កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៣ នេះផលិតកម្ម EDAM បានចេញសេចក្ដីថ្លែងការណ៍មួយដើម្បីជូនដំណឹងដល់អ្នកគាំទ្រ និងសាធារណជនឱ្យបានដឹងថាថ្មីៗនេះពួកគេបានទទួលសារគំរាមកំហែងទៅលើតារាចម្រៀង IU យ៉ាងច្រើនគួរឱ្យបារម្ភ។ ដូច្នេះខាងផលិតកម្មបានសហការជាមួយសមត្ថកិច្ចដើម្បីស៊ើបអង្កេតទៅលើករណីនេះជាបន្ទាន់នៅអគារ EDAM Entertainment អគារ Kakao Entertainment និងផ្ទះរបស់តារាចម្រៀងរូបនេះ។

EDAM Entertainment ក៏បានបន្តដោយសារពេលនេះ IU កំពុងមានកាលវិភាគថត ដូច្នេះខាងផលិតកម្មបានបន្ថែមកងកម្លាំងអង្គរក្សដើម្បីសុវត្ថិភាពនាងរហូតខាងសមត្ថកិច្ចបញ្ចប់រឿងក្ដី និងបញ្ជាក់ថាស្ថានភាពល្អប្រសើរហើយមានសុវត្ថិភាពយ៉ាងពិតប្រាកដ។
ជាមួយគ្នានេះផលិតកម្មក៏បានសម្ដែងការព្រួយបារម្ភថាអាចនឹងឧបទ្ទវហេតុណាមួយកើតឡើងក្នុងចំណោមអ្នកគាំទ្រ ទើប EDAM Entertainment ត្រូវពិចារណាឱ្យបានម៉ត់ចត់ថាគួរចេញសេចក្ដីថ្លែងការណ៍មួយនេះ ឬមិនគួរ។ ក្រោយមកផលិតកម្មបានសម្រេចចិត្តចេញប្រកាសជាសាធារណៈដោយចាត់ទុកថានេះជាសារព្រមានយ៉ាងតឹងរ៉ឹងទៅកាន់អ្នកមានបំណងអាក្រក់ និងដើម្បីបង្កើនការការពារសុវត្ថិភាពរបស់សិល្បករផងដែរ។

លើសពីនេះ ខាងផលិតកម្មនឹងជូនដំណឹងទៅសាធារណជន និងអ្នកគាំទ្រអំពីស្ថានភាពផ្លូវច្បាប់ផ្សេងៗរបស់ខ្លួនដែលប្រឆាំងនឹងអ្នកលេងអ៊ីនធឺណេតមានគំនិតអាក្រក់នៅលើបណ្ដាញសង្គម។ ជាចុងក្រោយ EDAM Entertainment ជឿជាក់ថាបុគ្គល និងក្រុមអ្នករួមគំនិតប្រឆាំងនឹងសិល្បករត្រូវតែប្រឈមចំពោះមុខច្បាប់ព្រហ្មទណ្ឌ និងរដ្ឋប្បវេណីយ៉ាងពិតប្រាកដ ៕


























Account
Security
Favourite Content