តាមរយៈការបង្ហោះក្នុងបណ្តាញសង្គមកាលពីថ្ងៃអាទិត្យ Elon Musk បាននិយាយថាការប្រកួតរបស់ខ្លួន ជាមួយនាយកប្រតិបត្តិ Meta លោក Mark Zuckerberg នឹងត្រូវផ្សាយបន្តផ្ទាល់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter។
Musk បានបន្តឱ្យដឹងនៅលើកម្មវិធី X ថា ប្រាក់ចំណូលទាំងអស់ដែលបានមកពីការប្រយុទ្ធ Zuck v Musk នឹងត្រូវប្រគល់ជូនទៅអង្គការសប្បុរសធម៌ សម្រាប់អតីតយុទ្ធជន។
ចំណែក Zuckerberg វិញក៏បានឆ្លើយតបនៅលើកម្មវិធីបណ្តាញសង្គមថ្មីរបស់ខ្លួន Threads កាលពីល្ងាចថ្ងៃអាទិត្យដែរថា៖ «ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយនៅថ្ងៃនេះ ខ្ញុំបានស្នើប្រកួតនៅថ្ងៃទី ២៦ ខែសីហាសម្រាប់ការប្រកួតប្រជែងដំបូង ប៉ុន្តែគាត់ (Musk) មិនទាន់ឯកភាព។ ខ្ញុំទប់ដង្ហើមសឹងមិនបាន»។
ទោះយ៉ាងណា Zuckerberg ក៏បានស្នើដែរថាគួរប្រើវេទិកាណាដែលអាចទុកចិត្តបាន និងដែលអាចរៃអង្គាសប្រាក់សម្រាប់សប្បុរសធម៌បាន។
គួរបញ្ជាក់ថា មហាសេដ្ឋីបណ្តាញសង្គម និងបច្ចេកវិទ្យាទាំងពីរ បានឌឺដងដាក់គ្នាទៅវិញទៅមក ជុំវិញការប្រកួតក្បាច់គុនចម្រុះក្នុងទីក្រុង Las Vegas តាំងពីខែមិថុនាមកម្ល៉េះ។ សម្រាប់ពេលវេលាប្រកួតជាក់លាក់គេនៅមិនទាន់ដឹងជាក់ច្បាស់នៅឡើយថាតើវាអាចកើតឡើងនៅចុងខែសីហា នេះឬពេលបន្ទាប់ទៀតខាងមុខ ដោយគេគ្រាន់តែដឹងថាវានឹងកើតឡើង៕
























































Account
Security
Favourite Content