នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិតសរុបប្រមាណ ៦ ៨៦៨ នាក់ មកពីរោងចក្រ សហគ្រាស ១០ ក្នុងខេត្តពោធិ៍សាត់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ឱ្យដឹងថា ឆ្នាំនេះកម្ពុជានឹងត្រូវធ្វើពិធីបុណ្យធំៗពីរគឺ ព្រះរាជពិធីបុណ្យអុំទូក និងបុណ្យឯករាជ្យខួប ៧០ ឆ្នាំ នៅរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា៖ «ឆ្នាំនេះក៏សូមបញ្ជាក់ទុកជាមុន ឆ្នាំនេះនឹងត្រូវធ្វើបុណ្យអុំទូកធំនៅទីក្រុងភ្នំពេញ។ បុណ្យធំៗ នៅចុងឆ្នាំនេះនឹងមាន២ ទី១បុណ្យឯករាជ្យជាតិខូបទី៧០ឆ្នាំ ត្រូវតែធ្វើធំ ទី២ បុណ្យអុំទូកត្រូវតែធ្វើធំព្រោះយើងខានឆ្នាំទៅ ដោយសារយើងជាប់ប្រជុំអាស៊ានរហូតដល់មានមនុស្សមួយចំនួនថារដ្ឋាភិបាលខ្វះលុយ អត់ទេដោយសារពេលនោះប្រជុំអស៊ាន»។
សម្តេច បានថ្លែងបន្តថា៖ «អ៊ីចឹងឆ្នាំនេះត្រៀមទៅ ត្រៀមទូកប្រណាំង ប្រាប់ទៅទូទាំងប្រទេសឆ្នាំនេះគឺអុំទូកធំនៅទីក្រុងភ្នំពេញ បុណ្យឯករាជ្យជាតិក៏ត្រូវធ្វើធំព្រោះជាខួប ៧០ ឆ្នាំ»៕
គួរជម្រាបថា បុណ្យឯករាជ្យជាតិ នាថ្ងៃទី៩ ខែវិច្ឆិកា នឹងឈានដល់ខួប ៧០ ឆ្នាំ រីឯពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នឹងត្រូវប្រារព្ធពីថ្ងៃទី ២៦ ដល់ទី ២៨ ខែវិច្ឆិកា៕
















































Account
Security
Favourite Content