ប្រាសាទអង្គរវត្តបានជាប់ចំណាត់ថ្នាក់លេខ១ ទៅលើការស្រង់មតិដែលធ្វើឡើងដោយគេហទំព័រអង់គ្លេស morninglife.co.uk និងប្រមូលទិន្នន័យវាយតម្លៃដោយ Tripadvisor ដើម្បីស្វែងរក កំណត់ចំណាត់ថ្នាក់កន្លែងមើលថ្ងៃរះ និងថ្ងៃលិចល្អបំផុតជុំវិញពិភពលោក។
ភាពទាក់ទាញនៃតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ អង្គរវត្ត ទទួលបានសំឡេងគាំទ្រចំនួន ១០៤០៤ សំឡេងដែលច្រើនជាងចំនួនសន្លឹកឆ្នោតរបស់តំបន់ Haleakala Crater របស់អាមេរិកជាប់ចំណាត់ថ្នាក់លេខ២ ដល់ទៅ២ដង។
គេហទំព័រ morninglife.co.uk បានរៀបរាប់តាមអ្នកទេសចរម្នាក់ពីការមើលថ្ងៃរះនៅអង្គរវត្តថា៖ «ផ្លូវដើរដែលកាត់ដើមឈើទៅកាន់ក្លោងទ្វារខាងកើត និងទៅកាន់បរិវេណធំ គឺប្រៀបដូចជាតំបន់វេទមន្តអ៊ីចឹង ដែលជារឿយៗពុំទាន់មានមនុស្សច្រើនទេនៅពេលព្រលឹម ហើយអមជាមួយសំឡេងសត្វស្លាបនៅពេលរៀបភ្លឺ»។
គេហទំព័រដដែលនេះក៏បានបន្តថា ប្រាសាទដែលជាដួងព្រលឹងរបស់កម្ពុជានេះ មានការលើកឡើងពីអ្នកទេសចរ ពីរដងកន្លះលើសកន្លែងសម្រាប់មើលថ្ងៃរះទាក់ទាញដទៃផ្សេងទៀតក្នុងពិភពលោក។

គួរបញ្ជាក់ដែរថានៅចន្លោះថ្ងៃទី ២០-២២ខែមិនានេះ ព្រឹត្តិការណ៍ថ្ងៃរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត «សមរាត្រី» ឬជាភាសាអង់គ្លេស «Angkor Wat equinox» នឹងកើតឡើងលើកទី១ សម្រាប់ឆ្នាំ ២០២៣ នេះបើតាមការផ្សព្វផ្សាយរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។
ខាងក្រោមនេះគឺកន្លែងមើលថ្ងៃរះល្អបំផុតទាំង ១០ ក្នុងពិភពលោក៖
- អង្គរវត្ត ប្រទេសកម្ពុជា
- Haleakala Crater សហរដ្ឋអាមេរិក
- Taj Mahal ប្រទេសឥណ្ឌា
- ប្រាសាទ Borobudur ប្រទេសឥណ្ឌូនេស៊ី
- Uluru ប្រទេសអូស្ត្រាលី
- Sarangkot ប្រទេសនេប៉ាល់
- ប្រាសាទបាកាន ប្រទេសមីយ៉ាន់ម៉ា
- កំពូលភ្នំអ័ដាម (ស្រីប៉ា) ប្រទេសស្រីលង្កា
- Charles Bridge សាធារណរដ្ឋឆេក
- Santuario Historico de Machu Picchu ប្រទេសប៉េរូ៕

























































Account
Security
Favourite Content