បញ្ហាប្រាក់កម្រៃត្រូវបានគេគិតថានឹងប៉ះពាល់ដល់ការសម្រេចចិត្តរបស់ Lisa សមាជិក BLACKPINK ក្នុងការបន្តកុងត្រារបស់នាងជាមួយ YG ។

កាលពីពេលថ្មីៗនេះ កាសែតភាសាអង់គ្លេសរបស់ឥណ្ឌា Deccan Chronicle បានចុះផ្សាយអត្ថបទមួយបង្ហាញពីលទ្ធភាពនៃការចុះកុងត្រាឡើងវិញរបស់ Lisa (BLACKPINK) ក្នុងខណៈដែលតារាចម្រៀងស្រីរូបនេះនឹងផុតកំណត់កុងត្រាជាមួយ YG Entertainment នៅខែសីហានេះ។ យោងតាមសេចក្ដីរាយការណ៍នេះ Lisa ត្រូវបានគេរំពឹងថានឹងចាកចេញពីក្រុមហ៊ុន YG ដែលនាងបានភ្ជាប់ទំនាក់ទំនងអស់រយៈពេលជាង ១២ ឆ្នាំកន្លងមក ហើយមូលហេតុគឺមកពីការបែងចែកចំណូលមិនស្មើភាព។
ប្រភពព័ត៌មានបាននិយាយថា តារាស្រីកើតឆ្នាំ១៩៩៧រូបនេះ គឺជាសមាជិកល្បីបំផុតនៅក្នុងក្រុម BLACKPINK ប៉ុន្តែនាងទទួលបានប្រាក់ខែទាបជាងគេ។ ភាពខុសឆ្គងនេះបានជំរុញឱ្យ សមាជិកជនជាតិថៃរូបនេះប៉ងស្វែងរកក្រុមហ៊ុនគ្រប់គ្រងផ្សេងទៀតដើម្បីទទួលបានប្រាក់បៀវត្សរ៍ដែលសមស្របនឹងកេរ្តិ៍ឈ្មោះរបស់នាងជាងនេះ។

បច្ចុប្បន្ន YG មិនបានធ្វើការបកស្រាយជាផ្លូវការអ្វីនោះទេចំពោះព័ត៌មានដែលថា Lisa រងភាពអយុត្តិធម៌ទាក់ទងនឹងប្រាក់ចំណូល។
កន្លងមកបញ្ហាប្រាក់ឈ្នួលរបស់ Lisa បានក្លាយជាប្រធានបទដ៏ចម្រូងចម្រាសក្នុងសហគមន៍អនឡាញ។ រឿងចម្រូងចម្រាសបានផ្ទុះឡើងបន្ទាប់ពី Sorn (សមាជិកក្រុម CLC) ដែលជាតារាខេប៉ុបសញ្ជាតិថៃដែរ បានសម្តែងការខកចិត្តចំពោះការរើសអើងចំពោះតារាបរទេសជុំវិញការបង់ប្រាក់ភាគលាភកម្មសិទ្ធិបញ្ញានៅកូរ៉េ។ នាងបានបង្ហើបបន្ថែមថា សូម្បី Lisa ក៏ប្រឈមនឹងស្ថានភាពស្រដៀងគ្នានេះដែរ។

នៅពេលសួរអំពីបញ្ហានេះជាមួយ CUBE ដែលជាក្រុមហ៊ុនគ្រប់គ្រង Sorn ត្រូវបានគេប្រាប់ថា ច្បាប់ចំណូលនៅប្រទេសថៃ និងកូរ៉េមិនដូចគ្នាទេ។ ដូច្នេះ ថ្វីត្បិតតែប្រាក់ភាគលាភចំនួននោះត្រូវជារបស់ Sorn ក៏ដោយ ក៏នាងទទួលបានតែបន្តិចបន្តួចប៉ុណ្ណោះ ចំណែកប្រាក់ដែលនៅសល់ត្រូវរក្សាទុកដោយសហព័ន្ធអ្នកសម្ដែងតន្ត្រីកូរ៉េ (FKMP)។ បញ្ហានេះបានធូរស្រាលបន្ទាប់ពី Sorn ទាក់ទង FKMP និងទទួលបានសំណងពេញលេញ។ នៅពេលនោះ អ្នកគាំទ្រក្រុម BLACKPINK សង្ឃឹមជឿជាក់ថា បញ្ហាបាត់បង់ប្រាក់កម្រៃរបស់ Lisa ក៏ត្រូវបានដោះស្រាយយ៉ាងរលូនដូច Sorn តាមរយៈ FKMP ដែរ ៕























Account
Security
Favourite Content