ថ្មីៗ នេះ តារាសម្ដែងប្រុសកូរ៉េ Lee YiKyung កាន់តែទទួលបានចំណាប់អារម្មណ៍ខ្លាំងពីមហាជនក្រោយបង្ហាញវត្ដមានក្នុងរឿងភាគ “Marry My Husband”។ លោកសម្ដែងជាតួអង្គ Park MinHwan ដែលជាស្វាមីដ៏អាត្មានិយមម្នាក់ និងមានចិត្ដព្រៃផ្សៃ។ ភាពប៉ិនប្រសប់ក្នុងការសម្ដែងរបស់លោកធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនមានអារម្មណ៍ខឹងសម្បារចំពោះតួអង្គ Park MinHwan យ៉ាងខ្លាំង។


តែយ៉ាងណាក្ដីក្នុងជីវិតជាក់ស្ដែង តារាសម្ដែងប្រុស Lee YiKyung ជាតារាប្រុសម្នាក់ដែលតែងត្រូវមិត្ដរួមការងារសរសើរពីអត្ដចរិតល្អរបស់លោក។ ជាមួយគ្នាដែរ តារាប្រុស Jo Kwon សមាជិកក្រុមចម្រៀងបុរស 2AM បានលើកឡើងថា៖ តារាប្រុស Lee YiKyung ធ្លាប់បានជួយជីវិតរបស់លោក។ លោកបានលើកឡើងថាមានម្ដងនៅក្នុងឆ្នាំ ២០១៣ លោក និងអ្នកចាត់ការរបស់លោកបានសម្រាកក្នុងឡាន ដោយសារតែការងាររវល់ និងហត់នឿយពេកក៏បានលង់លក់ទៅ។



ស្រាប់តែពេលនោះ តារាប្រុស Lee YiKyung ក៏បានតេទូរសព្ទមកលោក ពេលនោះលោកពិតជាមិនចង់ភ្ញាក់ឡើយ ដោយសារតែហត់នឿយខ្លាំង។ តារាប្រុស Lee YiKyung នៅតែបន្ដទាក់ទងមកលោក។ នៅពេលដែលលោកភ្ញាក់ដោយសារសំឡេងទូរស័ព្ទនោះ លោកពិតជាស្លុតចិត្ដយ៉ាងខ្លាំង។ ហ្គាស នៅក្នុងឡានបានជ្រាបចេញមក ប្រសិនបើមិនបានតារាប្រុស Lee YiKyung ទេ លោក និងអ្នកចាត់ការរបស់លោកប្រហែលជាជួបគ្រោះអកុសលក្នុងឡានជាមិនខាន។
តារាប្រុស Lee YiKyung ផ្ទាល់ធ្លាប់លើកឡើងខ្លួនប្រហែលជាមនុស្សមានញាណពិសេសក៏មិនច្បាស់។ ធ្លាប់មានម្ដង លោកក៏បានជួយសង្គ្រោះមិត្ដភ័ក្ដិរបស់លោកម្នាក់ពីគ្រោះថ្នាក់។ លោកបានសុបិនឃើញមិត្ដរបស់លោកទៅដើរកម្សាន្ដនៅតំបន់មួយ ស្រាប់តែមានភ្លើងឆេះយ៉ាងខ្លាំង។ លោកក៏បានផ្ដល់ដំណឹងនេះទៅកាន់មិត្ដរបស់ខ្លួន និងហាមមិនឲ្យទៅកន្លែងនោះ ជាលទ្ធផលតំបន់នោះពិតជាមានភ្លើងឆេះពិតមែន។



ជាមួយគ្នាដែរ ក្នុងឆ្នាំ ២០២០ មានរបាយការណ៍ជាច្រើនរាយការណ៍ថា តារាប្រុស Lee YiKyung ក៏បានជួយសង្គ្រោះជីវិតមនុស្សម្នាក់លើដងផ្លូវផងដែរ។ កំឡុងពេលលោកធ្វើដំណើរនៅលើផ្លូវ ស្រាប់តែមានបុគ្គលម្នាក់ស្រវឹងជោគជាំព្យាយាមរត់ចូលឡាន មិនបង្អង់យូរលោកក៏បានឈប់រថយន្ដ និងចូលទៅឃាត់រហូតដល់មានក្រុមសង្គ្រោះមកដល់។ ផលិតកម្ម HB Entertainment ដែលជាទ្រនំរបស់តារាប្រុសវ័យ ៣៥ ឆ្នាំរូបនេះក៏បាន ចេញបញ្ជាក់រឿងនេះជាការពិត។ តារាប្រុស Lee YiKyung ពិតជាបានសង្គ្រោះជីវិតមនុស្សម្នាក់លើដងផ្លូវមែន។
គួរបញ្ជាក់ថា មិនមែនត្រឹមតែមានអត្ដចរិតល្អនោះទេ លោកក៏ជាកូនប្រុសអ្នកមានស្ដុកស្តម្ភម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។ ឪពុករបស់លោកគឺ Lee Ung Beom ជាអតីតនាយកប្រតិបត្ដិក្រុមហ៊ុន LG Innotek។ លោកបានជ្រើសរស់នៅយ៉ាងសាមញ្ញ និងដេញតាមក្ដីស្រមៃរបស់ខ្លួនធ្វើជាតារាសម្ដែងមិនពឹងផ្អែកលើទ្រព្យសម្បត្ដិគ្រួសារឡើយ ៕























Account
Security
Favourite Content