បច្ចុប្បន្ននេះ នៅក្នុងប្រទេសអេស្ប៉ាញស្ត្រីមានជម្រើសក្នុងការឈប់សម្រាកប្រចាំខែរបស់ពួកគេរយៈពេល ៣ ទៅ ៥ ថ្ងៃ ប្រសិនបើពួកគេមានអារម្មណ៍មិនស្រួលខ្លួនអំឡុងពេលមករដូវ។ ច្បាប់សម្រាកពេលមករដូវ ឬ menstrual leaveត្រូវបានអនុម័តជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន រួមជាមួយនឹងច្បាប់ស្តីពីសិទ្ធិផ្លូវភេទ ការបន្តពូជ ច្បាប់ស្តីពីការរំលូតកូន និងសិទ្ធិប្ដូរភេទ។

ច្បាប់នេះបានធ្វើឲ្យប្រទេសអេស្ប៉ាញជាប្រទេសទី១នៅអឺរ៉ុប អនុញ្ញាតច្បាប់សម្រាប់ពេលមករដូវសម្រាប់ស្ត្រី ក្រោមហេតុផលមិនស្រួលខ្លួនពេលមករដូវ។ នៅចំពោះមុខសភា Irene Montero រដ្ឋមន្ត្រីសភាពយេនឌ័ររបស់អេស្ប៉ាញ បាននិយាយថា៖ បើគ្មានច្បាប់នេះ ស្ត្រីមិនមែនជាពលរដ្ឋពេញសិទ្ធឡើយ។ ហើយច្បាប់សម្រាកពេលមករដូវ គួរតែត្រូវបានគាំពារដោយរដ្ឋាភិបាល។
រដ្ឋមន្ត្រីវ័យ ៣៨ឆ្នាំរូបនេះបានបញ្ជាក់ថា ការសម្រេចចិត្តនេះគឺពិតជាមានសារៈសំខាន់ចំពោះមុខនៃសុខភាពស្ត្រី។ ច្បាប់នេះនឹងផ្ដល់ឲ្យស្ត្រីនូវសិទ្ធិអវត្តមានពីកន្លែងការងារអំឡុងពេលមករដូវរបស់ពួកគេ ហើយពួកគេនឹងត្រូវអនុញ្ញាតឲ្យសម្រាក។
ក្នុងចំណោម ១៨៥សំឡេងដែលបានបោះឆ្នោតនៅក្នុងសភាអេស្ប៉ាញ ១៥៤សំឡេងបានគាំទ្រចំពោះច្បាប់មួយនេះ និងត្រូវបានអនុម័តជាផ្លូវការនៅក្នុងប្រទេសអេស្ប៉ាញ។ ដោយឡែកក្រៅតែពីប្រទេសអេស្ប៉ាញប្រទេសមួយចំនួនតូចផ្សេងទៀតដូចជា ជប៉ុន ឥណ្ឌូណេស៊ី និងZambiaក៏ជាប្រទេសក្នុងចំណោមប្រជាជាតិដែលផ្ដល់ច្បាប់ជូនដល់ស្ត្រីអំឡុងពេលមករដូវ។

ជាមធ្យមស្ត្រី ១ ក្នុងចំណោម ៣នាក់រងការឈឺចាប់រាងកាយខ្លាំងអំឡុងពេលមករដូវ នេះបើយោងតាមការប៉ាន់ស្មានរបស់ សមាគមសម្ភពនិងរោគស្ត្រីអេស្ប៉ាញ។ យ៉ាងណាក៏ដោយក្រៅពី ការគាំទ្រសំឡេងប្រឆាំងក៏មានផងដែរគឺពីសំណាក់អង្គការការងារនៅប្រទេសអេស្ប៉ាញ ក្រោមហេតុផលថា ច្បាប់នេះអាចធ្វើឲ្យស្ត្រីទទួលបានការមាក់ងាយ នៅកន្លែងការងារ៕






















Account
Security
Favourite Content