ថ្មីៗនេះតារាសម្ដែងប្រុសជួរមុខហុងកុងបានបញ្ចប់ការថតរឿង Modern Dynasty 2 ដោយជោគជ័យព្រមទាំងមានភរិយាជាទីស្រឡាញ់ Carina មកចាំជួយលើកទឹកចិត្តផងដែរ។ មិនតែប៉ុណ្ណោះ លោកក៏បានជូនភរិយាទៅមើលការប្រគំតន្រ្តីរបស់ Jolin Choi ដែលជាអាយដលរបស់នាងទៀតផង។

ក្រោយការប្រគំតន្រ្តី Carina បានបង្ហោះនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមដោយបង្ហាញពីភាពរីករាយ ជាពិសេសអរគុណដល់ស្វាមីជាទីស្រឡាញ់ដែលបានបំពេញបំណងរបស់ខ្លួន។ លើសពីនេះ អ្នកគាំទ្រដែលធ្លាប់បានឃើញក្រុមគ្រួសារតូចនេះនៅខាងក្រៅក៏លាន់សរសើរ Raymond Lam ដែរថាលោកពិតជាស្រឡាញ់ប្រពន្ធកូនមែនទែន។

ជាក់ស្ដែងធ្លាប់មានអ្នកលេងអ៊ីនធឺណេតម្នាក់ប្រទះឃើញពួកគេនៅព្រលានយន្តហោះ Chengdu ដោយ Carina ហាក់ដូចជាកំពុងង៉ក់ងរ ហើយតារាប្រុសរូបនេះក៏បានអោបលួងលោមនាងប្រៀបដូចជាឪពុកកំពុងលួងលោមកូនស្រី។ មិនត្រឹមប៉ុណ្ណេះ លោកថែមទាំងជួយកាន់អីវ៉ាន់ទាំងអស់ ហើយឱ្យភរិយាកាន់តែកាបូបរបស់នាងប៉ុណ្ណោះដែលនេះត្រូវបានអ្នកគាំទ្រសរសើរលោកជាមនុស្សម្នាក់មានភាពកក់ក្ដៅមែនទែន។

នៅពាក់កណ្ដាលខែសីហាកន្លងទៅនេះ ក្នុងពេលលោកកំពុងសម្រាកពីការថតរឿង Raymond បាននាំភរិយា និងកូនស្រីទៅលេងនូវសួនសត្វនៅប្រទេសម៉ាឡេស៊ីដោយលោកជាអ្នកកាន់ដៃកូនស្រី និងជួយយួរកាបូបឱ្យប្រពន្ធជាទីស្រឡាញ់។
តាំងពីបានក្លាយជាឪពុករបស់គេមក Raymond Lam មិនសូវមានពេលវេលាគ្រប់គ្រាន់ដើម្បីថែរក្សាខ្លួនដូចមុននោះទេដោយគេឃើញថាលោកចាប់ផ្ដើមជ្រុះសក់។ ប៉ុន្តែនៅក្នុងបទសម្ភាសមួយ លោកបានចែករំលែកថាអាពាហ៍ពិពាហ៍មួយនេះបានធ្វើឱ្យជីវិតរបស់លោកកាន់តែមានភាពនឹងនរ។ នៅពេលលោកត្រលប់មកផ្ទះវិញ លោកមានអារម្មណ៍អ្វីៗគ្រប់យ៉ាងមានតម្លៃខ្លាំងណាស់ ជាពិសេសគ្រួសារតូវមួយនេះគឺជាកម្លាំងចិត្តដ៏ខ្លាំងក្លាដែលជំរុញឱ្យលោកខិតខំប្រឹងប្រែងមកដល់បច្ចុប្បន្ន។



គួរបញ្ជាក់ថា តារាសម្ដែងប្រុស Raymond Lam បានចូលរោងមង្គលជាមួយភរិយា Carina Zhang ក្នងឆ្នាំ ២០១៩ ហើយក៏ទទួលបានកូនស្រីម្នាក់ជាគ្រាប់ពេជ្ររបស់អ្នកទាំងពីរផងដែរ។ ក្រៅពីការងារហើយ តារាសម្ដែងប្រុសរូបនេះបានចំណាយពេលវេលារបស់ខ្លួនទាំងអស់ជាមួយគ្រួសារ ហើយនៅដើមឆ្នាំនេះ លោក និងភរិយាថែមទាំងបានជូនកូនស្រីចូលរៀនថ្ងៃដំបូងជាមួយគ្នាដោយនៅពេលចេញពីរៀនអ្នកទាំងបីទៅដើរលេងនៅផ្សារទំនើបយ៉ាងមានសុភមង្គល ៕

























































Account
Security
Favourite Content