ផលិតកម្ម Wonder Film Entertainment កាលពីចុងសប្តាហ៍កន្លងទៅ បានរៀបចំពិធីសន្និសីទសារព័ត៌មាន ស្តីពីការផ្សព្វផ្សាយនៅអន្តរជាតិអំពីខ្សែភាពយន្ត «កំណើតអរូប» ឬ «The Ritual Black NUN» នៅបរិវេណរោងភាពយន្ត Major Cineplex by Smart Aeon 1 ក្រោមការអញ្ជើញចូលរួមពីឯកឧត្តម ស៊ិន ចន្ទសាយ៉ា ទីប្រឹក្សាអមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ឆាយ បូរ៉ា ប្រធានសមាគមន៍ភាពយន្តកម្ពុជា, សិល្បករ សិល្បការិនី និងអ្នកពាក់ព័ន្ធវិស័យភាពយន្តយ៉ាងច្រើនកុះករ។






ក្នុងពិធីសន្និសីទសារព័ត៌មាន លោក សែម វិសាល ចាងហ្វាងផលិតកម្ម វ័នឌើរហ្វីម និងអឺរ៉ាយ ភីកឈ័រ និងជាអ្នកនិពន្ធ ព្រមទាំងដឹកនាំរឿង កំណើតអរូប ប្រកាសដោយក្តីមោទនភាពថា ខ្សែភាពយន្តខ្នាតធំរបស់ខ្មែរ គឺរឿង «កំណើតអរូប» នឹងត្រូវចេញទៅចាក់បញ្ចាំងនៅទូទាំងអាស៊ីអាគ្នេយ៍ និងប៉ែកអឺរ៉ុប ដល់ទៅ ១៥ ប្រទេសធំៗ នាដើមឆ្នាំ ២០២៤ ខាងមុខនេះ។
នេះជាដំណឹងដ៏សែនរីករាយសម្រាប់វិស័យភាពយន្តកម្ពុជាយើង ដែលផលិតកម្ម Wonder Film Entertainment កំពុងបើកទំព័រប្រវត្តិសាស្រ្តភាពយន្តកម្ពុជាឆ្ពោះទៅកាន់អន្តរជាតិយ៉ាងច្រើនប្រទេសដូច្នេះ ហើយនេះក៏ជាលើកដំបូងបង្អស់ដែលភាពយន្តកម្ពុជា ដែលអាចបោះជំហានចូលទីផ្សារអឺរ៉ុប នឹងត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទំនើបៗនៅប្រទេសទាំងនោះ។

ផ្តល់កិច្ចសម្ភាសន៍ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុក លោក សែម វិសាល ចាងហ្វាងផលិតកម្ម វ័នឌើរហ្វីម និងអឺរ៉ាយ ភីកឈ័រ និងជាអ្នកនិពន្ធ និងដឹកនាំរឿង កំណើតអរូប បានលើកឡើងថា បច្ចុប្បន្នមាន ១៥ប្រទេសធំៗនៅអាស៊ីអាគ្នេយ៍ និងប៉ែកអឺរ៉ុប ដែល Wonder Film បានចុះកុងត្រា និងកំណត់ថ្ងៃចាក់បញ្ចាំងរួចរាល់ហើយ តែនៅមានប្រមាណ២០ប្រទេសទៀត ដែលបានជជែកគ្នារួចរាល់ តែមិនទាន់បានចុះកុងត្រា។
មែនទែនទៅរឿង «កំណើតអរូប» នេះបានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទូទាំងកម្ពុជារួចមកហើយ កាលអំឡុងខែមេសា ឆ្នាំ ២០២៣ កន្លងទៅ ដោយទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីអ្នកស្នេហាវិស័យភាពយន្តនៅកម្ពុជា។ មិនតែប៉ុណ្ណោះ ខ្សែភាពយន្តខ្នាតធំនេះ ក៏បាននាំយកទៅចាក់បញ្ចាំងនៅប្រទេសឡាវ និងថៃ កាលពីពេលថ្មីៗកន្លងទៅ។ ដូច្នេះ សម្រាប់ការនាំចេញទៅចាក់បញ្ចាំងនៅ ១៥ ប្រទេសធំទូទាំងអាស៊ីអាគ្នេយ៍ និងប៉ែកអឺរ៉ុប គឺជាជំហានថ្មីមួយទៀត មុនពេលដែល Wonder Film ឈានមួយជំហានទៀត គឺការបញ្ចូនភាពយន្តខ្មែរចូលទៅ platform online ធំៗប្រមាណជិត ២០០ ប្រទេសទៀតផង។
ចាងហ្វាងផលិតកម្ម វ័នឌើរហ្វីម បន្តថា យើងរក្សាសាច់រឿង «កំណើតអរូប» ទាំងស្រុងសម្រាប់ការនាំចេញទៅចាក់បញ្ចាំងនៅទីផ្សារអន្តរជាតិនេះ ប៉ុន្តែយើងបានអភិវឌ្ឍលើគុណភាពសំឡេង ដោយធ្វើការ mixed master សំឡេងឡើងវិញពីចក្រភពអង់គ្លេស ហើយទស្សនិកជននឹងទទួលបានបទពិសោធន៍ថ្មីមួយទៀត នៃការទស្សនារឿងរន្ធត់នេះក្នុងទំហំអេក្រង់ធំជាងមុន (frame wide) ដែលត្រៀមនឹងចាក់បញ្ចាំងឡើងជាថ្មីម្តងទៀតនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៤ តទៅ។

ស្របជាមួយគ្នានេះផងដែរ លោក ឆាយ បូរ៉ា ប្រធានសមាគមន៍ភាពយន្តកម្ពុជា ក៏បានកោតសរសើរ ដោយក្តីមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងជំរុញភាពយន្តខ្មែរទៅកាន់ទីផ្សារអន្តរជាតិរបស់ផលិតកម្ម Wonder Film Entertainment ព្រោះវាមិនមែនជារឿងងាយស្រួលទេ ដែលយើងអាចនាំភាពយន្តខ្មែរទៅចាក់បញ្ចាំងនៅប្រទេសធំៗចំនួន ១៥ បែបនេះ។ «វាជាមោទនភាពសម្រាប់រឿងខ្មែរទី១ ដែលឈានទៅដល់ការបញ្ចាំងរហូតដល់១៥ប្រទេស មិនងាយនោះទេ!»។

សូមជម្រាបផងដែរថា ចក្ខុវិស័យរបស់ផលិតកម្ម Wonder Film Entertainment គឺចង់ពាំនាំខ្សែភាពយន្តខ្មែរ ពោរពេញដោយគុណភាពពិតប្រាកដនិងបន្តបន្ទាប់ ដើម្បីចូលរួមលើកកំពស់ និងផ្សព្វផ្សាយវិស័យវប្បធម៌ តំបន់ទេសចរណ៍ ប្រពៃណី អរិយធម៌ ប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ សាសនា ដ៏សម្បូរបែប និងបុរាណយូរលង់ជាកិត្តិនាមរបស់កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ។
មិនត្រឹមតែធ្វើដំណើរ #GOINTERNATIONAL ទៅចាក់បញ្ចាំងនៅ ១៥ ប្រទេសលើទីផ្សារអាស៊ី និងអឺរ៉ុប ក៏នឹងមានការបញ្ជាក់ផ្លូវការបន្ថែមទៀតប្រមាណជិត ២០ ប្រទេស នៅក្រោយការបញ្ចាំងតាមបណ្តារោងភាពយន្តអន្តរជាតិរួចរាល់ នឹងមានក្នុង platform online ធំៗប្រមាណជិត ២០០ ប្រទេសទៀតផង។ តាមការបង្ហើបពីផលិតកម្ម ភាពយន្តថ្មីរបស់ Wonder Film នឹងកាន់តែអស្ចារ្យបន្ថែមទៀត ទាំងបច្ចេកទេស និងគុណភាពលំដាប់អន្តរជាតិ ដែលត្រៀមនឹងចេញជាផ្លូវការនៅ ពាក់កណ្ដាលឆ្នាំ ២០២៤ ខាងមុខនេះ កុំភ្លេចរង់ចាំអ៊ុតមើលទាំងអស់គ្នា៕



























Account
Security
Favourite Content