ផ្អែកតាមរបាយការណ៍ដំណាច់ឆ្នាំពីគេហទំព័រ Boxofficemojo ចំណាត់ថ្នាក់លេខ១ ក្នុងបញ្ជីភាពយន្តរកចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០២៤នេះ គឺភាពយន្តគំនូរជីវចល “Inside Out 2” ដែលអាចរកបានខ្ទង់ ១៧០០ លានដុល្លារជុំវិញពិភពលោក។ ចំណូលនេះបានធ្វើឱ្យភាពយន្តដែលចេញវគ្គដំបូងកាលពីឆ្នាំ២០១៥ មួយនេះអាចវ៉ាដាច់ភាពយន្ត “Frozen 2” ក្លាយជាភាពយន្តរកចំណូលបានខ្ពស់បំផុតលំដាប់ទី៨ ក្នុងប្រវត្តិសាស្ត្រ។
ចំណែកភាពយន្តចំណូលខ្ពស់លំដាប់ទី ២ក្នុងឆ្នាំ២០២៤នេះគឺភាពយន្ត Superhero កំប្លែង “Deadpool & Wolverine” ដែលអាចរកចំណូលបាន ១៣៣០ លានដុល្លារទូទាំងពិភពលោក ស្របពេលចំណាត់ថ្នាក់លេខ៣ បានលើភាពយន្តតុក្កតា Minion “Despicable Me” វគ្គ ៤ ដែលអាចរកចំណូលជុំវិញពិភពលោកបាន ៩៦៩ លានដុល្លារ។
ចំណាត់ថ្នាក់កំពូលទី៤ គឺភាពយន្តគំនូរជីវចលដំណើរផ្សងព្រេង “Moana” វគ្គ២ ដែលទើបតែចេញបញ្ចាំងនៅចុងឆ្នាំ ប៉ុន្តែអាចរកចំណូលបានដល់ ៨៨២ លានដុល្លារ ស្របពេលភាពយន្តវិទ្យាសាស្ត្រ “Dune: Part 2” ដែលសម្ដែងដោយ Timothee Chalamet ស្ថិតនៅចំណាត់ថ្នាក់លេខ៥ ជាមួយចំណូលសរុប ៧១៤ លានដុល្លារ។
ចំណាត់ថ្នាក់ផ្សេងៗទៀតរួមមាន៖
ចំណាត់ថ្នាក់លេខ៦ គឺភាពយន្តល្ខោនតន្ត្រី “Wicked” អាចរកចំណូលសរុប ៦៣៥ លានដុល្លារ។
ចំណាត់ថ្នាក់លេខ៧ គឺភាពយន្តសត្វចម្លែក “Godzilla x Kong: The New Empire” អាចរកចំណូលសរុប ៥៧១ លានដុល្លារ។
ចំណាត់ថ្នាក់លេខ៨ គឺភាពយន្តគំនូរជីវចល “Kong Fu Panda 4” អាចរកចំណូលសរុប ៥៤៧ លានដុល្លារ។
ចំណាត់ថ្នាក់លេខ៩ គឺភាពយន្ត “Venom: The Last Dance” អាចរកចំណូលសរុប ៤៧៦ លានដុល្លារ។
ចំណាត់ថ្នាក់លេខ១០ គឺភាពយន្តរន្ធត់ “Beetlejuice Beetlejuice” អាចរកចំណូលសរុប ៤៥១ លានដុល្លារ ៕