ការចែចង់គឺជាចំណែកមួយដែលអាចជួយជំរុញឱ្យអារម្មណ៍ស្នេហារវាងមនុស្សពីរនាក់កាន់តែមានភាពស្និទ្ធស្នាល និងកាន់តែចុះសម្រុងជាមួយគ្នាផងដែរ។ ប៉ុន្តែមិនមែនគ្រប់វិធីញ៉ែសុទ្ធតែមានប្រសិទ្ធភាពទាំងអស់នោះទេ។ ដូច្នេះថ្ងៃនេះ AMS សូមចែករំលែកនូវក្បាច់ញ៉ែទាំង ៥ ដែលអាចប្រើបានគ្រប់ស្ថានការណ៍៖
១. ប្រើភាសាកាយវិការ

ការចែចង់ដោយប្រើភាសាកាយវិការក៏អាចត្រូវបានរាប់ចូលជាវិធីមានប្រសិទ្ធភាពមួយក្នុងការបង្ហាញអារម្មណ៍ទៅកាន់មនុស្សដែលយើងលួចមានចិត្តលើម្ខាងទៀតដែរ។ យើងអាចនិយាយបានថាវាគឺជាវិធីនៃការបញ្ជូនអារម្មណ៍តាមរយៈកាយវិការមួយចំនួនដូចជាក្រសែភ្នែក ស្នាមញញឹម ឬការប៉ះដៃបន្តិចបន្តួចជាដើម។ លើសពីនេះ ក៏មានកាយវិការមួយចំនួនផ្សេងទៀតដូចជាជួយកាន់អីវ៉ាន់ ឬជួយទាញកៅអីជាដើមទៀតដែរ។
២. ចេះសួរនាំ
ការសួរនាំសុខទុក្ខថានៅទីណា ញ៉ាំអីហើយ ឬនៅ ឬកំពុងពិបាកចិត្តរឿងអ្វីគឺជាវិធីមួយដែលយើងបង្ហាញការយកព្រួយបារម្ភ និងចង់ដឹងស្ថានភាពរបស់ភាគីម្ខាងទៀត។ ទង្វើបែបនេះអាចជាចំណែកមួយដែលអាចធ្វើឱ្យមនុស្សដែលយើងលួចស្រឡាញ់នោះមានអារម្មណ៍កាន់តែស្និទ្ធស្នាល ចាប់ផ្ដើមកក់ក្ដៅ និងគិតថាយើងគឺជាមនុស្សដែលនៅជាមួយគេបានគ្រប់ពេលផងដែរ។
៣. ចេះសរសើរ

ការសរសើរគឺជាពាក្យលើកទឹកចិត្តមួយប្រភេទដែលធ្វើឱ្យមនុស្សមានអារម្មណ៍ល្អ និងស្រស់ស្រាយ។ លើសពីនេះ វាក៏ជាគន្លឹះមួយដែលយើងអាចសន្សំពិន្ទុល្អៗនៅក្នុងចិត្តភាគីម្ខាងទៀតដោយសារវាហាក់បីដូចជាការបង្ហាញថាយើងកំពុងចាប់អារម្មណ៍ទៅលើចំណុចតូចៗរបស់ពួកគេ។
៤. បោះដៃផ្ដល់ជំនួយ
ការចែចង់នរណាម្នាក់មិនមែនគ្រាន់តែពោលពាក្យផ្អែមល្ហែម និងសរសើរសុទ្ធតែធ្វើឱ្យគេមានអារម្មណ៍ល្អធ្លាក់ក្នុងអន្លង់ស្នេហ៍របស់យើងនោះទេ។ ក្នុងនោះការបោះដៃផ្ដល់ជំនួយ ឬផ្ដល់យោបល់ជាដំណោះស្រាយតាមអាចធ្វើបាននៅពេលពួកគេមានបញ្ហាក៏ជាឱកាសមួយដ៏ល្អដែលអាចចាប់យកចំណាប់អារម្មណ៍គេបានមួយចំណែកដែរ។ លើសពីនេះ នេះគឺជាទង្វើមួយដែលបង្ហាញពីការយកចិត្តទុកដាក់ និងធ្វើឱ្យគេមានជំនឿចិត្តលើយើងបានបន្តិចដែរ។
៥. ចេះលេងញ៉េះញ៉ោះ
ការលេងសើចជាមួយគ្នា ឬញ៉េះញ៉ោះឱ្យខឹង ប្រកែកគ្នាហើយសឹមតាមលួងមកវិញជាវិធីសាស្រ្តដែលអាចទាក់ទាញឱ្យភាគីម្ខាងទៀតឱ្យកាន់តែងាយមានភាពស្និទ្ធស្នាលជាងមុន។ ម្យ៉ាងវិញទៀត វាអាចធ្វើឱ្យយើងបានឃើញនូវភាពគួរឱ្យស្រឡាញ់ ស្នាមញញឹម និងទឹកមុខក្រមិចក្រមើមរបស់ពួកគេទៀតផង៕

























Account
Security
Favourite Content