តាមការប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការរបស់ តារាសម្តែងឆ្នើម ស៊ីន យូប៊ីន និង ខាត់ វ៉ៃហាំង បានឱ្យដឹង អ្នកទាំងពីរទទួលបានកាអញ្ជើញទៅកាន់ប្រទេសចិនសាជាថ្មីម្តងទៀត ដើម្បីចូលរួមកម្មវិធីសប្តាហ៍ផ្លាស់ប្តូរវប្បធម៍ និងភាពយន្តកម្ពុជា-ចិន ឆ្នាំ ២០២៣ “2023 China (Xiamen)- Cambodia Film Week” ដែលនឹងរៀបចំឡើង នៅសៀកមិន ខេត្តហ្វុចូវ នាឱកាសខួបទី ៦៥ នៃចំណងមិត្តភាពកម្ពុជា-ចិន។


ក្នុងនោះតារាសម្តែង ស៊ីន យូប៊ីន ក៏បានបញ្ជាក់ផងដែរថា នឹងមានការចាក់បញ្ចាំងខ្សែភាពយន្តរបស់នាង គឺរឿង «តម្លៃស្នេហ៍» ដែលធ្លាប់បានទទួលបានពានរង្វាន់ភាពយន្តឆ្នើម និងពានរង្វាន់តារាសម្តែងស្រីឆ្នើម កាលពីឆ្នាំ ២០១៧ នៅទីនោះផងដែរ។
តារាស្រីរាងតូចច្រឡឹងរូបនេះបង្ហើបទៀតថា នាង និង វ៉ៃហាំង ក៏នឹងឡើងបកស្រាយបទចម្រៀងក្នុងកម្មវិធីដ៏ធំនេះផងដែរ ហើយកុំភ្លេចរង់ចាំអ៊ុតមើលឈុតរបស់នាងផង ព្រោះថាលើកនេះ យូប៊ីន បានច្នៃសម្រិតសម្រាំងឈុតយ៉ាងពិសេស ដែលបង្ហាញពីសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរតាមរយៈសម្លៀកបំពាក់ទៅបង្ហាញឱ្យពិភពលោកស្គាល់ពីជាតិសាសន៍កម្ពុជាកាន់តែច្បាស់ឡើង។
សូមជម្រាបផងដែរថា កម្មវិធីសប្តាហ៍ផ្លាស់ប្តូរវប្បធម៍ និងភាពយន្តកម្ពុជា-ចិន ឆ្នាំ ២០២៣ នឹងរៀបចំឡើង នៅសៀកមិន ខេត្តហ្វុចូវ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ៕
























Account
Security
Favourite Content