ថ្មីៗនេះសិល្បករស្រីលំដាប់លេខមួយក្នុងពិភពលោកនាពេលបច្ចុប្បន្ន Taylor Swift បានប្រកាសបន្ថែមការប្រគំតន្ត្រី ៣ថ្ងៃទៀត សម្រាប់ ‘The Eras Tour’ ដែលជាការប្រគំតន្ត្រីចុងក្រោយរបស់នាង គឺនៅថ្ងៃទី ៧ ៨ និង ៩ ខែមីនា ឆ្នាំ ២០២៤ ធ្វើឱ្យការសម្ដែងរបស់ Taylor Swift នៅប្រទេសសិង្ហបុរីឡើងដល់សរុប ៦ថ្ងៃ។
រឿងនេះបាននាំឱ្យមានការងឿងឆ្ងល់ ជាពិសេសសម្រាប់អ្នកគាំទ្រក្នុងតំបន់អាស៊ាន ដោយសារតែមែនទែនទៅហ្វេនរបស់តារាវ័យ ៣៣ឆ្នាំរូបនេះមិនមែនមានតែនៅក្នុងប្រទេសសិង្ហបុរីប៉ុណ្ណោះទេ ប៉ុន្តែមានច្រើនទៀតនៅគ្រប់ប្រទេសអាស៊ាន រួមទាំងប្រទេសថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី ដែលបើមើលក្នុងន័យចំនួនប្រជាជនគឺច្រើនជាងប្រទេសសិង្ហបុរីច្រើនដងណាស់។
ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺមិនមែនតែ Taylor Swift ទេដែលបានជ្រើសរើសប្រទេសសិង្ហបុរី តែកំពូលក្រុមចម្រៀងរ៉ុក Coldplay ក៏ជ្រើសរើសរៀបចំការសម្ដែងក្នុងប្រទេសសិង្ហបុរីរហូតដល់ ៦ថ្ងៃផងដែរក្នុងខែមករា ឆ្នាំ២០២៤។
ទន្ទឹមនឹងនេះដែរក្រុមកីឡាលំដាប់ពិភពលោកដូចជា Liverpool រួមទាំង Bayern Munich, Tottenham Hotspur, Roma សុទ្ធតែជ្រើសរើសធ្វើដំណើរមកប្រទេសសិង្ហបុរីសម្រាប់ពិធីបុណ្យបាល់ទាត់ Festival of Football នៅខែក្រោយ មុនពេលរដូវកាលថ្មី 2023/24 ចាប់ផ្តើម។
តើអ្វីធ្វើឱ្យសិង្ហបុរីក្លាយជាគោលដៅសម្រាប់សិល្បករ តារាចម្រៀង និងក្រុមកីឡាទាំងនេះ?

១. ទីតាំងជាចំណុចផ្សាភ្ជាប់
ហេតុផលដំបូងមិនពិបាកយល់នោះគឺ “ទីតាំង”។ ដោយសារទីតាំងរបស់សិង្ហបុរីនៅចំចំណុចកណ្តាលនៃតំបន់អាស៊ាន ការធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីមានភាពងាយស្រួលសម្រាប់អ្នកគាំទ្រក្នុងតំបន់នេះ។ ជាក់ស្ដែង បើហោះពីកម្ពុជា វៀតណាម និងថៃគឺចាយពេលខ្ទង់ ២ម៉ោងតិចតួចប៉ុណ្ណោះ ហើយបើហោះពីទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ីគឺតែ ១ម៉ោង៤០នាទី។
លោក Kevin Wee សាស្ត្រាចារ្យនៅសាលាពាណិជ្ជកម្ម Nanyang Polytechnic បានអត្ថាធិប្បាយប្រាប់ Channel News Asia អំពីបញ្ហានេះថា៖ “ទីតាំងល្អបំផុតនោះហើយគឺភាពទាក់ទាញសម្រាប់សិល្បករ ហើយនឹងអាចប្រែក្លាយក្រុមអ្នកគាំទ្រទៅជាភ្ញៀវទេសចរ ធ្វើឱ្យពួកគេអាចស្វែងរកក្ដីសុខផ្សេងទៀត បន្ថែមពីលើការទៅមើលការប្រគំតន្ត្រី”។
អត្ថប្រយោជន៍មួយទៀតសម្រាប់សិង្ហបុរីនោះគឺ ពួកគេជាប្រទេសដែលមានស្ថិរភាពនយោបាយ និងសង្គមខ្ពស់។ នៅក្នុងប្រទេសនេះមិនសូវមានបញ្ហានយោបាយ ឬសន្តិសុខច្រើនទេ បើធៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់ ដូចជា ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ឬថៃ (Taylor Swift ធ្លាប់លុបចោលការប្រគំតន្ត្រីតែម្ដងប៉ុណ្ណោះ គឺម្ដងនោះគឺនៅប្រទេសថៃក្នុងឆ្នាំ ២០១៤ ដោយសារការធ្វើរដ្ឋប្រហារ)។
លើសពីនេះ ប្រទេសសឹង្ហបុរីផ្ទាល់មានរូបភាពដែលគេស្គាល់ថាជា Night Life Capital ឬជាទីក្រុងសម្រាប់អ្នកដើរលេងពេលរាត្រីនៃតំបន់អាស៊ាន ហើយតែងតែអាចទាក់ទាញភ្ញៀវទេសចរមកពីប្រទេសជិតខាងដូចជាម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឬហ្វីលីពីន ដើម្បីធ្វើដំណើរទៅលេងថ្ងៃចុងសប្តាហ៍។
រូបភាពបែបនេះធ្វើឱ្យបណ្ដាផលិតកម្ម សិល្បករ ឬក្រុមកីឡាលំដាប់ពិភពលោក យកចិត្តទុកដាក់ចំពោះពួកគេច្រើនទៅៗ ខណៈដែលពីដើមមកបើប្រគំតន្ត្រីទេសចរណ៍នៅអាស៊ីគេប្រហែលទៅជប៉ុន ឬទៅអូស្ត្រាលី តែឥឡូវនេះបើគិតពីការជ្រៀតចូលអ្នកគាំទ្រនៅអាស៊ាន គេនឹងទៅសិង្ហបុរីមុនគេ។
២. បទពិសោធន៍ល្អគឺជ័យជម្នះច្រើនជាងពាក់កណ្តាល
ការធ្វើដំណើរមិនមែនជាគុណសម្បត្តិតែមួយរបស់ប្រទេសសិង្ហបុរីនោះទេ តែលើសពីនេះ ពួកគេក៏មានកន្លែងរៀបចំជាច្រើនសម្រាប់ព្រឹត្តិការណ៍នានា។
ពហុកីឡដ្ឋានជាតិសិង្ហបុរី គឺជាកីឡដ្ឋានលំដាប់ពិភពលោក ដែលអាចផ្ទុកព្រឹត្តិការណ៍ធំៗបានយ៉ាងងាយស្រួល រួមទាំងការរៀបចំការប្រគំតន្ត្រីនៅក្នុងមាត្រដ្ឋានលំដាប់អន្តរជាតិថែមទៀត។ ដូច្នេះ ក្រៅពីការរៀបចំការប្រកួតបាល់ទាត់ក្នុងអំឡុងខែកក្កដា ដល់ដើមខែសីហា ជាមួយនឹងក្រុមបាល់ទាត់កំពូលៗដូចជា Liverpool, Bayern Munich, Leicester City, Tottenham Hotspur និង Roma ចូលរួម ពហុកីឡដ្ឋានជាតិដែលមានសមត្ថភាពផ្ទុកមនុស្សរហូតដល់ ៥៥០០០ នាក់មួយនេះ ក៏អាចរៀបចំកម្មវិធីប្រគំតន្ត្រីសម្រាប់តារាកំពូលៗដូចជា Coldplay ឬ Taylor Swift បានយ៉ាងរំភើយ។

ខណៈដែលបើជាកម្មវិធីខ្នាតតូច ឬព្រឹត្តិការណ៍ដែលទាមទារភាពអស្ចារ្យខ្ពស់ គឺអាចជ្រើសរើសកន្លែងផ្សេងទៀតដូចជា Esplanade ឬ Victoria Memorial Hall ដែលត្រៀមរួចជាស្រេចសម្រាប់សិល្បករមកពីប្រទេសកូរ៉េ ជប៉ុន ឬមកពីអឺរ៉ុប និងសហរដ្ឋអាមេរិកដើម្បីសម្តែងនៅប្រទេសសិង្ហបុរីពេញមួយឆ្នាំ។
ហេតុផលមួយទៀតគឺថាវិធានការ COVID នៅក្នុងប្រទេសសិង្ហបុរីមានភាពបត់បែនខ្លាំង ធ្វើឱ្យសិល្បករ ឬក្រុមកីឡាចាត់ទុកថាពួកគេជាជម្រើសដំបូង សម្រាប់ការធ្វើដំណើរទៅជួបអ្នកគាំទ្រនៅអាស៊ាន។
ចំណែកអ្នកគាំទ្រក៏ចូលចិត្តមកទស្សនាការប្រគំតន្ត្រី ឬទស្សនាបាល់ទាត់នៅប្រទេសសិង្ហបុរីដូចគ្នា ព្រោះក្រៅពីការធ្វើដំណើរចូលប្រទេសងាយស្រួល មិនហត់នឿយខ្លាំង ការធ្វើដំណើរក្នុងប្រទេសសិង្ហបុរីផ្ទាល់ក៏ស្ថិតក្នុងកម្រិតដ៏ល្អមួយ ទាំងការធ្វើដំណើរពីអាកាសយានដ្ឋានទៅកណ្តាលទីក្រុង ឬទៅកន្លែងរៀបចំកម្មវិធី ដូចជាពហុកីឡដ្ឋានជាតិ ក៏មានរថភ្លើងក្រោមដី ដែលគ្រាន់តែដើរចេញពីស្ថានីយគឺដល់កន្លែងបាត់។
ភាពងាយស្រួលនានា ក៏ត្រូវបានភ្ជាប់មកជាមួយវិធានការសុវត្ថិភាពដ៏ល្អផងដែរ។ ការធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីស្ទើរតែគ្មានហានិភ័យកើតបញ្ហា ដែលនេះជាហេតុផលដ៏ល្អមួយទៀតធ្វើឱ្យសិង្ហបុរីចាប់ផ្តើមក្លាយជា “មជ្ឈមណ្ឌល” នៅក្នុងបេះដូងរបស់មនុស្សគ្រប់រូប។បទពិសោធន៍ល្អៗទាំងនេះគឺគ្រប់គ្រាន់នឹងឱ្យអ្នកគាំទ្រធ្វើដំណើរឆ្លងប្រទេសមកមើល និងសុខចិត្តចំណាយប្រាក់បន្ថែម ប៉ុន្តែទទួលបានពេលវេលាល្អៗមកវិញសម្រាប់ពួកគេ។
៣. អ្នកនៅពីក្រោយភាពជោគជ័យ
ទោះយ៉ាងណាក៏ដោយ រឿងនេះនឹងមិនអាចទៅរួចនោះទេ ប្រសិនបើគ្មានអ្នកព្យាយាមភ្ជាប់អ្វីគ្រប់យ៉ាងនៅពីក្រោយឆាក។ ទីភ្នាក់ងារដែលសមនឹងទទួលបានការសរសើរពីប្រជាជនសិង្ហបុរីគឺក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) ដែលប្រើប្រាស់កម្លាំងទាំងខាងក្រៅ និងខាងក្នុងយ៉ាងសម្បើម ដើម្បីជំរុញសិង្ហបុរីឱ្យទៅជាមជ្ឈមណ្ឌលរួមឱ្យបាន។
ក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរីមើលឃើញថាឧស្សាហកម្មតន្ត្រី និងការកម្សាន្ត (កីឡា) ជាផ្នែកនៃ MICE (Meetings, Incentives, Conferences, and Exibitions ឬ ការប្រជុំ ការលើកទឹកចិត្ត សន្និសីទ និងពិព័រណ៍) ដូច្នេះពួកគេព្យាយាមគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងពេញទំហឹងចំពោះវិស័យនេះ ជាពិសេសក្នុងរយៈពេលក្រោយកូវីដ ដើម្បីពន្លឿនការរស់ឡើងវិញរបស់ប្រទេសសិង្ហបុរីក្នុងនាមជាមជ្ឈមណ្ឌលសម្រាប់តន្ត្រី និងការកម្សាន្តលំដាប់ពិភពលោកនៅក្នុងតំបន់អាស៊ាន។
ការវិវត្តគួរឱ្យចាប់អារម្មណ៍ខ្លះៗរួមមានក្រុមហ៊ុនយក្សនៃឧស្សាហកម្មតន្ត្រីបានមកបើកការិយាល័យ ឬហាងនានាក្នុងប្រទេសសិង្ហបុរី ដូចជា Universal Music Group ដែលមានទីស្នាក់ការកណ្តាលអាស៊ាននៅប្រទេសសិង្ហបុរី ខណៈដែលក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរីក៏បានចាប់ដៃគូជាមួយសិល្បករអន្តរជាតិ Charlie Puth និង Warner Music ដើម្បីជួយផ្សព្វផ្សាយប្រទេសសិង្ហបុរីជាគោលដៅដ៏ល្អបំផុតសម្រាប់ ឧស្សាហកម្មតន្ត្រី និងបានសហការជាមួយ Jackson Wang ក្នុងការថត vlog ដំណើរកម្សាន្តនៅសិង្ហបុរី ដើម្បីផ្សព្វផ្សាយប្រទេសរបស់ខ្លួនផងដែរ។
ផលអ្វីខ្លះដែលពួកគេទទួលបាន?
គិតតែការប្រគំតន្ត្រី Taylor Swift ចំនួន៦ថ្ងៃក្នុងខែមីនា ឆ្នាំ ២០២៤ គេបានប៉ាន់ប្រមាណថា នឹងមាន Swifties រហូតដល់ ២សែននាក់ទៅលេងប្រទេសសិង្ហបុរីក្នុងអំឡុងពេលនោះ ដែលនេះនឹងមានឥទ្ធិពលយ៉ាងមហាសាលដល់ឧស្សាហកម្មទេសចរណ៍ក្នុងស្រុក ខណៈអ្នកគាំទ្រពីប្រទេសផ្សេងៗនឹងប្រែក្លាយទៅជាអ្នកទេសចរដែលចំណាយពេលច្រើនថ្ងៃ ច្រើនម៉ោង និងចំណាយប្រាក់ញ៉ាំ ផឹក និងដើរទិញអីវ៉ាន់ក្នុងប្រទេសសិង្ហបុរី។
ខណៈដែលការមកដល់របស់ Coldplay ក្នុងខែមករា ឆ្នាំ ២០២៤ បានធ្វើឱ្យការស្វែងរកសណ្ឋាគារនៅលើវេទិកាធ្វើដំណើរ Agoda កើនឡើង 8.7 ដង។ ក្រុមមនុស្សដែលស្វែងរកកន្លែងស្នាក់នៅមិនត្រឹមតែមកពីប្រទេសឥណ្ឌូនេស៊ី ឬម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏មានពីប្រទេសថៃ ហុងកុង រហូតដល់សហរដ្ឋអាមេរិក ឬអូស្ត្រាលីផងដែរ ៕
























































Account
Security
Favourite Content