មហោស្រពភាពយន្ដជាតិកម្ពុជា ឬគេអាចហៅថា CIFF បានឈានដល់ការប្រារព្ធលើកទី១២ របស់ខ្លួនក្នុងឆ្នាំ ២០២៣ នេះហើយ។ ពីមួយឆ្នាំទៅមួយឆ្នាំមហោស្រពភាពយន្ដរជាតិកម្ពុជា ទទួលបានការសាទរកាន់តែខ្លាំងឡើងៗពីមហាជនគ្រប់វ័យ។
មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ (CIFF) នឹងបង្ហាញភាពយន្ត សរុប ១៤៤ ភាពយន្ត មកពី ៣៤ ប្រទេស ដែលមាន ភាពយន្តខ្លីៗ និងខ្សែភាពយន្តខ្នាតវែង, ភាពយន្តឯកសារ និងគំនូរជីវចល ចាប់ពីថ្ងៃទី ៣០ ខែឧសភា រហូតដល់ថ្ងៃទី ០៤ ខែមិថុនា ដោយឥតគិតថ្លៃ (លើកលែងតែភាពយន្តក្នុងរាត្រីរន្ធត់) នៅតាមបណ្តារោងភាពយន្តធំៗ វិទ្យាស្ថានបារាំង មជ្ឈមណ្ឌលបុប្ផាណា សណ្ឋាគាររ៉ូសវូដភ្នំពេញ និងស៊ីណេហាប់។
លើសពីនេះមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ (CIFF) ក៏បានបង្កើតឱ្យមាន «ភូមិភាពយន្ត» ដែលមានកម្មវិធីជាច្រើនដូចជា៖ កម្មវិធីជជែកពីភាពយន្ត ការសំណេះសំណាលជាមួយតារាល្បីៗ ការបង្កើតទំនាក់ទំនងជាមួយអ្នកជំនាញក្នុងវិស័យភាពយន្ត និងការប្រគំតន្រ្តីខ្នាតធំ – Cambodia Mega Concert ដែលមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនរូប និងការតាំងបង្ហាញស្ទង់ពិរព័ណ៌ចម្រុះជាង ១០០ស្តង់។
ក្នុងចំណោមស្តង់ទាំងនោះ អ្នកទស្សនាក៏អាចនឹងបានឃើញស្តង់ពិរព័ណ៌របស់ស្ថាប័ន AMS ដែលបាន ដាក់តាំងបង្ហាញពីមាតិកាចម្រុះដ៏សម្បូរបែប ភាពយន្ត ការផលិតវីដេអូ ហើយក្នុងនោះលោកអ្នកក៏អាចសាកសួរព័ត៌មានស្តីពីឱកាសការងារជាមួយនឹងពួកយើងបានផងដែរ។
គួរបញ្ជាក់ថា «ភូមិភាពយន្ត» នឹងធ្វើឡើងនៅផ្សារទំនើប OLYMPIA MALL ជាន់ផ្ទាល់ដី ចាប់ពីថ្ងៃទី ០២ - ០៤ មិថុនា ២០២៣ ម៉ោង ៩ ព្រឹក-៩ យប់៕