រឿង​ពិត​ខ្មៅ​ងងឹត​ ១០​ យ៉ាង​ពី​ហ្វេសប៊ុក​ ដែល​អ្នក​អាច​មិន​ធ្លាប់​ដឹង​

ប្រិយមិត្ត​គ្រប់គ្នា​ប្រហែល​ជា​ធ្លាប់​ស្គាល់​ច្បាស់​អំពី​ហ្វេសប៊ុក​ហើយ​ ដែល​ជា​បណ្តាញ​សង្គម​ដ៏​ពេញនិយម​ ហើយខណៈ​ពេល​នេះ​វា​បាន​ក្លាយ​ជា​ផ្នែក​សំខាន់​មួយ​ទៅ​ហើយ​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង។ ទោះយ៉ាងណា ​ថ្ងៃនេះ​ AMS ​នឹង​នាំ​ប្រិយមិត្ត​មក​ដឹង​ការពិត​បែប​ខ្មៅងងឹត​ ១០​ យ៉ាង​អំពី​ហ្វេសប៊ុក​ម្ដង។​

.​ ចងចាំ​មុខមាត់

នៅ​ពេល​ដែល​យើង​បង្ហោះ​រូប​ ហ្វេសប៊ុក​មាន​ប្រព័ន្ធ​សម្គាល់​មុខមាត់​មនុស្ស​ដោយ​ស្វ័យប្រវត្តិ​ ហើយ​ Tag​ ទៅ​មនុស្ស​ក្នុង​រូបថត​បាន​យ៉ាង​ត្រឹមត្រូវ។​ ចំណុច​នេះ​ មនុស្ស​មួយ​ចំនួន​មាន​ការ​ព្រួយ​បារម្ភ​ទាក់ទង​នឹង​ការ​រំលោភ​បំពាន​លើ​ភាព​ឯកជន​ដោយ​ពុំ​មាន​ការ​យល់ព្រម​ពី​សាមី​ខ្លួន​ក្នុង​ករណី​ណាមួយ។​

.​ រក្សាទុក​សារ​ជា​សំឡេង

រឿងរ៉ាវ​នេះ​ធ្លាប់​លេចឡើង​ព័ត៌មាន​នៅ​ឆ្នាំ​ ២០១៩​ ថា​ ហ្វេសប៊ុក​បាន​ជួល​ភាគី​ទីបី​ដើម្បី​ស្តាប់​ និង​បម្លែង​សារ​ជា​សំឡេង​ដែល​អ្នក​ប្រើប្រាស់​និយាយ​ទាក់ទង​គ្នា​នៅ​ក្នុង​កម្មវិធី​ Messenger។​ ហើយ​ទន្ទឹម​នឹង​នេះ​ដែរ​ ហ្វេសប៊ុក​បាន​លួច​ថត​សំឡេង​អ្នក​ប្រើប្រាស់​តាមរយៈ​មីក្រូហ្វូន​ទូរស័ព្ទ​ដៃ។​ ទង្វើ​នេះ​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​ជាច្រើន​មិន​ពេញចិត្ត​ ព្រោះ​ជា​ការរំលោភ​លើ​ភាព​ឯកជន។​ ទីបំផុត​ ហ្វេសប៊ុក​បាន​បញ្ចប់​គម្រោង​នេះ​ ដោយ​លើក​ហេតុផល​ថា​ការប្រមូល​ទិន្នន័យ​សំឡេង​នេះ​គឺ​ដើម្បី​យក​ទៅ​អភិវឌ្ឍ​ប្រព័ន្ធ​ AI​ ឱ្យ​ចងចាំ​សំឡេង​ និង​ប្រើប្រាស់​ភាសា​ឱ្យ​បាន​ប្រសើរ​ឡើង​ប៉ុណ្ណោះ។​

.​ តាមដាន​ time​stamp

នៅ​ឆ្នាំ​ ២០១៦​ មាន​ Hacker​ ម្នាក់​ឈ្មោះ​ Soren Louv-Jansen​ បាន​លាតត្រដាង​ដំណឹង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ថា​គេ​អាច​ទាញ​យក​អត្ថប្រយោជន៍​ពី​មុខងារ​ time stamp​ របស់​ Messenger​ ដើម្បី​កំណត់​អត្តសញ្ញាណ​ របៀប​រស់នៅ​របស់​មនុស្ស​ក្នុង​ហ្វេសប៊ុក​បាន។​ ដោយ​ប្រើ​វិធី​សង្កេត​ពេលវេលា​ដែល​ពួកគេ​ Online​ និង​ Offline​ ជា​រឿយៗ​ រហូត​ដល់​អាច​ឃើញ​ថា​ ក្នុង​មួយ​ថ្ងៃ​បុគ្គល​នោះ​លេង​ហ្វេសប៊ុក​នៅ​ពេល​ណា​ខ្លះ​ លេង​យូរ​ប៉ុណ្ណា​ លេង​នៅ​ក្នុង​កុំព្យូទ័រ​ ឬ​ក្នុង​ទូរស័ព្ទដៃ។​ បន្ទាប់មក​ នៅ​ពេល​យក​ទិន្នន័យ​ទាំងអស់​ដាក់​បញ្ចូល​គ្នា​ គួបផ្សំ​នឹង​កត្តា​ផ្សេង​ទៀត​ អាច​ធ្វើ​ឱ្យ​គាត់​វិភាគ​បាន​ពី​ឥរិយាបថ​របស់​បុគ្គល​នោះ​បាន​ ដូចជា​ ពេល​វេលា​គេង​ ពេល​ភ្ញាក់​ ពេល​ធ្វើការ​ ឬ​ពេល​សម្រាក​របស់​គេ។​ គាត់​កំពុង​តែ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ទោះបី​មុខងារ​នេះ​តូចតាច​ ប៉ុន្តែ​អាច​ធ្វើឱ្យ​យើង​តាមដាន​ជីវិត​របស់​អ្នក​ប្រើប្រាស់​បាន​យ៉ាង​លម្អិត។​

៤.​ ឥរិយាបថ​ទទួលទាន​អាហារ

នៅឆ្នាំ​ ២០១៤​ សាកលវិទ្យាល័យ​រដ្ឋ Florida ​បាន​ចេញផ្សាយ​ការសិក្សា​លើ​ស្ត្រី​វ័យក្មេង​ចំនួន​ ៩៦០​ នាក់។​ លទ្ធផល​បាន​រក​ឃើញ​ថា​ ស្រ្តី​ដែល​លេង​ហ្វេសប៊ុក​ច្រើន​ពេក​ មាន​ទំនោរ​ផ្លាស់​ប្តូរ​ឥរិយាបថ​ការ​ទទួលទាន​អាហារ​ ដោយសារ​ការ​ប្រៀបធៀប​រូបរាង​ខ្លួនឯង​ និង​រូបរាង​អ្នកដទៃ​ដែល​ឃើញ​ក្នុង​ហ្វេសប៊ុក ហើយ​ចង់​បង្ហាញ​ឱ្យ​គេ​ឃើញ​ថា​ខ្លួន​ក៏​អាច​មាន​រូបរាង​ស្អាត​ដែរ។​ ហេតុនេះ​ហើយ​ គេ​មាន​ទំនោរ​ផ្លាស់​ប្តូរ​ទម្លាប់​ញ៉ាំ​ និង​គ្រប់គ្រង​របប​អាហារ​ ទាំង​វិធី​ដែល​ត្រឹមត្រូវ​ និង​វិធី​ដែល​មិន​ត្រឹមត្រូវ​ដូចជា​ បង្អត់​អាហារ​ ឬ​លេប​ថ្នាំ​សម្រក​គីឡូ។​

.​ ប៉ះពាល់​សុខភាព​ផ្លូវចិត្ត

យោង​តាម​ការសិក្សា​របស់​សាកលវិទ្យាល័យ​ Yale​ បាន​បង្ហាញ​ថា​ ការ​ញៀន​ហ្វេសប៊ុក​ច្រើន​ពេក​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​ផ្លូវចិត្ត​ជាច្រើន​ផ្នែក ដូចជា​ មិន​សូវ​មាន​ទំនាក់ទំនង​ជាមួយ​សង្គម​ក្នុង​ជីវិត​ពិត​ មិន​ដឹង​ពី​របៀប​ចូល​ចំណោម​ ការ​ប្រៀបធៀប​ជីវិត​ខ្លួនឯង​ជាមួយ​អ្នកដទៃ​ បាត់បង់​ការ​ពេញចិត្ត​នឹង​ខ្លួនឯង​ដែល​ជា​ការ​ដាក់​សម្ពាធ​ និង​ធ្វើបាប​ផ្លូវចិត្ត​ខ្លួនឯង។​ ប្រសិន​បើ​សន្សំ​ទុក​យូរៗ​ទៅ​ បញ្ហា​អាច​នឹង​រីករាល​ដាល​កាន់តែ​ធំ។​

៦.​ ដឹង​ថា​យើង​នៅ​ឯណា

កាលពី​ពាក់​កណ្តាល​ឆ្នាំ​ ២០១៥​ Hacker​ ម្នាក់​បាន​ទម្លាយ​ថា​ Messenger​ អាច​កំណត់​ទីតាំង​អ្នក​ប្រើប្រាស់​បាន​ ហើយ​ពួកគេ​ក៏​យក​ទៅ​អនុវត្ត​ដើម្បី​តាមដាន​ទីតាំង​របស់​ Friend​ ក្នុង​ហ្វេសប៊ុក​ក្នុង​ពេលវេលា​ជាក់ស្តែង។​ បើ​ប្រើ​ក្នុង​ផ្លូវ​ខុស​ អាច​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ ឬ​ឧក្រិដ្ឋកម្ម។​ ប្រាកដ​ណាស់​ គ្មាន​នរណា​ចង់​ឱ្យ​គេ​ដឹង​ថា​ខ្លួន​នៅ​ទីណា​ទេ។​ ក្រោយមក​ហ្វេសប៊ុក​ក៏​បាន​បិទ​កម្មវិធី​នេះ​ ធ្វើឱ្យ​ Hacker​ មិន​អាច​ប្រើប្រាស់​វា​ត​ទៅ​ទៀត​បាន។​ ប៉ុន្តែ​ មនុស្ស​ជាច្រើន​នៅ​តែ​បារម្ភ​ថា​ហ្វេសប៊ុក​នៅតែ​ប្រមូល​ទិន្នន័យ​ដូចនេះ​ តែ​គ្រាន់តែ​មិន​ត្រូវ​បាន​បង្ហាញ​ឱ្យ​សាធារណជន​ទូទៅ​បាន​ដឹង​ទេ​ឬ​យ៉ាងណា?​

.​ ញៀន

ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​យក​ចិត្តទុកដាក់​ក្នុង​ការអភិវឌ្ឍន៍​ Algorithm​ ដើម្បី​ទាក់ទាញ​ឱ្យ​មនុស្ស​លេង​ហ្វេសប៊ុក​កាន់តែ​យូរ។​ ទង្វើ​បែបនេះ​ អ្នកស្រាវជ្រាវ​ឆ្ងល់​ថា​ តើ​វា​អាច​ជា​ការញៀន​ ឬ​អត់?​ ទើប​នៅ​ឆ្នាំ​ ២០១៤​ មាន​ការសិក្សា​ស្កែន​ខួរក្បាល​អ្នក​ប្រើប្រាស់​ថ្នាំញៀន​ និង​អ្នក​ដែល​លេង​ហ្វេសប៊ុក​រយៈពេល​យូរៗ។​ ជា​លទ្ធផល​ អ្នក​ដែល​ចូលចិត្ត​លេង​ហ្វេសប៊ុក​យូរៗ​ ការធ្វើការ​របស់​ខួរក្បាល​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​អ្នក​ប្រើ​ថ្នាំញៀន​ ខូខេន។​ ក្រៅពី​ Algorithm​ របស់​ហ្វេសប៊ុក​វា​ក៏​រួមបញ្ចូល​កត្តា​ផ្ទាល់ខ្លួន​ និង​កត្តា​សង្គម​ផងដែរ​ ដែល​ធ្វើឱ្យ​មនុស្ស​ចំណាយ​ពេល​ច្រើន​លើ​ហ្វេសប៊ុក។​

.​ កាន់​តែ​លេង កាន់តែ​ឯកោ

ផ្សារភ្ជាប់​នឹង​ចំណុច​កន្លងមក​ ការសិក្សា​បាន​រកឃើញ​ថា​ ការប្រើប្រាស់​ហ្វេសប៊ុក​ច្រើន​ពេក​អាច​បណ្តាល​ឱ្យ​មាន​ការដក​ខ្លួន​ឃ្លាត​ឆ្ងាយ​ពី​សង្គម​ក្នុង​ជីវិត​ពិត​ ប្រៀបធៀប​ខ្លួនឯង​ជាមួយ​អ្នកដទៃ​ អាច​ក្លាយ​ជា​មនុស្ស​ឯកោ ព្រោះ​ឃើញ​តែ​សេចក្តី​សុខ​ សុភមង្គល​ ភាពសប្បាយ​រីករាយ​ និង​រឿង​ល្អៗ​ដែល​គេ​ចង់ប​ង្ហាញ​ ខណៈពេល​ដែល​ជីវិត​ខ្លួនឯង​ពោរពេញ​ដោយ​ភាព​ឯកា​ និង​ភាពស្រពិចស្រពិល​ ធ្វើឱ្យ​កាន់តែ​មាន​អារម្មណ៍​ឯកោ​ មិន​ចេញ​ទៅ​ក្រៅ​សង្គម​ សុខចិត្ត​តាមដាន​ជីវិត​គេ​ក្នុង​ហ្វេសប៊ុក​តែ​ម្នាក់ឯង​វិញ។​

.​ បន្ទប់​ឆ្លុះ​បញ្ចាំង​ខ្លួនឯង

ដោយ​ហេតុ​ថា​ Algorithm​ របស់​ហ្វេសប៊ុក​ស្វែងយល់​ និង​ចងចាំ​អាកប្បកិរិយា​របស់​យើង​នៅ​ពេល​លេង​ ធ្វើឱ្យ​វា​ព្យាយាម​បង្ហាញ​មាតិកា​ដែល​យើង​ចាប់អារម្មណ៍​ជារឿយៗ។​ នេះ​ជា​មូលហេតុ​បង្ក​ឱ្យ​មាន​បាតុភូត​ Echo Chamber​ ឬ​ការ​ឆ្លុះ​បញ្ចាំង​ខ្លួនឯង។​ វា​ជា​បាតុភូត​ដែល​យើង​អាច​មើល​ឃើញ​ ឬ​ទទួល​បាន​ព័ត៌មាន​តែ​ម្ខាង​ ដោយ​មិនមាន​ការទទួល​ដឹង​ព័ត៌មាន​ពី​ជ្រុង​ផ្សេងៗ​ទៀត។​ ឧទាហរណ៍​ បើ​យើង​ចូលចិត្ត​តាមដាន​បក្ស​ស្តាំ​និយម​ ដូចជា​ ចុច​ Like​ និង​ Share​ ញឹកញាប់​ ហ្វេសប៊ុក​នឹង​បង្ហាញ​តែ​​មាតិកា​ទាក់ទង​នឹង​បក្ស​ស្តាំ​និយម។​ វា​ក៏​រួមបញ្ចូល​រឿង​ផ្សេងៗ​ទៀត​ក្នុង​ជីវិត​រស់នៅ​ដែរ​ ហើយ​អ្នកស្រាវជ្រាវ​ចង្អុល​បង្ហាញ​ថា​អាច​នាំ​ទៅ​រក​ការ​ស្អប់ខ្ពើម​ និង​ជំនឿ​បែប​ខុសៗ​នៅ​ក្នុង​សង្គម​បាន។​

១០.​ បែក​ធ្លាយ​ទិន្នន័យ

ហ្វេសប៊ុក​បាន​ប្រមូល​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់​ស្ទើរតែ​ទាំងអស់​ ដែល​ជា​របស់​ដ៏​មាន​តម្លៃ​និង​ជា​ចំណុច​រសើប​របស់​មនុស្ស។​ ប្រសិន​បើ​មាន​ការ​បែកធ្លាយ​ដោយ​ចេតនា​ ឬ​អចេតនា​ នឹង​នាំមក​នូវ​បញ្ហា​ជាច្រើន។​ ដូចជា​ រង​ការ​យាយី​ លួច​ព័ត៌មាន​ ក្លែងបន្លំ​ខ្លួន​ និង​ជាច្រើន​ទៀត​ ឬ​អាច​រីករាលដាល​ក្លាយ​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ជាច្រើន​ដែល​បង្ក​ការខូចខាត​ដល់​អាយុ​ជីវិត​ និង​ទ្រព្យ​សម្បត្តិ។​ មិន​ថា​ក្រុមហ៊ុន​ធំ​ប៉ុណ្ណា​ទេ​ ក៏​មិន​អាច​ធានា​បាន​ ១០០%​ ដែរ​ថា​គេ​អាច​រក្សាទុក​ព័ត៌មាន​របស់​យើង​បាន​រហូត​ ឬ​មិនមាន​ការ​លក់​ទិន្នន័យ​របស់​យើង​ជា​សម្ងាត់។​ ករណី​របស់​ហ្វេសប៊ុក​នៅ​ឆ្នាំ​ ២០២១​ ពួកគេ​បាន​ធ្វើ​ឱ្យ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់​បែកធ្លាយ​ចំនួន​ ៥៣៣​ លាន​គណនី​រហូត​ដល់​ក្លាយ​ជា​បញ្ហា​ធំ​ដុំ​ត្រូវ​ឡើង​តុលាការ៕