យុវជនចិនដែលឈ្លក់វង្វេងនឹងស្នេហា នាំគ្នាទិញសេវាកម្ម “ឱ្យអ្នកដទៃស្ដីឱ្យដើម្បីដាស់សតិ” ពីបុគ្គលមានឥទ្ធិពល ឬInfluencers ដែលតាំងខ្លួនជាអ្នកជំនាញ ខណៈមានតម្លៃខ្ពស់ដល់ ២៩០ដុល្លារអាមេរិក។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ។

រំឭកដល់ការផ្សាយផ្ទាល់របស់បុគ្គលមានឥទ្ធិពលល្បីឈ្មោះក្នុងប្រទេសចិន Taozai មាននារីម្នាក់បានចូលមករៀបរាប់ពីទុក្ខសោកក្នុងចិត្តរបស់ខ្លួន ដោយនារីមានប្រវត្តិជាអ្នករៀនសូត្រខ្ពង់ខ្ពស់ មកពីគ្រួសារអ្នកមានរូបនេះ បាននិយាយថា ខ្លួនបានធ្លាក់ក្នុងអន្លង់ស្នេហ៍បុរសម្នាក់ដែលមានអាយុច្រើនជាងនាង ១០ ឆ្នាំ ជាអ្នកក្រីក្រ តែបុរសនោះមិនបានស្រឡាញ់នាងវិញទេ។
ផ្ទុយពីការលួងលោម បុគ្គលមានឥទ្ធិពលដែលមានតាមដានជិត ២លាននាក់រូបនេះ បានតបទៅវិញដោយសម្ដីម៉ាត់ៗថា៖ “អ្នកមិនត្រឹមតែឈ្លក់វង្វេងនឹងស្នេហាប៉ុណ្ណោះទេ ប៉ុន្តែក្នុងចិត្តអ្នកថែមទាំងរើសអើងអ្នករៀនទាប និងអ្នកក្រទៀតផង។ អ្នករើសអើងអ្នកដទៃ ហើយអ្នកដទៃក៏មិនស្រឡាញ់អ្នកវិញដែរ។ នេះគឺជាកម្មផល អ្នកសមនឹងទទួលបានវាហើយ”។
សម្រាប់មនុស្សមួយចំនួន អាចមើលទង្វើនេះថាជា “ការបំបាក់មុខជាសាធារណៈ” ប៉ុន្តែសម្រាប់យុវជនជាច្រើននៅក្នុងប្រទេសចិនដែលចាត់ទុកខ្លួនឯងថាជាអ្នក “ឈ្លក់វង្វេងនឹងស្នេហា” បែរជាមើលឃើញទង្វើនេះថាជា “ការរំសាយអារម្មណ៍” ទៅវិញ។

និន្នាការនេះកំពុងតែទទួលបានការពេញនិយមលើបណ្ដាញសង្គមចិន ដោយមានមនុស្សរាប់ពាន់នាក់សម្រុកទៅមើលការផ្សាយផ្ទាល់ និងស្វែងរកទិញសេវាកម្ម “ឱ្យអ្នកដទៃស្ដីឱ្យដើម្បីដាស់សតិ” នេះ។
ជាក់ស្ដែង បុគ្គលមានឥទ្ធិពល Taozai បានលក់សេវាកម្មនេះ ជាកញ្ចប់សមាជិកប្រចាំឆ្នាំក្នុងតម្លៃ ១ ៨០០ យ័ន ប្រមាណ ២៦០ ដុល្លារ ដើម្បីទទួលបានសិទ្ធិពិសេសដូចជា ការមិនបាច់រង់ចាំលេខរៀងពេលចូលមើលការផ្សាយផ្ទាល់របស់លោក និងការប្រឹក្សាយោបល់បែបផ្ទាល់ខ្លួនក្នុងប្រអប់សារជាដើម។
សារព័ត៌មាន South China Morning Post បានចុះផ្សាយបន្ថែមថា នៅលើវេទិកា E-commerce ជាច្រើន សេវាកម្ម “ឱ្យអ្នកដទៃស្ដីឱ្យដើម្បីដាស់សតិ” នេះ បានលក់ដាច់រហូតដល់ជាង ៣ ០០០ ដងក្នុងមួយខែ ដោយកញ្ចប់សេវាកម្មជេរតាមទូរស័ព្ទរយៈពេល ៣០នាទី មានតម្លៃត្រឹមតែ ៦០ យ័ន ឬប្រហែល ៩ ដុល្លារប៉ុណ្ណោះ។

ស្របពេលដែលការពិគ្រោះយោបល់ជាមួយអ្នកចិត្តសាស្ត្រនៅទីក្រុងធំៗមានតម្លៃចន្លោះពី ៧០ ទៅ ២៩០ ដុល្លារក្នុងមួយម៉ោង អតិថិជនម្នាក់បានរៀបរាប់ពីបទពិសោធន៍របស់ខ្លួនថា៖ “ការជេរស្តីនេះ គឺជាការដាស់ខ្ញុំឱ្យភ្ញាក់។ ៣០ នាទីនោះជួយឱ្យខ្ញុំបំភ្លេចសង្សារចាស់បាន។ វាថោកជាងការទៅជួបអ្នកជំនាញផ្នែកចិត្តសាស្ត្រឆ្ងាយណាស់”។
យ៉ាងណាមិញ លោក Zhang Yong អ្នកប្រឹក្សាផ្នែកចិត្តវិទ្យា និងជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Wuhan បានពន្យល់ពីរឿងនេះតាមបែបវិទ្យាសាស្រ្តថា៖ “នៅពេលមនុស្សធ្លាក់ក្នុងអារម្មណ៍អវិជ្ជមាន ដំណើរការក្នុងគិតរបស់ខួរក្បាលអាចដំណើរការមិនរលូន។ ក្នុងករណីនេះ ការដែលមានអ្នកផ្សេងស្ដីបន្ទោសខ្លាំងៗ ទំនងអាចជួយឱ្យបុគ្គលនេះភ្ញាក់ខ្លួនជាងមុន”។
គួរឱ្យដឹងថា សេវាកម្មនេះ គឺជាផ្នែកមួយនៃ “សេដ្ឋកិច្ចផ្លូវអារម្មណ៍” ឬ “Emotional Economy” ដែលកាលពីឆ្នាំ ២០២៤ កន្លងទៅ សេដ្ឋកិច្ចនេះមានតម្លៃ ២.៣ ទ្រីលានយ័ន ក្នុងប្រទេសចិន ខណៈរំពឹងថានឹងកើនដល់ ៤.៥ ទ្រីលានយ័ន ក្នុងឆ្នាំ ២០២៩។

សេដ្ឋកិច្ចប្រភេទនេះរកចំណូលបានពី មនុស្សដែលមានស្ថានភាពផ្លូវចិត្តតានតឹង ដែលសម្រេចចិត្តទិញរបស់ដែលធ្វើឱ្យខ្លួនសប្បាយចិត្ត ដោយមិនគិតពីតម្លៃ និងមុខងារនៃផលិតផល។ តាមរយៈនេះ កាលពីឆ្នាំ ២០២៤ តុក្កតា Labubu ជួយឱ្យក្រុមហ៊ុន Pop Mart រកចំណូលបានដល់ ១.៨ ប៊ីលានដុល្លារ។
ស្របពេលដែលសេដ្ឋកិច្ចផ្លូវអារម្មណ៍ទំនងជាមានទំនោររីកចម្រើនទៅមុខ សាស្ត្រាចារ្យ Zhang Yong យល់ថា៖ “ការអប់រំផ្នែកអារម្មណ៍គួរតែក្លាយជាបញ្ហាស្នូលរយៈពេលវែងសម្រាប់សង្គម ពោលគឺធ្វើយ៉ាងណាឱ្យមនុស្សអាចគ្រប់គ្រង និងយល់ដឹងពីអារម្មណ៍របស់ពួកគេឱ្យកាន់តែមានសុខភាពល្អ និងក្នុងផ្លូវវិជ្ជមាន”៕

























Account
Security
Favourite Content