ការបោះបាយបិណ្ឌនេះ គឺជាប្រពៃណីមួយដែលដូនតាខ្មែរបានបន្សល់ទុកមកជាយូរលង់ណាស់មកហើយ។ មកដល់សព្វថ្ងៃនេះប្រជាជនខ្មែរមួយចំនួននៅតែនិយមធ្វើ ហើយពិធីបោះបាយបិណ្ឌនេះ ដោយគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ។
ស្របជាមួយ «ការបោះបាយបិណ្ឌ» នៅក្នុងវត្តនេះ ត្រូវបានមនុស្សមួយចំនួនធ្វើការរិះគន់ថាជារឿងដែលមិនសមហេតុផល និងជារឿងដែលខ្ជះខ្ជាយអាហារឥតប្រយោជន៍។ ផ្ទុយពីមតិខាងលើ មនុស្សមួយចំនួនបានប្រកាន់ខ្ជាប់យ៉ាងល្អចំពោះការប្រតិបត្តិតាមប្រពៃណីបោះបាយបិណ្ឌដែលដូនតាបន្សល់ទុកជាយូរលង់ណាស់ហើយ។

ដោយឡែកងាកទៅមើលគោលបំណងពិតប្រាកដរបស់ដូនតាខ្មែរដែលបានបង្កើតពិធីបោះបាយបិណ្ឌឡើង គឺពិតជាមានអត្ថន័យល្អប្រពៃដែលកូនខ្មែរគួរយល់។
ព្រះគុណម្ចាស់ វជិវប្បញ្ញោ សាន សុជា បានមានព្រះសង្ឃដីការដោយមិនបដិសេធគំនិតខាងលើថាមួយណាខុស ឬមួយណាត្រូវឡើយ ដោយព្រះអង្គបានពន្យល់ថា ក្នុងគម្ពីរនៃសាសនាព្រះពុទ្ធ ការបោះបាយបិណ្ឌមិនមានទេ មានតែបាយបាត (បាតដែលព្រះសង្ឃដាក់បាយ)។ ការបោះបាយបិណ្ឌនេះជាវប្បធម៌ដែលដូនតាខ្មែរបង្កើតឡើងដោយមានគោលបំណងច្បាស់លាស់ដូចខាងក្រោម៖

១. ប្រជាដូនតាមានបំណងចង់ឱ្យប្រជាជនមានសាមគ្គីភាព រៀនធម៌ ជួយឧបត្ថម្ភដល់ព្រះសង្ឃ និងសាងសេចក្ដីល្អជាមួយគ្នា។
២. ប្រជាជនខ្មែរយល់ខុសថា ការបោះបាយបិណ្ឌជាកម្មវិធីបោះបាយឱ្យប្រេត ដោយឡែកប្រេតមិនមែនមានតែប៉ុន្មានថ្ងៃហ្នឹងទេ។ កំណើតរបស់ប្រេតវាលិឍស៊ីរបស់មិនល្អជាប្រចាំ។
៣. មូលហេតុដែលការបោះបាយបិណ្ឌត្រូវបានធ្វើឡើងនៅពេលទាបភ្លឺដោយសារដូនតា មិនចង់រំខានដល់ការបំពេញការងាររកទទួលទានរបស់ប្រជាជនដូចជាការធ្វើស្រែចម្ការជាដើមនៅពេលថ្ងៃ។ តែខ្មែរបែរជាយល់ថា ប្រេតចេញមកស៊ីបាយបិណ្ឌបានតែពេលងងឹតទៅវិញ។
៤. ប្រជាជនណាដែលមិនសូវចូលវត្ត ទើបដូនតាបង្កើតកម្មវិធីនេះឡើង ព្រោះលោកចង់ឱ្យប្រជាជនខ្មែរស្តាប់បរាភវសូត្រ។ បរាភវសូត្រ មានន័យថា វោហារសាស្ត្រ បែបបទ ឬក៏មាត្រា ដែលបង្ហាញពីអត្ថន័យនៃសេចក្ដីវិនាស។ ការសូត្របទបរាភវសូត្រនេះ គឺជាការរៀបរាប់ពីសេចក្ដីវិនាសទាំងឡាយ ដែលជនប្រុសស្រីត្រូវចៀសវាង។ នៅពេលបានយល់ថា អ្វីជាសេចក្ដីវិនាស និងអ្វីជាហេតុនាំឱ្យវិនាសហើយ ជនានុជនគ្រប់រូបគួរកុំគប្បីប្រព្រឹត្តឡើយ នូវហេតុ ឬអំពើដែលនាំឱ្យវិនាសទាំងនោះ។
៥. ចំពោះមតិថាគួរបន្តបោះបាយបិណ្ឌ ឬបញ្ឈប់ ព្រះអង្គមានសង្ឃដីការថា មិនគួរបោះបង់ទេ តែត្រូវមានបញ្ញា។ ប្រពៃណីគួរត្រូវរក្សា តែបាយបិណ្ឌត្រូវបោះតិចតួចបានហើយ មិនគួរច្រើនដូចប្រជាជនយើងមួយចំនួនធ្វើនោះទេ ព្រោះទី១ខាតលុយ និងខាតបាយចោល និងទី២វាធ្វើឱ្យស្អុយវត្ត។




Account
Security
Favourite Content