ថ្មីៗនេះយោងតាមស្ថាប័ន Guinness World Records បានប្រកាសអំពីដំណឹងដ៏ក្រៀមក្រំមួយដោយស្រ្តីចំណាស់ជាងគេក្នុងពិភពលោក Maria Branyas Morera បានទទួលបានមរណភាពកាលពីថ្ងៃទី១៩ ខែសីហានេះ។ ការស្លាប់របស់លោកយាយក៏ត្រូវបានបញ្ជាក់ដោយក្រុមស្រាវជ្រាវ Gerontology ផងដែរ។

រាប់មកដល់ថ្ងៃដែលលោកយាយបានលាចាកលោក លោកយាយមានអាយុ ១១៧ ឆ្នាំ និង ១៦៨ ថ្ងៃដោយលោកយាយបានក្លាយជាមនុស្សចាស់ទីប្រាំបីក្នុងប្រវត្តិសាស្រ្ត។ យោងតាមរបាយការណ៍ក្នុងស្រុក លោកយាយ Maria បានទទួលមរណភាពដោយសន្ដិវិធីនៅមណ្ឌលថែទាំនៅ Catalonia ប្រទេសអេស្ប៉ាញជាកន្លែងដែលលោកយាយបានចំណាយរយៈពេលអស់ជាង ២ ទសវត្សរ៍រស់នៅទីនោះ។
រំឭកទៅកាលពីខែមករា ឆ្នាំ២០២៣ លោកយាយ Maria Branyas Morera ត្រូវបានទទួលស្គាល់ដោយស្ថាប័ន Guinness World Records ជាស្រ្តីដែលមានវ៏យចំណាស់បំផុតក្នុងពិភពលោក ក្រោយពីលោកយាយ Lucile Randon ជាជនជាតិបារាំងបានទទួលមរណភាពទៅ។


ជាងនេះទៅទៀត លោកយាយក៏ត្រូវបានគេទទួលស្គាល់ថានៅក្នុងជីវិតដ៏យូរអង្វែងរបស់លោកយាយគឺរស់នៅជាមួយនឹងសណ្ដាប់ធ្នាប់ ភាពស្ងប់ស្ងាត់ ទំនាក់ទំនងល្អជាមួយគ្រួសារ និងមិត្តភក្ដិ គ្មានការព្រួយបារម្ភ និងគ្មានភាពសោកស្ដាយ។ កាលលោកយាយនៅមានជីវិត លោកធ្លាប់បាននិយាយថាអាយុវែងក៏មានការរួមផ្សំដោយសំណាង និងសែនល្អផងដែរ។

គួរបញ្ជាក់ផងដែរថា លោកយាយ Maria Branyas Morera បានកើតនៅថ្ងៃទី៤ ខែមីនា ឆ្នាំ១៩០៧ នៅសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ក្នុងពេញមួយដំណើរជិវិតរបស់លោកយាយពិតជាបានឆ្លងកាត់រឿងរ៉ាវប្រវត្តិសាស្រ្តរួមទាំងសង្គ្រាមលោកទាំង ២ លើកទៀតផង។ ជាពិសេសនៅក្នុងវ័យ ១១៣ ឆ្នាំលោកយាយបានឆ្លងនូវជំងឺកូវីដ ១៩ ប៉ុន្តែជាសំណាងល្អលោកយាយក៏បានជាសះស្បើយក្នុងរយៈពេល ៣ ថ្ងៃថែមទាំងក្លាយជាមនុស្សចាស់បំផុតដែលបានរួចផុតជីវិតពីជំងឺដ៏កាចសាហាវមួយនេះផងដែរ។ នៅក្នុងវ័យច្រើនរយឆ្នាំបែបនេះ ក្រៅពីពិបាកក្នុងការស្ដាប់ និងការធ្វើចលនាហើយ លោកមិនមានបញ្ហាសុខភាពណាមួយឡើយរហូតដល់ថ្ងៃចុងក្រោយនៃជិវិតរបស់លោកយាយ៕























































Account
Security
Favourite Content