ បុរសនោះបានរៀបរាប់ថា មានស្ត្រីម្នាក់មកប្រាប់លោក នាងត្រូវបានគេបំពានផ្លូវភេទ លោកបានព្យាយាមជួយរូបនាងជាលទ្ធផលត្រូវបានគេវាយតប់យ៉ាងចាស់ដៃ។ ក្លឹប “Burning Sun” ក៏បានក្លាយជាប្រធានបទល្បីត្រូវបានគេយកមកពិភាក្សា និងត្រូវប៉ូលីសចាប់ផ្ដើមបើកការស៊ើបអង្កេត។ តារាប្រុស Seungri ត្រូវបានគេប៉ាន់ប្រមាណថាមានភាគហ៊ុន ២០ ភាគរយក្នុងក្លឹបនោះ។
រហូតមកដល់ខែកុម្ភៈ ឆ្នាំ ២០១៩ សារក្នុង Kakao ត្រូវបានទម្លាយនឹងបង្ហាញឲ្យបានដឹងពីការប្រើប្រាស់សេវាកម្មខុសច្បាប់ក្នុងក្លឹប Burning Sun។ ដោយស្ដ្រីជាច្រើនរូបត្រូវបានគេដាក់ថ្នាំ និងជួញដូរផ្លូវភេទ ថែមទាំងថតវីដេអូទុកគម្រាមថែមទៀត។ តារាប្រុស Seungri បានចេញបដិសេធថា លោកមិនបានដឹងពីរឿងនេះឡើយ។ ក្រោយមកប៉ូលីសចាប់ផ្ដើមធ្វើការស៊ើបអង្កេតលើតារាប្រុស Seungri និងរកឃើញសារនិយាយឆ្លើយឆ្លងថា ឲ្យទទួលភ្ញៀវ VIP និងផ្ដល់សេវាឲ្យបានល្អ។ តែលោកបានបដិសេធ និងលើកឡើងថាខ្លួនមិនចាំ ដោយសាររឿងកើតឡើងយូរមកហើយ។ ក្រោយមកផលិតកម្ម YG ក៏បានចេញមុខលើកឡើងថា សារទាំងនោះគឺក្លែងក្លាយ។

ចូលមកដល់ខែវិច្ឆិកា ឆ្នាំ ២០១៩ តារាប្រុស Jung JoonYoung និង Choi Jong Hoon ត្រូវបានគេរកឃើញភស្ដុតាងថា បានរំលោភបំពានជាក្រុមលើនារី២ នាក់។ មិនតែប៉ុណ្ណោះ Jung JoonYoung ក៏បានថតវីដេអូអាសអាភាសទាំងអស់នោះទុក និងចែករំលែកទៅកាន់អ្នកដទៃថែមទៀត។ ក្នុងខែធ្នូ ឆ្នាំ ២០១៩ បុគ្គលិកម្នាក់ឈ្មោះ Cho ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធគារ ៤ ឆ្នាំ ពីបទរក្សាទុក និងជួញដូរគ្រឿងញៀនខុសច្បាប់។
មកដល់ខែមករា ឆ្នាំ ២០២០ ព្រះរាជអាជ្ញាបានចោទប្រកាន់ Seungri ពីបទរំលោភបំពានផ្លូវភេទ ល្បែងស៊ីសងខុសច្បាប់ និងច្បាប់ជួញដូររូបិយប័ណ្ណបរទេស។ Seungri ត្រូវបានគេចោទប្រកាន់ពីបទប្រើប្រាស់សេវាកម្មផ្លូវភេទខុសច្បាប់សម្រាប់ខ្លួនឯង និងអ្នកវិនិយោគអាជីវកម្មមកពីតៃវ៉ាន់ ជប៉ុន និងហុងកុង។
ក្នុងខែឧសភា ឆ្នាំ ២០២០ Jung Joon Young និង Choi Jong Hoon បានកាត់បន្ថយការកាត់ទោសដាក់ពន្ធនាគារយ៉ាងច្រើនសម្រាប់ការរំលោភជាក្រុម និងការថតវីដេអូអាសអាភាសដោយជនរងគ្រោះមិនបានដឹង ។ តុលាការកំពូលទីក្រុងសេអ៊ូលបានកាត់បន្ថយការកាត់ទោសរបស់ Jung Joon Young ពី ៦ ឆ្នាំមកត្រឹម ៥ និង Choi Jong Hoon ពី ៥ ទៅ ២ ឆ្នាំកន្លះ។
ក្នុងខែសីហា ឆ្នាំ ២០២១ តុលាការបានកាត់ទោស Seungri ឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំពីបទរៀបចំសេវាកម្មផ្លូវភេទ និងការប្រព្រឹត្ដខុសច្បាប់ផ្សេងៗទៀត។ ក្នុងខែ មករា ឆ្នាំ ២០២២ តុលាការកំពូលរបស់ប្រទេសកូរ៉េបានសម្រេចបន្ធូរបន្ថយទោសតារាប្រុសរូបនេះពី ៣ ឆ្នាំ មកត្រឹម ១ ឆ្នាំ កន្លះ ឬ ១៨ ខែ។ តារាប្រុស Seungri ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋដល់ទៅ ៩ ករណីក្នុងនោះមានដូចជា ការស្វែងរកនារីៗឱ្យបម្រើផ្លូវភេទខុសច្បាប់,លួចថតវីដេអូអាសអាភាស,កេងបន្លំ,ការគំរាម,ការលេងល្បែងខុសច្បាប់,ការរំលោភបំពាន,ចែកចាយវីដេអូអាសអាភាស និងផ្សេងៗទៀត។
២.ការប្រើប្រាស់គ្រឿងញៀនរបស់តារាប្រុស Park YooChun

Park YooChun ជាតារាចម្រៀង និងសម្ដែងប្រុសកូរ៉េខាងត្បូងដ៏ល្បីល្បាញម្នាក់ តែប៉ុន្មានឆ្នាំចុងក្រោយរូបលោកបានជាប់ពាក់ព័ន្ធរឿងអាស្រូវជាច្រើនដែលធ្វើឲ្យអាជីពសិល្បៈរបស់លោកស្ទើរខ្ទេចគ្មានសល់។ ក្នុងឆ្នាំ ២០១៦ តារាប្រុសរូបនេះត្រូវបានគេចោទប្រកាន់ពាក់ព័ន្ធករណីរំលោភសេពសន្ទវៈ។ ក្រោយមកលោកបានជាប់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ការបំពានលើអ្នកគាំទ្រ។
លោកបានជាប់ពន្ធនាគារអស់រយៈពេល ២ ឆ្នាំដោយសារការប្រើប្រាស់គ្រឿងញៀន។ មិនទាន់អស់នៅឡើយ លោកធ្លាប់ត្រូវបានអ្នកចាត់ការរបស់ខ្លួនចេញបកអាក្រាតថា លោកធ្លាប់សេពគប់មិត្ដស្រីច្រើនជាង ៥០ នាក់ អ្នកខ្លះជាស្ដ្រីរៀបការរួចថែមទៀត ហើយកាន់តែធ្ងន់ធ្ងរនោះ លោកក៏ត្រូវបានជាប់ក្នុងបញ្ជីខ្មៅ មិនអនុញ្ញាតឲ្យឡើងផ្សព្វផ្សាយ ឬបង្ហាញមុខលើកញ្ចក់ទូរទស្សន៍កូរ៉េទៀតឡើយ។ បច្ចុប្បន្ន Park YooChun កំពុងស្ថិតក្នុងការសង្ស័យលួចគេចពន្ធប្រមាណ ៤០៩ លានវ៉ុន ឬប្រហាក់ប្រហែល ៣៧ ម៉ឺនដុល្លារអាមេរិក។
៣. ការស្លាប់របស់មិត្ដស្រីតារាប្រុស Son HoYoung

ក្នុងឆ្នាំ ២០១៣ តារាប្រុស Son Ho-Young ត្រូវបានប៉ូលីសតំបន់ Gangnam កោះហៅទៅសួរចម្លើយ ក្រោយមិត្តស្រីរបស់លោកបានស្លាប់បាត់បង់ជីវិតក្នុងរថយន្ដរបស់លោក។ កំណត់ត្រារបស់ប៉ូលីសបង្ហាញថា ថ្នាំងងុយដេកមួយដបត្រូវបានគេរកឃើញនៅក្នុងរថយន្ត និងសង្ស័យថាជាករណីឈ្លោះគ្នា ព្រមទាំងសម្លាប់ខ្លួន។ តារាប្រុសរូបនេះត្រូវបានគេរិះគន់ពេញប្រទេស ក្រោយលោកត្រូវគេសង្ស័យជាដើមចមនៃការស្លាប់របស់មិត្ដស្រី។ ប៉ុន្មានថ្ងៃក្រោយមក តារាប្រុស Son Ho-Young បានព្យាយាមសម្លាប់ខ្លួនដោយប្រើវិធីដូចគ្នាទៅនឹងមិត្ដស្រីរបស់ខ្លួន តែជាសំណាងល្អលោកមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ។ បច្ចុប្បន្ន រូបលោកមិនសូវចេញមុខក្នុងរឿងភាគឡើយ និងឡើងតែកម្មវិធីកម្សាន្ដមួយចំនួនប៉ុណ្ណោះ។
៤. គ្រោះថ្នាក់ចរាចរណ៍របស់តារាប្រុស Daesung

កាលពីឆ្នាំ ២០១១ តារាប្រុស Daesung បានជួបគ្រោះថ្នាក់ចរាចរណ៍ និងបណ្ដាលឲ្យអ្នកជិះម៉ូតូម្នាក់ស្លាប់បាត់បង់ជីវិត។ ជាលទ្ធផល តារាប្រុសរូបនេះមិនបានជាប់ទោសអ្វីឡើយ ដោយសារតែគ្មានភស្ដុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់ថា ការស្លាប់របស់អ្នកបើកម៉ូតូគឺបណ្ដាលមកពីរថយន្ដរបស់តារាប្រុស Daesung បុកឡើយ។ តម្រុយធំមួយគឺ ក្នុងខ្លួនរបស់អ្នកស្លាប់មានជាតិអាកុល ០.១៨៦ ភាគរយ។
បើយោងតាមប្រភពព័ត៌មាន Soompi តារាប្រុសរូបនេះបានជិះរថយន្ដទៅបុកម៉ូតូដែលបានដួលលើផ្លូវ និងបន្ដបើកទៅបុក Taxi មួយថែមទៀត។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតគឺបានជួបគ្រោះថ្នាក់ចរាចរណ៍ដួលលើផ្លូវមុនទៅហើយ ទើប Daesung ជ្រុលទៅបុកបន្ដទៀត។ បើទោះជាមិនជាប់ទោសក្ដី ប៉ុន្ដែរឿងអាស្រូវមួយនេះនៅតែជាស្រមោលខ្មៅសម្រាប់ Daesung។
៥. ការ Bully ក្នុងក្រុមចម្រៀងនារី AOA

ឆ្នាំ ២០២០ អតីតសមាជិកក្រុមចម្រៀងនារីខេប៉ុប AOA គឺ Mina បានទម្លាយថាខ្លួនត្រូវសមាជិកក្នុងក្រុមធ្វើបាបអស់ជាច្រើនឆ្នាំ។ នាងបានលើកឡើងថា Jimin ជាមេក្រុមគឺជាមេក្លោងធំនៅពីក្រោយរឿងនេះ។ នាងទទួលរងការធ្វើបាបអស់រយៈពេល ១០ ឆ្នាំ។ នាងបានចាកចេញពីក្រុម ដោយសារមិនអាចទ្រាំទ្រតទៅទៀតបាន។ ការ bully ធ្វើឲ្យ Mina មានគំនិតចង់ធ្វើអត្តឃាត។ នៅពេលដែល Mina ទម្លាយពីរឿងនេះលើបណ្តាញសង្គម Jimin បានបង្ហោះសំបុត្រសុំទោសនៅលើ Instagram។ នាងបានបញ្ជាក់ថា នាងសោកស្ដាយចំពោះទង្វើរបស់នាង ហើយបានអង្វរ Mina ឲ្យអភ័យទោសដល់នាង។ រឿងនេះត្រូវបានគេចាត់ទុកជារឿងអាស្រូវខេប៉ុបធំបំផុតមួយក្នុងឆ្នាំ ២០២០។
៦.ក្រុមចម្រៀង T-ara

ក្រុមចម្រៀង T-ara ក៏ជាក្រុមចម្រៀងមួយដែលជាប់ពាក់ព័ន្ធរឿងអាស្រូវ bully យ៉ាងខ្លាំង។ កាលឆ្នាំ ២០១២ ក្រោយសមាជិក Hwayoung ចាកចេញពីក្រុម។ រូបនាងបានទម្លាយថា ខ្លួនត្រូវបានសមាជិកក្រុមធ្វើបាប ជាពិសេស Jiyeon និង Eunjung ជាសមាជិកដែលអាក្រក់បំផុត។
អ្នកធ្លាប់ហ្វឹកហាត់ជាមួយសមាជិក T-ara ក៏បានលើកឡើងថា ខ្លួនធ្លាប់ត្រូវសមាជិក T-ara ធ្វើបាបផងដែរ។ រឿងនេះធ្វើឲ្យក្រុមចម្រៀង T-ara ធ្លាក់ពីភាពល្បីល្បាញក្លាយជាក្រុមនារីដែលត្រូវមហាជនស្អប់ខ្លាំង។ តែក្រោយមកកន្លងផុតជាច្រើនឆ្នាំ ការពិតក៏បានលាតត្រដាង ដោយសមាជិក T-ara មិនដែលធ្វើបាបសមាជិក Hwayoung នោះទេ នាងបានកុហកបោកប្រាស់មហាជន លើសពីនោះ នាងជាសមាជិកដែលតែងបង្កបញ្ហាដល់ក្រុមទៅវិញ ដូចជាមិនគោរពវិន័យ អត្ដចរិតមិនល្អជាដើម៕




















































Account
Security
Favourite Content