គ្រោងឆ្អឹងសត្វធំបំផុតដែលធ្លាប់មានលើផែនដី ត្រូវបានដាក់បង្ហាញនៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ ក្នុងទីក្រុងឡុងដ័ ប្រទេសអង់គ្លេស។ Patagotitan គឺជាដាយណូស័រដែលធ្លាប់មានវត្តមានលើផែនដី កាលពី ១០០ លានឆ្នាំមុននៅតំបន់អាមេរិកខាងត្បូង។ ពីក្បាលដល់កន្ទុយដាយណូស័រ ពូជនេះមានប្រវែងប្រហែល ៣៧ ម៉ែត្រ (121 ហ្វីត) និងអាចមានទម្ងន់រហូតដល់ ៦០ទៅ៧០ តោន។

សារមន្ទីរ ខាងលើមិនត្រឹមតែដាក់តាំងបង្ហាញគ្រោងឆ្អឹងចម្លងប៉ុណ្ណោះទេ ប៉ុន្តែហ្វូស៊ីលពិតមួយចំនួនដែលត្រូវបានរកឃើញដំបូងនៅប្រទេសអាហ្សង់ទីនក្នុងឆ្នាំ ២០១៤ ក៏ត្រូវបាននាំយកមកដាក់ឲ្យទស្សនាផងដែរ ដោយហ្វូស៊ីលធំបំផុតគឺឆ្អឹងភ្លៅ ដែលមានប្រវែង ២.៤មែត្រ។
សាស្រ្តាចារ្យ Paul Barrett អ្នកជំនាញខាងបុរាណវិទ្យាបានពន្យល់ថា «Patagotitan គឺជាពាក្យដែលយើងហៅ ដាយណូស័រ sauropod»។ ការដាក់តាំងបង្ហាញនេះ អមជាមួយវីដេអូ និងហ្គេមជាច្រើនដែលពន្យល់ពីរឿងរ៉ាវជីវិតរបស់សត្វដាយណូស័រដ៏ពិសេសដែលរស់នៅក្នុងសម័យកាល Cretaceous នៃប្រវត្តិសាស្ត្រផែនដីនេះ។
Patagotitan ជាដាយណូស័រយក្ស ដែលមានច្រើនប្រភេទ ប៉ុន្តែគេមិនទាន់អាចកំណត់បាននៅឡើយថាតើប្រភេទមួយណាមានទំហំធំបំផុត។ លោក Sinéad Marron ជាអ្នករៀបចំពិរព័ណ៍មួយនេះបាននិយាយថា “អ្វីដែលមិនគួរឱ្យជឿអំពីដាយណូស័រប្រភេទ Patagotitan គឺបរិមាណដាយណូស័រដែលត្រូវបានរកឃើញ”។
មែនទែនទៅ ដាយណូស័រយក្សផ្សេងទៀតភាគច្រើនត្រូវបានគេរកឃើញថាមានហ្វូស៊ីលមួយចំនួនប៉ុណ្ណោះ ចំណែកគ្រោងឆ្អឹងរបស់ Patagotitan ត្រូវបានគេស្គាល់ពីឆ្អឹងពីរបីរយបំណែកឯណោះ៕
























































Account
Security
Favourite Content