សិង្ហបុរីបានឡើង តំណែងជំនួសប្រទេសជប៉ុន ក្នុងនាមជាប្រទេសដែលមានលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក។ នេះបើយោងតាមចំណាត់ថ្នាក់ចុងក្រោយបំផុតដែលចេញផ្សាយដោយ Henley Passport Index កាលពីថ្ងៃអង្គារ។
លិខិតឆ្លងដែនសិង្ហបុរី ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅកាន់គោលដៅ ១៩២ ក្នុងចំណោម ២២៧ គោលដៅក្នុងពិភពលោក ដោយមិនទាមទារទិដ្ឋាការ។

ប្រទេសសិង្ហបុរី ធ្លាប់កាន់កាប់តំណែងកំពូលតារាងចុងក្រោយបំផុតក្នុងឆ្នាំ ២០២១ ដោយគ្រានោះ លិខិតឆ្លងដែនសិង្ហបុរី អាចធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ ១៩៤ គោលដៅ ខណៈជប៉ុន ចំណាត់ថ្នាក់ទី២ អាចធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ ១៩៣គោលដៅ។
នៅក្នុងចំណាត់ថ្នាក់ចុងក្រោយ ឆ្នាំ២០២៣នេះ ប្រទេសជប៉ុនបានធ្លាក់ចុះមកដល់ចំណាត់ថ្នាក់ទី ៣ ដោយលិខិតឆ្លងដែនជប៉ុន អាចធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ ១៨៩ គោលដៅជុំវិញពិភពលោក។ សម្រាប់ចំណាត់ថ្នាក់ទី៣នេះ ក្រៅពីជប៉ុន ក៏មានប្រទេសអូទ្រីស ហ្វាំងឡង់ បារាំង លុចសំបួរ កូរ៉េខាងត្បូង និងស៊ុយអែត។
ចំណែកឯចំណាត់ថ្នាក់ទី២ កាន់កាប់ដោយប្រទេស៣ គឺ អ៊ីតាលី អាល្លឺម៉ង់ និងអេស្បាញ។ ប្រទេសទាំង ៣នេះ មានលិខិតឆ្លងដែនធ្វើដំណើរកាន់គោលដៅ ១៩០ ដោយគ្មានទិដ្ឋាការ នេះបើយោងតាមការចេញផ្សាយដោយក្រុមហ៊ុនប្រឹក្សាផ្នែកអន្តោប្រវេសន៍ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Henley & Partners។
គួរជម្រាបដែរថា លិខិតឆ្លងដែនកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់ទី ៩៥ ដែលអាចធ្វើដំណើរដោយមិនត្រូវការទិដ្ឋការទៅកាន់គោលដៅចំនួន ៥២។ នេះបើយោងទៅតាមគេហទំព័រ Visaindex.com៕

























































Account
Security
Favourite Content