ប៉ូលីសនៅទីក្រុងប៉ារីសបានចាប់ខ្លួនបុរសម្នាក់ ដោយសារតែលោតពីលើប៉មទួអេហ្វែលដោយប្រើឆ័ត្រយោងកាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងទៅតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
សារព័ត៌មាន CNN បានស្រង់សម្តីពីប៉ូលីសបារាំង ដោយបានឱ្យដឹងថា បុរសម្នាក់នោះបានឡើងលើសំណង់ដ៏ល្បីល្បាញបំផុតរបស់បារាំងតាំងពីព្រឹកព្រលឹមមកម្ល៉េះ។

ក្រុមហ៊ុន SETE ដែលគ្រប់គ្រងប៉មទួអេហ្វែលបាននិយាយថា បុរសរូបនោះត្រូវបានសន្តិសុខរកឃើញមិនដល់ ១នាទីផងបន្ទាប់ពីចូលទៅក្នុងតំបន់ប៉មទួអេហ្វែល។ ក៏ប៉ុន្តែកងកម្លាំងប៉ូលីសដែលប្រចាំការនៅប៉ម បានបរាជ័យក្នុងការរារាំងការប៉ុនប៉ងបុរសរូបនោះ ដោយគេព្យាយាមឡើងប៉មបានសម្រេច ហើយលោតចុះមកដោយជោគជ័យជាមួយឆ័ត្រយោងមួយ។
បន្ទាប់ពីលោតរួច បុរសរូបនោះបានចុះចតនៅលើដំបូលនៃមជ្ឈមណ្ឌលកីឡាដែលនៅក្បែរនោះ មុនពេលត្រូវបានចាប់ខ្លួនដោយប៉ូលីស។ ក្រុមហ៊ុន SETE បានដាក់ពាក្យបណ្តឹងបន្ទាប់ទៅកាន់អាជ្ញាធរបន្ទាប់ពីឧប្បត្តិហេតុនេះនៅថ្ងៃព្រហស្បតិ៍។ នៅក្នុងសេចក្តីថ្លែងការណ៍ SETE បានថ្កោលទោស និងថាប្រភេទសកម្មភាពឆ្គួតលីលានេះអាចបង្កគ្រោះថ្នាក់ដល់អ្នកដែលកំពុងធ្វើការនៅលើ ឬនៅក្រោមប៉មទួអេហ្វែលបាន។
យោងតាមទូរទស្សន៍ BFMTV បានឱ្យដឹងថា ប៉មនេះត្រូវបានពន្យារពេលបន្តិចក្នុងការបើកនៅព្រឹកថ្ងៃព្រហស្បតិ៍ដោយសារឧបទ្ទវហេតុនេះ។
ឧបទ្ទវហេតុនេះគឺជាឧបទ្ទវហេតុថ្មីមួយទៀតនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប៉មទួអេហ្វែល ត្រូវបិទអស់ជាច្រើនម៉ោងក្រោយ រងការគំរាមកំហែងបំផ្ទុះគ្រាប់បែក។ ចំណែកហេតុការណ៍ដ៏ចម្លែកមួយទៀតនោះគឺកើតឡើងកាលពីថ្ងៃច័ន្ទ ដោយបុរសជនជាតិអាមេរិក ២នាក់ ផឹកស្រាស្រវឹង និងឡើងទៅលើប៉មទួអេហ្វែល ហើយគេងនៅទីនោះអស់ពេលមួយយប់ ៕

























Account
Security
Favourite Content