នៅថ្ងៃ ១៥ ខែឧសភា ឆ្នាំ២០២៣ នេះ អាជ្ញាធរជាតិអប្សរា បានបង្ហាញឲ្យដឹងពីការជួសជុល និងពង្រឹងខឿនរួតបាកាណ នៅផ្នែកអាគ្នេយ៍នៃប្រាសាទអង្គរវត្ត តាមបែបបុរាណ តែប្រើដោយកម្លាំងមនុស្សវិញ។
អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថាក្រុមការងារជួសជុលរបស់ស្ថាប័ន កំពុងរៀបចំរន្ទា ដើម្បីរើដុំថ្មធំៗដែលមានសភាពហែកចេញពីគ្នា ហើយរៀបចំឱ្យមានសភាពកិបគ្នាដូចដើមឡើងវិញ ព្រមទាំងសម្អាតកម្ទេចដុំថ្មតូចៗ ធូលីដីចេញផង នៅខឿនរួតបាកាណ នាផ្នែកអាគ្នេយ៍របស់ប្រាសាទអង្គរវត្ត ដែលកំពុងរងការខូចខាតជាច្រើនសតវត្សរ៍មកហើយ។
មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាលោក ឃាម មុនី មានប្រសាសន៍ថា ជារៀងរាល់ថ្ងៃក្រុមអ្នកជួសជុលបានប្រើកម្លាំងមនុស្សសុទ្ធសាធ ដើម្បីរើ អូសទាញ ឬលើកដុំថ្មធំៗចេញពីកន្លែងដើម ដែលមានសភាពហែករំកិលចេញពីគ្នាពី ១ ទៅ ២៧ សង់ទីម៉ែត្រ យកទៅដាក់នៅកន្លែងមានសុវត្ថិភាព ដោយយោងឡើង តាមការប្រើកៅឡាក់ ៥ ប្រទាញចុះឡើងយ៉ាងលំបាក ដោយប្រើពេលជាច្រើនម៉ោងក្នុងការទាញយកថ្មមួយដុំៗ។ ចំណែកឯការដឹកជញ្ជូនថ្មថ្មី ទៅបំពេញពង្រឹងតាមជ្រុងរបស់រចនាសម្ព័ន្ធរបស់ខឿនវិញ គឺប្រើរទេះអូសពីដីឡើងទៅលើ ដោយប្រើកម្លាំងមនុស្សយ៉ាងតិច ១៥ នាក់ អូសផង ទាញផង និងរុញផង ដោយក្នុងមួយថ្ងៃៗអាចយកដុំថ្មបានតែចំនួនពី ៦ ទៅ ៨ ដុំប៉ុណ្ណោះ។
លោក ឃាម មុនី មានប្រសាសន៍បន្ថែមទៀតថា ការអូសទាញដុំថ្មធំៗឡើងទៅលើខឿនរួតបាកាណផ្នែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្តនេះ មិនមែនជាការងារស្រួសទេ ដោយក្រុមការងារត្រូវប្រើកម្លាំងអូសឡើងទៅលើ កម្ពស់ ប្រហែលពី ៣០ ទៅ ៤០ ម៉ែត្រ ហើយថ្មមួយដុំៗក៏មានទម្ងន់ធ្ងន់ប្រមាណ ១៥០០ គីឡូក្រាម។ ការលំបាកក្នុងការអូសទាញថ្មធំៗឡើងដោយដៃមនុស្សនេះ គឺទាមទារបំផុតឱ្យក្រុមអ្នកជំនាញតស៊ូ ភាពអត់ធ្មត់ និងរិះរកគ្រប់វិធីសាស្ត្រ គ្រប់បច្ចេកទេសប្រកបដោយគុណភាពខ្ពស់ មិនឲ្យប៉ះពាល់ដល់សំណង់ចាស់ដែលទ្រុឌទ្រោមខូចខាត ព្រមទាំងគិតពីសុវត្ថិភាពនៃក្រុមការងារដែលកំពុងតែអនុវត្តផង៕