តារាចម្រៀង និងសម្ដែងស្រីជើងចាស់របស់ប្រទេសកូរ៉េខាងត្បូង Eugene និងសមាជិកក្រុមចម្រៀងនារី BLACKPINK គឺ Jisoo តែងត្រូវមហាជនជាច្រើនលើកឡើងថា អ្នកទាំងពីរមានសម្រស់ស្រស់ស្អាតខ្លាំង និងមើលទៅដូចបងប្អូនភ្លោះ។ ជាពិសេស បើមិនប្រាប់មនុស្សជាច្រើនអាចនឹងជឿថាអ្នកទាំងពីរមានជាប់សាច់ឈាមនឹងគ្នាថែមទៀត។

នៅល្ងាចថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៣ តារាសម្ដែងស្រី Eugene ក៏បាន live និយាយលេងជាមួយអ្នកគាំទ្ររបស់ខ្លួន នាឱកាសនោះរូបនាងក៏បានរំឭកដល់សមាជិកក្រុមចម្រៀងនារី BLACKPINK គឺ Jisoo។ នាងបាននិយាយពីរូបរាងស្រដៀងគ្នារបស់នាង និង Jisoo ទាំងស្នាមញញឹម និងរីករាយជាខ្លាំង។
នាងបានលើកឡើងថា៖ មនុស្សជាច្រើនតែប្រាប់ថា នាង និង Jisoo គឺមានរូបរាងស្រដៀងគ្នាខ្លាំងរហូតដល់អ្នកខ្លះច្រឡំថាអ្នកទាំងពីរជាបងប្អូនភ្លោះទៀតផង។ តើរូបនាងពិតជាមានមុខមាត់ដូច Jisoo មែនឬ? ជាពិសេស មនុស្សជាច្រើននិយាយថា ពួកយើងថែមទាំងមានទម្រង់បបូរមាត់ស្រដៀងគ្នាទៀត។ អរគុណ អ្នកទាំងអស់គ្នា ហើយ Jisoo ពិតជាមានសម្រស់ស្រស់ស្អាតខ្លាំង។

មែនទែនទៅ កំឡុងពេល Jisoo ត្រូវបានប្រកាសថាជាសមាជិកផ្លូវការរបស់ក្រុមចម្រៀងនារី BLACKPINK រូបនាងបានក្លាយជាប្រធានបទត្រូវបានគេលើកយកមកពិភាក្សា ដោយសារតែរូបរាងរបស់នាងធ្វើឲ្យមនុស្សជាច្រើននឹកឃើញដល់សម្ដែងស្រីជើងចាស់ Eugene។ ក្រោយមកអ្វីដែលធ្វើឲ្យមហាជនកាន់តែភ្ញាក់ផ្អើលនោះគឺរូបរាងរបស់កូនស្រី Eugene ក៏មើលទៅស្រដៀងនឹងរូបរបស់ Jisoo កាលពីនាងនៅវ័យក្មេងដូចគ្នា។ រឿងនេះធ្វើឲ្យគ្រប់គ្នានៅតែមិនចង់ជឿថា អ្នកទាំងពីរមិនជាប់សាច់ឈាមគ្នាជាបងប្អូន។

គួរបញ្ជាក់ថា Eugene ជាតារាចម្រៀង និងតារាស្រីកូរ៉េដល់លេចធ្លោម្នាក់ នាងជាសមាជិកក្រុមចម្រៀងខេប៉ុបស្រីជំនាន់ទី ១ គឺ SES ក្រោយមករូបនាងក៏ផ្ដោតមកលើការសម្ដែង និងបង្ហាញខ្លួនក្នុងរឿងភាគជាច្រើន។ នាងត្រូវបានគេចាត់ទុកថាជាតារាស្រីមានសម្រស់ស្រស់ស្អាតខ្លាំង និងមានថ្វីដៃសម្ដែងដ៏ឆ្នើមម្នាក់៕



























Account
Security
Favourite Content