ក្រុមហ៊ុនកម្សាន្តខ្នាតយក្ស HYBE ដែលជាទ្រនំរបស់កំពូលក្រុមខេប៉ុប BTS និង Seventeen បានពង្រីកអាណាចក្រតន្ត្រីរបស់ខ្លួនដោយទិញយកក្រុមហ៊ុន Belift Lab ដែលគ្រប់គ្រងក្រុមចម្រៀងល្បី Enhyphen ផ្ដាច់មុខបានសម្រេច។

ផលិតកម្ម HYBE បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួននឹងទិញយកភាគហ៊ុន ៥១,៥ ភាគរយរបស់ផលិតកម្ម Belift Lab ពីក្រុមហ៊ុន CJ ENM ក្នុងតម្លៃ ១៥០ ពាន់លានវ៉ុន (១១៣,៨ លានដុល្លារ) ។
តាមនោះដែរ HYBE បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃព្រហស្បតិ៍ដើម្បីទិញភាគហ៊ុនចំនួន ៧៤២ ២០០ហ៊ុនរបស់ផលិតកម្ម Belift Lab ពី CJ ENM ដែលជាក្រុមហ៊ុនកម្សាន្តដំណើរការប៉ុស្តិ៍ទូរទស្សន៍ខ្សែកាប Mnet ។ កិច្ចព្រមព្រៀងនេះគ្រោងនឹងបិទបញ្ចប់នៅថ្ងៃទី ១ ខែកញ្ញា ហើយបន្ទាប់ពីនោះ Belift Lab នឹងក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ HYBE ផ្ដាច់មុខ។
គួររំឭកថា Belift Lab ត្រូវបានបង្កើតឡើងក្រោមការសហការរបស់ CJ ENM និង HYBE ក្នុងខែកញ្ញា ឆ្នាំ ២០១៨ ដើម្បីបណ្ដុះបណ្ដាល និងគ្រប់គ្រងក្រុមចម្រៀងប្រុសពីកម្មវិធីរបស់ Mnet “I-LAND”។

ជាលទ្ធផល ពួកគេបានបង្កើតក្រុម Enhypen ដែលបានចេញបទចម្រៀងដំបូងក្នុងខែវិច្ឆិកា ឆ្នាំ ២០២០។ Enhypen អាចលក់អាល់ប៊ុមចុងក្រោយរបស់ខ្លួន “Dark Blood” បានចំនួន ១,៣ លានបន្ទះក្នុងអំឡុងសប្តាហ៍ដំបូង កាលពីខែឧសភាឆ្នាំមុន ខណៈអាល់ប៊ុមមុន “Manifesto : Day 1” អាចលក់បាន ១,២ លានបន្ទះក្នុងសប្តាហ៍ដំបូងដូចគ្នា។
បច្ចុប្បន្ន Enhypen កំពុងចេញប្រគំតន្ត្រីទេសចរណ៍ពិភពលោក “Fate” ហើយគ្រោងនឹងរៀបចំការប្រគំតន្ត្រីចំនួនពីរនៅទីក្រុង Osaka នៅថ្ងៃទី២ និងទី៣ ខែកញ្ញា និងនៅទីក្រុងតូក្យូនៅថ្ងៃទី ១៣ និង ១៤ ខែកញ្ញា។
កំឡុងពេលនេះដែរ HYBE Labels និង BeLift Lab កំពុងគ្រោងបង្កើតក្រុមចម្រៀងស្រីមួយទៀត តាមរយៈកម្មវិធីប្រកួតប្រជែង “R U Next?” ដែលបច្ចុប្បន្នកំពុងចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រនៅលើកញ្ចក់ទូរទស្សន៍ JTBC ៕






















































Account
Security
Favourite Content