បើរំឭកទៅដល់ឆ្នាំ ២០២២ កន្លងទៅនេះប្រិយមិត្តភាគច្រើនបានដឹងរួចមកហើយថាសមាជិកក្រុមតារាចម្រៀងបុរស OMEGA X ត្រូវបាននាយកប្រតិបត្តិរបស់ពួកគេជេរប្រមាថ និងធ្វើបាបនៅទីសាធារណៈ។ ជុំវិញនេះក៏មានករណីជាច្រើនដែលតារាខេប៉ុបទទួលរងការធ្វើបាបពីក្រុមហ៊ុនរបស់ខ្លួន។ ជាក់ស្ដែដដូចជាតារាខេប៉ុបស្រី ៣ រូបនេះដែលត្រូវបានបុគ្គលិកក្រុមហ៊ុនស្ដីឱ្យកំឡុងពេល live និយាយជាមួយអ្នកគាំទ្រ៖
១. Aisha ក្រុម EVERGLOW

កាលពីឆ្នាំ ២០២១ នៅក្នុង Live ជាសំឡេងរបស់ក្រុមចម្រៀងនារី EVERGLOW អ្នកគាំទ្ររបស់ពួកនាងបានឮបុរសម្នាក់ស្រែកស្ដីឱ្យសមាជិកម្នាក់យ៉ាងខ្លាំងរហូតដល់ថ្នាក់ធ្វើឱ្យសមាជិកផ្សេងទៀតភ្ញាក់ផ្អើលតាមដែរ។ អ្នកគាំទ្របាននាំគ្នាកាត់យកឃ្លីបវីដេអូនោះត្រឹមសំឡេងស្រែកនោះមកវិភាគលើបណ្ដាញសង្គម Twitter ហើយពួកគេគិតថាសមាជិកដែលត្រូវបានគេស្រែកឱ្យនោះគឺ Aisha។


បន្ទាប់ពីមានការភ្ញាក់ផ្អើលខ្លាំងពេក ឃ្លីបវីដេអូនោះក៏ត្រូវបានលុបចេញភ្លាមៗដោយភ្នាក់ងាររបស់ពួកគេ YUE HUA Entertainment ដោយមិនមានការជូនដំណឹងអ្វីសោះ។ កាលនោះរឿងមួយនេះបានធ្វើឱ្យអ្នកគាំទ្របារម្ភយ៉ាងខ្លាំង ហើយក៏ទាមទារឱ្យក្រុមហ៊ុនចេញមកពន្យល់រឿងហេតុទៀតផង តែទោះបីយ៉ាងណាក៏មិនមានសេចក្ដីថ្លែងការណ៍អ្វីចេញមកនោះទេ។
២. Park Bom អតីតក្រុម (2NE1)



អំឡុងពេលបុណ្យណូអែលក្នុងឆ្នាំ ២០២០ តារាចម្រៀងស្រី Park Bom អតីតក្រុម (2NE1) ត្រូវបានអ្នកគ្រប់គ្រងរបស់នាងចូលមកស្ដីឱ្យ។ រឿងមួយនេះបានកើតឡើងនៅពេលដែលនាងកំពុង live តាមបណ្ដាញសង្គម Instagram ដោយស្ដាប់ចម្រៀង និងនិយាយលេងជាមួយអ្នកគាំទ្រសុខៗ ក៏ត្រូវបានអ្នកគ្រប់គ្រងរបស់ស្ទុះចូលមកក្នុងបន្ទប់នាងស្ដីឱ្យនៅចំពោះមុខអ្នកគាំទ្ររាប់ម៉ឺនអ្នក ព្រមទាំងប្រាប់ឱ្យបញ្ឈប់ការ Live ភ្លាមៗផងដែរ។ ពេលនោះគេបានឃើញទឹកមុខរបស់អ្នកគ្រប់គ្រងនោះគឺមានការខឹងយ៉ាងខ្លាំង។


បន្ទាប់ពីអ្នកគ្រប់គ្រងម្នាក់នោះចេញទៅបាត់ Park Bom ចាប់ផ្ដើមមានទឹកមុខស្រពោន និងនិយាយតិចៗថា “ហេតុអ្វីបានជាបន្ទោសនាង?” បន្ទាប់មកក៏បិទការLive ដោយមិនបានលាអ្នកគាំទ្រឡើយ។ ក្រោយពីមានហេតុការណ៍បែបនេះក្រុមអ្នកគាំទ្ររបស់នាងដែលមានឈ្មោះ BOMSHELL បានចូលទៅក្នុង Twitter ដើម្បីដាក់ hashtag “#RespectParkBom” ដើម្បីទទួលបានការចាប់អារម្មណ៍ពីភ្នាក់ងាររបស់នាង។ ប៉ុន្តែមិនខុសពី Aisha ក្រុម EVERGLOW នោះទេគឺមិនមានសេចក្ដីថ្លែងការណ៍ផ្លូវការណាមួយចេញផ្សាយដោយផលិតកម្ម D-NATION ឡើយ។
៣. Sika ក្រុម FANATICS

នៅខែកញ្ញា ឆ្នាំ២០២០ អំឡុងពេលផ្សាយផ្ទាល់ដោយសមាជិករួមក្រុមបួននាក់របស់អតីតក្រុមតារាចម្រៀងស្រី FANATICS ដែលមាន Chaelin, Rayeon, Via និង Doi កំពុងអង្គុយលើសាឡុងជជែកគ្នាលេងជាមួយអ្នកគាំទ្រ។ នៅពេលនោះគឺ Doi កំពុងធ្វើការចាប់ឆ្នោតពិសេស ដើម្បីស្វែងរកអ្នកគាំទ្ររូបណាជាអ្នកឈ្នះ។

ដោយសារសមាជិកម្នាក់ៗស្លៀកសំពត់ខ្លីខ្លាំងពេក ឬបង្ហាញសាច់ខ្លាំងពេកទើប Sika បានទៅយកអាវមួយមកគ្របលើជើងរបស់សមាជិក។ ប៉ុន្តែប៉ុន្មាននាទីក្រោយមកក៏ឮសំឡេងប៉ះទង្គិចអ្វីដែលស្ដាប់យូរទៅហាក់ដូចជាសំឡេងមនុស្សត្រូវបានគេទះ ហើយឮដល់ទៅពីរដងឯណោះ។ នៅក្នុងនោះមនុស្សប្រុសម្នាក់នោះត្រូវបានគេសន្មតថាជាបុគ្គលិកហើយបាននិយាយថា “តើអ្នកកំពុងធ្វើអ្វី? បិទបាំងជើងពួកគេមែនទេ? យើងកំពុងព្យាយាមបង្ហាញពួកគេ ហេតុអ្វីបានជាបិតបាំងវា? តើអ្នកល្ងង់មែនទេ?”


ប៉ុន្តែវាហាក់ដូចជាសំណាងបន្តិចដែលភ្នាក់ងារបស់ពួកនាង FENT Entertainment បានចេញសារសុំទោសដល់ក្រុម FANATICS និងអ្នកគាំទ្រ ហើយពួកគេក៏ទទួលស្គាល់ដែរថាទង្វើបែបនេះគឺពិតជាមិនត្រឹមត្រូវពិតមែន៕





















































Account
Security
Favourite Content