ទិដ្ឋភាពពិធីចាប់ត្រីរួមគ្នា ដ៏អស្ចារ្យរបស់អ្នកស្រុកប្រាសាទបាគង នៃខេត្តសៀមរាប

អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង នៃខេត្តសៀមរាបនៅតែរក្សាបានទំនៀមចាប់ត្រីរួមគ្នាបានយ៉ាងខ្ចាប់ខ្ចួន។ ជារៀងរាល់ឆ្នាំ ក្រោយពេលបញ្ចប់ការងារប្រមូលផលស្រូវរួចរាល់ហើយ ប្រជាជនក្នុងភូមិបង្កោង តែងតែប្រារព្ធពិធីចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបអាហារក្នុងពិធីឡើងមាឃ ឬឡើងអ្នកតា នៅរៀងរាល់ខែមាឃ តាមទម្លាប់ពីបុរាណមិនដែលអាក់ខានឡើយ។

ពិធីចាប់ត្រីរួមគ្នានេះ ធ្វើឡើងនៅក្នុងបឹងបុរាណមួយដែលអ្នកភូមិ រួមគ្នាអភិរក្សត្រីមិនឱ្យមានការនេសាទផ្តេសផ្តាស គឺទុកសម្រាប់តែរកត្រីរួមគ្នាមួយឆ្នាំម្តងក្នុងឱកាស ធ្វើពិធីឡើងមាឃ ឬឡើងអ្នកតាប៉ុណ្ណោះ។

លោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិលបានឱ្យដឹងថា ពិធីចាប់ត្រីឡើងមាឃ ឆ្នាំ២០២៣នេះ ត្រូវប្រារព្ធធ្វើឡើងនៅ ថ្ងៃទី០១ ខែកុម្ភៈ ត្រូវនឹងថ្ងៃ១១កើត ខែមាឃ  ឆ្នាំនេះត្បិតទឹកនៅក្នុងបឹង មានច្រើន មិនទាន់ស្រកចុះ ប៉ុន្តែទិន្នផលត្រីក្នុងបឹងសម្បូរណាស់ ដូច្នេះលោករំពឹងថា ប្រជាពលរដ្ឋនឹងសប្បាយរីករាយ ក្នុងការចាប់ត្រី យកទៅធ្វើម្ហូបអាហារ ឬធ្វើទឹកសម្លរនំបញ្ចុកសម្រាប់ពិធីឡើងមាឃ ។

សូមជម្រាបថា ប្រជាពលរដ្ឋជាអ្នកស្រុកអង្គរ មកដល់បច្ចុប្បន្ននេះ នៅតែបន្តថែរក្សាប្រពៃណីវប្បធម៍ទាំងរូបិយនិងអរូបិយ ដែលបន្សល់ពីដូនតាមក ក្នុងនោះជារៀងរាល់ឆ្នាំបងប្អូនប្រជាពលរដ្ឋ តែងតែរួមគ្នាមកប្រារព្ធពិធីផ្សេងៗ ជុំវិញតំបន់អង្គរ ដូចជា៖ ពិធីឡើងមាឃ ឡើងអ្នកតា ពិធីកោជុប និងពិធីប្រពៃណីសាសនាជាច្រើនទៀត៕

រូបភាព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority