កូនខ្មែរកាត់បារាំង Mélia Constantin ត្រូវបាន TC Candler ដែលជាវេទិកាកម្សាន្តដ៏ល្បីល្បាញលើពិភពលោក បានជ្រើសរើសឲ្យមានការបោះឆ្នោត ដើម្បីក្លាយជាបេក្ខភាព “បុគ្គលដែលមានមុខមាត់ស្រស់ស្អាតបំផុត ១០០ នាក់”។

សម្រាប់រូបភាព មាលា ក្នុងផ្ទាំង Poster ដែលផ្សព្វផ្សាយនៅលើបណ្ដាញសង្គម TC Candler ពិតជាស្រស់ស្អាត និងបង្ហាញពីអន្តសញ្ញាណនាងច្បាស់ ដោយគេបានជ្រើសរើសរូបភាព មាលា ស្ថិតក្នុងឈុតសម្លៀកបំពាក់ដែលជាតួ នាង ក្នុងរបាំព្រះរាជ្យទ្រព្យ ដោយបង្ហាញពីសម្រស់បែបកូនបារាំង កាត់ខ្មែរស្រស់ស្អាតពិតៗតែម្ដង។
មុខដ៏ស្រស់សោភា អមដោយឈុតបុរាណខ្មែរមាន មកុដនាង(ក្បាំង), ផ្កាសៀតស្ដាំ, ខ្សែជី ឬខ្សែក, ស្នាប់ដៃ, ផ្កាញ័រ, ផ្កាល្បាក់ខាងឆ្វេង, សុរ៉ង់ក, ស្បៃនាង ព្រមទាំងគ្រឿងតុបតែងខ្មែរជាច្រើនទៀត ធ្វើឲ្យ មាលា កាន់តែទទួលបានការចាប់អារម្មណ៍ សមដោយទីតាំងថតនៅប្រាសាទបុរាណខ្មែរទៀត ពិតជាអស្ចារ្យ។



TC Candler បានបង្ហោះរូបភាព តារាបង្ហាញម៉ូដ និងជាតារាសម្ដែងខ្មែរ Mélia Constantinជាមួយបេក្ខភាពជាច្រើនទៀតថា “តើអ្នកចង់ឃើញនរណាត្រូវបានគេស្នើឈ្មោះ? តើអ្នកពេញចិត្តបុគ្គលរូបណាជាងគេ? តើអ្នកណាពីប្រទេសរបស់អ្នកដែលស័ក្តិសម បំផុតសម្រាប់បញ្ជីនេះ? ប្រសិនបើអ្នកចង់ស្នើឈ្មោះ និងចូលរួមបោះឆ្នោត សូមចូលរួមជាមួយអ្នកគាំទ្រជាង ៧០ ០០០ នាក់ផ្សេងទៀតនៅលើ Patreon របស់យើង! (តំណភ្ជាប់មាននៅក្នុងផ្នែកប្រវត្តិរូប/Bio)។ តោះមកស្វែងរក ចែករំលែក និងពិភាក្សាអំពីបុគ្គលដែលមានរូបសម្រស់ស្រស់ស្អាត និងសង្ហាអស្ចារ្យមកពីជុំវិញពិភពលោកទាំងអស់គ្នា”។
មាលា តែងតែត្រូវបានបរទេស ពិសេសសារព័ត៌មាន ក៏ដូចជាផេក ដែលនិយាយពីសម្រស់ លើកតម្កើងនាង ព្រោះរូបសម្ផស្សនាង ពិតជាពិបាកនឹងបរិយាយណាស់ កែវភ្នែកមុតស្រួច ទម្រង់មុខ សមនឹងដងខ្លួនស្រឡូន។


កញ្ញាកូនកាត់បារាំងខ្មែររូបនេះ តែងត្រូវបានមហាជនខ្មែរ ក៏ដូចជាអ្នកគាំទ្រវិស័យបវរកញ្ញាមិនថាក្នុងស្រុកខ្មែរ និងអន្តរជាតិឡើយ ចង់ឲ្យនាងចូលប្រកួតកម្មវិធីប្រកួតប្រជែងសម្រស់ក្នុងប្រទេស ដើម្បីទទួលបានឱកាសចេញទៅតំណាងជាតិ។
TC Candler គឺជាវេទិកាកម្សាន្ត និងជាគម្រោងរិះគន់ភាពយន្ត ដែលល្បីល្បាញបំផុតតាមរយៈការចេញផ្សាយបញ្ជីប្រចាំឆ្នាំនូវ “បុគ្គលដែលមានមុខមាត់ស្រស់ស្អាតបំផុត ១០០ នាក់” និង “បុគ្គលដែលមានមុខមាត់សង្ហាបំផុត ១០០ នាក់”។ TC Candler បង្កើតឡើងនៅឆ្នាំ ១៩៩០ ដោយអ្នករិះគន់ភាពយន្តម្នាក់ឈ្មោះ TC Candler (Thomas Clement Candler) រួមជាមួយក្រុមការងារតូចមួយដែលមានឈ្មោះថា “The Independent Critics” ហើយប្រតិបត្តិការរបស់វាមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែល TC Candler បានលើកជាបេក្ខភាពក្នុងបញ្ជីឈ្មោះក្នុងការបោះឆ្នោតមួយនោះ។ ទោះយ៉ាងណា លទ្ធផលមិនទាន់បានបង្ហាញនៅឡើយទេ តែវត្តមាន មាលា ក្នុងកម្មវិធីបោះឆ្នោតនោះ ទទួលបានការសាទរខ្លាំង៕




រូបភាព៖ Mélia Constantin និង TC Candler


















































Account
Security
Favourite Content