អតីតអ្នកបម្រើការលើយន្តហោះជនជាតិចិនម្នាក់ បានសម្រេចលាឈប់ពីការងារ និងត្រឡប់ទៅរស់នៅស្រុកកំណើតវិញដើម្បីធ្វើជាអ្នកចិញ្ចឹមជ្រូក ដែលទទួលបានប្រាក់ចំណូលច្រើនជាងការរំពឹងទុក រហូតដល់ទៅ ២សែនយន់ ឬប្រមាណ ២៧ ៥០០ ដុល្លារអាមេរិក ត្រឹមរយៈពេល ២ខែប៉ុណ្ណោះ។

នារីជនជាតិចិនខាងលើនេះមានឈ្មោះថា Yang Yanxi មានដើមកំណើតក្នុងគ្រួសារនៅឯទីជនបទ ឯខេត្ត Heilongjiang ភាគឦសានប្រទេសចិន។ តាមរយៈអត្ថបទចុះផ្សាយដោយ South China Morning Post បានឱ្យដឹងថា ក្រោយពីបញ្ចប់ថ្នាក់សាកលវិទ្យាល័យ នារីវ័យ ២៧ឆ្នាំរូបនេះបានចូលធ្វើការភ្លាមៗ ជាអ្នកបម្រើការនៅលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍សៀងហៃ អស់រយៈពេលប្រមាណ ៥ឆ្នាំ។
ដ្បិតមុខតំណាងការងារដែល Yang ធ្លាប់ធ្វើ ជាការងារដែលមនុស្សជាច្រើនរូបប្រាថ្នាក្ដី ក៏ប៉ុន្តែនាងបានចែករំលែកថា នៅគ្រាដែលក្រុមហ៊ុនជួបបញ្ហា ខ្លួនទទួលបានប្រាក់ខែត្រឹម ២៨០០ យន់ ឬប្រមាណ ៣៨០ដុល្លារអាមេរិកតែប៉ុណ្ណោះ។
តាមរយៈកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន Jiupai នារីជនជាតិចិនដីគោករូបនេះបានរៀបរាប់ថា នៅពេលដែលខ្លួនបំពេញការងារនៅទីក្រុងសៀងហៃ នាងតែងសុំប្រាក់ពីឪពុកម្តាយជាញឹកញាប់ ដើម្បីទិញកាបូបយីហោល្បីៗ។ ក្រោយមកទើប Yang បានដឹងថា ដើម្បីផ្ញើលុយមកឱ្យខ្លួន ម្ដាយឪពុកបានកាត់បន្ថយចំណាយផ្ទាល់ខ្លួន ហើយថែមទាំងមានជំពាក់បំណុលគេទៀតផង។

បុគ្គលមានឥទ្ធិពលនៅលើបណ្ដាញទំនាក់ទំនងក្នុងប្រទេសចិនរូបនេះបានប្រាប់បន្ថែមថា នៅចុងឆ្នាំ២០២២ នាងបានទទួលដំណឹងថា ម្ដាយរបស់ខ្លួនមានជំងឺដែលទាមទារឱ្យមានការវះកាត់ជាច្រើនដង តែគាត់បានលាក់បាំងរឿងនេះពីនាង។ ក្រោយដឹងពីរឿងហេតុនេះ នាងបានសម្រេចចិត្តត្រឡប់ទៅផ្ទះកំណើតវិញ។
នៅក្នុងឆ្នាំ២០២៣ Yang Yanxi ចាប់ផ្ដើមមើលថែកសិដ្ឋានចិញ្ចឹមជ្រូករបស់សាច់ញាតិ ដោយមានផលិតមាតិកានៅបណ្ដាញទំនាក់ទំនងសង្គមជាវីដេអូខ្លីៗពីជីវិតប្រចាំថ្ងៃ ដូចជាការរៀបចំដាក់ចំណីជ្រូក រហូតទទួលបានចំនួនអ្នកតាមដានជិត ១.២ លាននាក់។

អតីតអ្នកបម្រើការនៅលើយន្តហោះរូបដដែលនេះ បានបញ្ជាក់ថា ២ខែចុងក្រោយនេះ នាងអាចរកចំណូលបានប្រមាណ ២សែនយន់ ឬ ២៧ ៥០០ ដុល្លារអាមេរិក ពីការចញ្ចឹម និងលក់សាច់ជ្រូក ក៏ដូចជាចំណូលពីការងារផលិតមាតិកានៅលើបណ្ដាញទំនាក់ទំនងសង្គមផងដែរ។ ដ្បិតនាងបានជួបឧបសគ្គ និងគ្រោះថ្នាក់ខ្លះក៏ដោយចុះ ចំណូលដ៏ច្រើននេះបានមកពីការតាំងចិត្តរបស់នាងផ្ទាល់ខ្លួន ដោយចង់ឱ្យគ្រួសារមានជីវិតប្រសើរជាងមុន។
Yang Yanxi បានចែករំលែកថា បច្ចុប្បន្ននេះ នាងបានរស់នៅជួបជុំគ្រួសារយ៉ាងមានសុភមង្គល និងពេញលេញ។ ទន្ទឹមគ្នានេះ នៅថ្ងៃអនាគតនាងចង់ពង្រីកកសិដ្ឋានរបស់ខ្លួនឱ្យធំជាងមុន មានហាងលក់ទំនិញ និងបើកសណ្ឋាគារមួយផងដែរ៕





















































Account
Security
Favourite Content