ជារឿងដ៏គួរឱ្យរំភើបរីករាយមួយ ក្រោយមនុស្សម្នារ ក្មេង ចាស់ ប្រុស ស្រី នាំគ្នាក្រាលកន្ទេល មើលការសម្ដែងល្ខោនបាសាក់ នៅក្នុងផ្សារទំនើបមួយកន្លែងនៅប្រទេសកម្ពុជា។ នេះជារូបភាពកម្រឃើញបំផុត ព្រោះយើងធ្លាប់តែបានមើលល្ខោននៅតាមវត្តអារាម ពេលមានបុណ្យទានម្ដងៗ ឥលូវនេះ ល្ខោនបាសាក់បានលេចវត្តមានក្នុងផ្សារទំនើប ដែលបង្ហាញពីការលើកស្ទួយទម្រង់សិល្បៈដ៏ចំណាស់មួយរបស់កម្ពុជា ឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញ និងបានស្គាល់។

តាមរយៈរូបភាពជាច្រើនបង្ហោះនៅលើបណ្ដាញសង្គម បង្ហាញពីទិដ្ឋភាពបងប្អូនប្រជាជនខ្មែរ និងភ្ញៀវដែលបានទៅកាន់ផ្សារទំនើបអ៊ីអនមានជ័យ កំពុងមើលការសម្ដែងល្ខោនយ៉ាងណែនពេញផ្សារនោះ បានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំង និងចែករំលែកបន្តព្រោងព្រាត។ ក្នុងនោះដែរ អ្នកនាង ផន សុផារី ដែលជាឈាមជ័រអ្នកសិល្បៈ ត្រូវជាកូនស្រីម្ចាស់ក្រុមល្ខោនដ៏ល្បី ភី សុគន្ធី ក៏បានបង្ហាញអារម្មណ៍រំភើបរីករាយក្រោយពីបានឃើញទិដ្ឋភាពបែបនេះ។ អ្នកនាង ពិតជារំភើបចិត្តនៅពេលដែលបានឃើញទម្រង់សិល្បៈ ដែលជាអត្តសញ្ញាណខ្មែរមួយ ត្រូវបានយកមកបង្ហាញក្នុងផ្សារទំនើប។


ល្ខោនបាសាក់ជាទម្រង់សិល្បៈដ៏ពេញនិយមបំផុតក្នុងប្រទេសកម្ពុជា មានដើមកំណើតយូរលង់ណាស់មកហើយ និងត្រូវបានប្រជាជនកម្ពុជា ក្មេងចាស់ តែងនិយមទស្សនា ឱ្យតែល្បីថា មានល្ខោនបាសាក់ទៅសម្ដែងនៅកន្លែងណា គឺតែងផ្អើលអ្នកស្រុកជិតឆ្ងាយ ទូលកន្ទេល មុងខ្នើយ ទៅគេងចាំទស្សនាតែម្ដង។ យ៉ាងណាមិញបច្ចុប្បន្ននេះ ការសម្ដែងល្ខោនបាសាក់តាមកម្មវិធីបុណ្យទាន ហាក់មិនសូវមានច្រើនដូចមុនទេ ដែលជាបញ្ហាប្រឈមមួយ អាចធ្វើឱ្យក្រុមអ្នកសម្ដែង មិនសូវមានឱកាសបានចេញសម្ដែង រកប្រាក់កម្រៃ។ ដូចនេះសំខាន់ណាស់ដែលពួកយើងទាំងអស់គ្នាគួរចូលរួមផ្សព្វផ្សាយ និងលើកស្ទួយទម្រង់សិល្បៈមួយនេះ កុំឱ្យបាត់បង់៕
























Account
Security
Favourite Content