Tashirojima គឺជាកោះតូចដាច់ស្រយាលមួយនៅតាមបណ្ដោយឆ្នេរនៃទីក្រុង Ishinomaki ក្នុងខេត្ត Miyagi ប្រទេសជប៉ុន។ Tashiro ត្រូវបានគេស្គាល់ក្រៅផ្លូវការថា «កោះឆ្មា» ដោយសារតែវត្តមានរបស់សត្វឆ្មា ជាច្រើនរយក្បាលរស់ និងមានការយកចិត្តទុកដាក់ គោរពបូជាពីមនុស្សនៅលើកោះនោះ។

ដើមឡើយឆ្មាត្រូវបាននាំយកទៅលើកោះមួយនេះដើម្បីជួយគ្រប់គ្រងសត្វល្អិតនៅជុំវិញកសិដ្ឋាន ហើយចាប់តាំងពីពេលនោះមក ចំនួនរបស់វាបានកើនឡើងខ្លាំងរហូតដល់លើសចំនួនប្រជាជនរស់នៅលើកោះមួយនេះទៅទៀត ពោលគឺ១ភាគ ៤។ ដោយឡែក នៅលើកោះ Tashiro បច្ចុប្បន្ននេះចំនួនមនុស្សមានតែ ១៥ភាគរយប៉ុណ្ណោះ ចំណែកចំនួនរបស់ឆ្មាមានដល់ទៅ ៧៥ភាគរយ។
Tashirojima បានក្លាយជាទិសដៅទេសចរណ៍ និងក្លាយជាឋានសួគ៌សម្រាប់អ្នកស្រលាញ់សត្វឆ្មាទៅទស្សនា។ ហើយដើម្បីទៅទស្សនាកោះមួយនេះបានអ្នកទេសចរត្រូវតម្រូវឲ្យជិះកាណូតរយៈពេល ១ម៉ោងពីកណ្ដាលទីក្រុង Ishinomaki ទើបទៅដល់ទីនោះ។ បន្ថែមពីលើនេះប្រជាជននៅលើកោះ Tashirojima ភាគច្រើនជាអ្នកនេសាទ និងគោរពការពារសត្វឆ្មា ដោយពួកគេមានជំនឿថាសត្វឆ្មាជាសត្វនាំសំណាងដល់ពួកគេ។

ហើយដោយសារឆ្មាជាសត្វអ្នកកោះ Tashirojima គោរពខ្លាំង អញ្ចឹងហើយសត្វឆ្កែ ដែលតែងជាសត្រូវពីធម្មជាតិរបស់ឆ្មាត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងមិនឲ្យចិញ្ចឹមផងដែរ។ បើទោះជាTashirojima ជាដែនកោះទាក់ទាញទេសចរដែលស្រលាញ់សត្វឆ្មាក៏ពិតមែនតែមិនមានកន្លែងទេសចរណ៍ច្រើនទេ ដោយសារដែនដីតូច ទីនោះមានភោជនីយដ្ឋាន និងម៉ាស៊ីនទិញភេសជ្ជៈតិចតួចប៉ុណ្ណោះ៕



























Account
Security
Favourite Content