តារាម៉ូដែលសម្បុរស្រអែមស្រស់ ឌី ឧស្សាហ៍ ទើបក្តោបឱកាសដើរបង្ហាញម៉ូដលើឆាកអន្តរជាតិជាលើកដំបូង ជាមួយតារាម៉ូដែលប្រុសស្រី និង ម៉ូដែលកុមារ នៅវៀតណាម បន្ទាប់ពីកញ្ញាសាងស្នាដៃជាច្រើនតាមរយៈការដើរបង្ហាញម៉ូដ ឱ្យអ្នកច្នៃម៉ូដក្នុងស្រុកជាបន្តបន្ទាប់។ សម្រាប់ឱកាសដើរបង្ហាញម៉ូដលើឆាកអន្តរជាតិលើកដំបូងនេះ ឧស្សាហ៍ ទទួលបានពីគ្រូបង្រៀនដើរ Catwalk អូលីវ៉ា គង់ កម្មវីធីនោះឈ្មោះថា Vietnam International Junior Fashion Week នៅសារមន្ទីរក្រុងហាណូយ នៅថ្ងៃទី៥-៦ ខែសីហា ឆ្នាំ២០២៣នេះ។


តារាម៉ូដែលរាងខ្ពស់ស្រឡះនេះថា នាងពិតជាសប្បាយចិត្ត និងរំភើបខ្លាំងមែនទែន ព្រោះនេះជាលើកទី១សម្រាប់នាង ក៏ដូចជាប្អូនៗម៉ូដែលតូចៗ ដែលបានហាត់រៀនជាមួយ គ្រូ អូលីវ៉ា ក្នុងការមានឱកាសបានចេញទៅដើរម៉ូដទៅលើឆាកអន្តរជាតិ ប្រទេសវៀតណាម។ កន្លងមកនាងធ្លាប់បានចូលរួមដើរបង្ហាញម៉ូដក្នុងកម្មវិធីក្នុងស្រុកច្រើនមកហើយ តែនេះជាលើកទី១ ដែលត្រៀមដើរនៅក្រៅប្រទេសបែបនេះ។


តារាបង្ហាញម៉ូដជំនាន់ក្រោយ ឌី ឧស្សាហ៍ ពិតជាមានមោទនភាពខ្លាំងណាស់ ដែលនាងក្នុងនាមជាកូនខ្មែរម្នាក់ មានឱកាសអាចតំណាងកម្ពុជាទៅបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ ជាមួយជាតិសាសន៍ដ៏ទៃ ដើម្បីបង្ហាញឱ្យគេដឹងថា តារាម៉ូដែលខ្មែរយើងក៏មានសមត្ថភាពមិនចាញ់គេឯងឡើយ។ ឆ្លៀតឱកាសនេះ ឧស្សហ៍ ក៏សូមថ្លែងអំណរគុណដល់លោកគ្រូ អូលីវ៉ា គង់ ដែលផ្ដល់ឱកាសដល់រូបនាង និងប្អូនៗជាច្រើន ឱ្យមានឱកាសបង្ហាញសមត្ថភាពដើរលើឆាកអន្តរជាតិដ៏ធំនេះ។
ឌី ឧស្សាហ៍ ជឿជាក់ថា នាង និងប្អូនៗតារាម៉ូដែលតូចៗនឹងធ្វើបានល្អ សម្រាប់ការដើរលើឆាកអន្តរជាតិ ព្រោះទាំងអស់គ្នាបានចំណាយពេលហាត់សម ច្រើនដងមែនទែន ដើម្បីធានាបានថា គ្មានការភ្លាត់ស្នៀតលើការដើរឆាកអន្តរជាតិនោះ។ បើនិយាយស្ទីល៍កាច់ថតរូបវិញ គ្រប់គ្នាមានស្ទីល៍រៀងៗខ្លួន ដូច្នេះនាងមានជំនឿចិត្តថា កម្ពុជាយើងនឹងធ្វើបានល្អជាក់ជាមិនខាន៕

























































Account
Security
Favourite Content