នៅដើមឆ្នាំ ២០២៤ មនុស្សម្នាសម្រុកដណ្ដើមគ្នាទិញកែវទឹក Stanley “Winter Pink” ទំហំ ៤០អោន (ប្រមាណ ១.២លីត្រ) ដោយមានអ្នកខ្លះបោះតង់ចាំនៅចំណតឡាន និងបន្តតម្រង់ជួរយ៉ាងវែងអន្លាយ។ ហើយមានករណីមួយនោះ មានអ្នកលោតផ្លោះពីបញ្ជរគិតលុយដើម្បីតែលួចកែវទឹកមួយនេះទៀត។
Stanley មិនមែនជាយីហោកែវទឹកដែលទើបតែចេញថ្មីនោះទេ តែហេតុអ្វីបានជាមនុស្សជាច្រើនដណ្ដើមគ្នាទិញកែវទឹកពីយីហោដែលមានអាយុ ១១០ឆ្នាំមួយនេះ?
មិនមែនល្បីតែនៅក្នុងសហរដ្ឋអាមេរិកទេ តែកែវទិញរក្សាសីតុណ្ហភាពមួយនេះក៏បានពង្រីកភាពល្បីល្បាញរបស់ខ្លួនទៅកាន់ប្រទេសនានានៅជុំវិញពិភពលោក ដោយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ អ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមកម្ពុជាប្រហែលជាធ្លាប់បានប្រទះឃើញពី កែវទឹករក្សាសីតុណ្ហភាព Stanley ពីមុនជាក់ជាមិនខានទេ។
ប្រវត្តិរបស់កែវទឹក Stanley
កែវទឹកដ៏ល្បីល្បាញ Stanley បានចាប់ផ្ដើម ដោយលោក William Stanley ដែលនៅពេលនោះលោកមានតួនាទីជាអ្នកអភិវឌ្ឍឧបករណ៍បំលែងថាមពល ដែលជាការចាប់ផ្ដើមដ៏សំខាន់មួយក្នុងការផលិតបំពង់ទឹកមួយនេះ។
នៅក្នុងឆ្នាំ ១៩១៣ លោកគ្រាន់តែចង់ផលិតបំពង់ទឹកមួយសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ដើម្បីអាចរក្សាកម្ដៅកាហ្វេរបស់លោកឱ្យនៅក្ដៅពេញមួយថ្ងៃ។ លោក William Stanley បានប្រើប្រាស់ទ្រឹស្ដីមួយចំនួនដែលលោកបានរៀនអំឡុងពេលដែលលោកអភិវឌ្ឍម៉ាស៊ីនបំប្លែងថាមពលនោះ ជាមួយនឹងបំពង់ទឹករបស់លោក។ ជាលទ្ធផល លោកក៏បានផលិតចេញជាបំពង់ទឹកមួយដែលមានលក្ខណៈជាកែវដែកពីជាន់ ជាមួយនឹងស្រទាប់សុញ្ញាកាសនៅកណ្ដាល ហើយលោកក៏សម្រេចចិត្តដាក់ឈ្មោះវង្សត្រកូលរបស់លោកនៅលើនោះ “Stanley”។
ក្រោយដាក់លក់ បំពង់ទឹកមួយនេះមានអតិថិជនភាគច្រើនជាអ្នកដែលចូលចិត្តនៅក្រៅផ្ទះ និងកម្មករ ជាពិសេសគឺបុរស ដោយនៅមានអ្នកខ្លះនៅប្រើប្រាស់បំពង់ទឹកដែលពួកគេបានទិញតាំងពីដំបូងនោះនៅឡើយ។ ជាក់ស្ដែង មានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនង TikTok ម្នាក់បានបង្អួតពីបំពង់ទឹកម៉ាក Stanley ដែលឳពុកខ្លួនបានប្រើប្រាស់អស់រយៈពេល ២០ឆ្នាំរួចមកហើយ។
មុនឆ្នាំ ២០០៧ ក្រុមហ៊ុន Stanley បានផលិតតែបំពង់ទឹកក្ដៅប្រភេទដំបូងនោះទេ រហូតដល់ឆ្នាំនេះទើបក្រុមហ៊ុនចាប់ផ្ដើមផលិតកែវទឹកប្រភេទថ្មីៗ រហូតដល់ឆ្នាំ ២០១៦ ទើបក្រុមហ៊ុនចាប់ផ្ដើមផលិតកែវទឹករក្សាកម្ដៅប្រភេទ Quencher ដែលជាទីពេញនិយមរហូតដល់សព្វថ្ងៃនេះ។
កែវទឹក Stanley ជំនាន់ថ្មី
ប្រជាប្រិយភាពរបស់ Stanley បានត្រឡប់មកវិញកាលពីឆ្នាំ ២០១៩ នៅពេលដែលក្រុមហ៊ុនលក់ទំនិញឈ្មោះ The Buy Guide បានជូនកាដូកែវទឹកនេះទៅកាន់បុគ្គលល្បីល្បាញមា្នក់ឈ្មោះ Emily Maynard Johnson។ នៅពេលនោះ The Buy Guide បានទិញកែវនោះមកលក់បន្តតាមរយៈគេហទំព័រលក់ទំនិញផ្សេងៗក្នុងបរិមាណតិចតួចតាមដែលអាចរកបាន។ តែក្រោយពី Emily Maynard Johnson បានបង្ហោះអំណោយនោះនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់នាង នាយកប្រតិបត្តិការរបស់ Stanley បានឃើញ និងផ្ដល់ឱកាសឱ្យ The Buy Guide ដើម្បីទិញ Quenchers ចំនួន ៥០០០កែវដោយផ្ទាល់ពី Stanley ដើម្បីលក់បន្តតាមរយៈគេហទំព័ររបស់ពួកគេ។
ពួកគេក៏យល់ព្រម ហើយកែវទាំង ៥០០០ នេះបានលក់អស់ក្នុងរយៈពេលត្រឹម ៥ថ្ងៃ។ បន្ទាប់មកពួកគេក៏ធ្វើការបញ្ជាទិញម្ដងទៀត ហើយកែវនោះក៏ដាច់ស្តុកម្ដងទៀត ដែលជាការចាប់ផ្ដើមមានប្រជាប្រិយភាពសារជាថ្មីរបស់ Stanley ។
ការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីរបស់ Stanley
ឆ្នាំ ២០២០ ជាពេលវេលាដ៏សំខាន់សម្រាប់កែវទឹកយីហោ Stanley មួយនេះ។ លោក Terence Reilly ដែលធ្លាប់ធ្វើឱ្យស្បែកជើង Crocs ដែលគេគិតថាអាក្រក់ ក្លាយទៅជាស្បែកជើងដ៏ទាន់សម័យ និងពេញនិយមមិនគួរឱ្យជឿ។ នៅក្នុងឆ្នាំ ២០២០ លោកបានផ្លាស់ប្ដូរមកធ្វើការនៅក្រុមហ៊ុន Stanley ជាមួយនឹងគោលបំណងតែមួយដូចដែលលោកធ្លាប់ធ្វើជាមួយស្បែកជើង Crocs។
លោកបានយល់ថា ការសហការជាមួយនឹងបុគ្គលមានឥទ្ធិពលផ្សេងៗ (infuencer) អាចនឹងជាតម្រូវការដ៏ល្អមួយសម្រាប់កែវទឹក Stanley ដូចអ្វីដែលលោកធ្លាប់ធ្វើជាមួយនឹងស្បែកជើង Crocs។ បន្ថែមពីនេះ លោកក៏បានគិតគូរផលិតជាមួយនឹងវត្ថុធាតុដើមថ្មី រូបរាងថ្មី និងជាពិសេសពណ៌ថ្មីៗជាច្រើន។
ជាការពិតណាស់ ឥទ្ធិពលនៃបណ្ដាញទំនាក់ទំនងសង្គមពិតជាបានរួមចំណែកយ៉ាងសំខាន់សម្រាប់ភាពជោគជ័យនេះ។ មិនថាជាការដែល Stanley សហការជាមួយតារាល្បីៗដូចជា Lainey Wilson និងអ្នកមានឥទ្ធិពល (influencer) ដទៃទៀត ឬមកពីអ្នកប្រើប្រាស់ផ្ទាល់នោះទេ។ មាតិកាទាំងអស់នោះ បានបង្ហាញខ្លួននៅលើបណ្ដាញសង្គមជារឿយៗ រហូតវាក្លាយទៅជារបស់មួយដែលអ្នកគ្រប់គ្នាគិតថាខ្លួនត្រូវតែមានកែវទឹកមួយនេះ។
ជាក់ស្ដែង ដូចជាវីដេអូមួយពីអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម TikTok របស់ @danimarielettering ដែលបានបង្ហោះកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣។
នៅក្នុងវីដេអូនោះ នាងបានបង្ហាញពីឡានរបស់នាងក្រោយពីហេតុការណ៍ឆាបឆេះដ៏រន្ធត់ ក៏ប៉ុន្តែកែវទឹក Stanley Quencher របស់នាងនៅតែមានសភាពធម្មតា ហើយថែមទាំងនៅមានទឹកកកដែលមិនទាន់រលាយនៅក្នុងនោះទៀតផង។
វីដេអូនេះ បានបង្កឱ្យមានភាពភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងភាពមាំនៃកែវទឹករក្សាសីតុណ្ហភាពមួយនេះ ដោយមានអ្នកទស្សនារហូតដល់ទៅ ៩៤លានដង។ ក្រោយពី ក្រុមហ៊ុន Stanley ឃើញវីដេអូនោះហើយ ក្រុមហ៊ុនបានផ្ញើកាដូជាកែវទឹក ជាមួយនឹងរថយន្តម៉ាក Mazda ថ្មីមួយគ្រឿងឱ្យនាង។
តាមរយៈយុទ្ធសាស្រ្តថ្មីទាំងនេះ ក្រុមហ៊ុន Stanley អាចបង្កើនប្រាក់ចំណូលរបស់ខ្លួនពី ៧០ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ រហូតដល់ទៅ ៧៥០ លានដុល្លារនៅក្នុងឆ្នាំ ២០២៣៕