កោះកុងក្រៅ គឺជាកោះធំបំផុតរបស់កម្ពុជា ដែលកោះនេះមានផ្ទៃដីប្រមាណ ៨០ គីឡូម៉ែត្រការ៉េ និងកម្ពស់ប្រហែល ៤១០ មែត្រ ជាកោះខ្ពស់ជាងគេ ក្នុងតំបន់ឈូងសមុទ្រថៃស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ។
កោះនេះ ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ។ តំបន់នេះ សម្បូរទៅដោយ ធនធានធម្មជាតិ និងជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានពណ៌ខៀវស្រងាត់។ កោះកុងក្រៅ គឺជាកោះមួយដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ។
រូបភាព៖ onepixture
ស្ថិតនៅលើផ្ទៃដីប្រមាណ ៨០ គ.ម២ កោះកុងក្រៅមានឆ្នេរសរុបចំនួន ៦ ឆ្នេរ ដែលគេឱ្យឈ្មោះថា ឆ្នេរដូងទី ១រហូតដល់ ទី៦ ហើយឆ្នេរនីមួយៗមានប្រវែងចាប់ពី ៦៥០ ម៉ែត្រ ដល់ ២ ០៥០ ម៉ែត្រ។
តាមរយៈ រូបភាពដែលអ្នកបានឃើញនេះ វាគឺជាឆ្នេរទី៣ ដែលហុមព័ទ្ធទៅដោយធម្មជាតិ និងសមុទ្ររំលេចចេញជាផ្ទាំងទស្សនីយភាពស្រស់ស្អាតបំផុត ប្រៀបដូចឋានសួគ៌ាក្រោមមេឃ។ លើសពីនេះ ឆ្នេរមួយនេះក៏ជាឆ្នេរដែលពេញនិយម មានទឹកសាបប្រើប្រាស់គ្រប់គ្រាន់ ហើយទេសចរអាចអង្គុយលេងស្ទូចត្រី ងូតទឹក ជិះទូកលេង ទស្សនាទឹកធ្លាក់ និងគយគយទិដ្ឋភាពថ្ងៃរៀបលិច។
គួរជម្រាបថា ដើម្បីអាចទៅទស្សនាកោះកុងក្រៅបាន ទេសចរត្រូវត្រូវធ្វើដំណើរ ដោយយាន្ត ឬម៉ូតូទៅកាន់ខេត្តកោះកុង បន្ទាប់មកគឺត្រូវធ្វើដំណើរតាមទូកប្រមាណ ១ម៉ោងកន្លះ-២ម៉ោង ពីផែទូក ដើម្បីទៅដល់ឆ្នេរកោះកុងក្រៅ។
សម្រាប់ការស្នាក់នៅ និងហូបចុកទៀតសោធ ទេសចរត្រូវស្នាក់នៅបែបជំរុំ ដោយការបោះតង់ លើឆ្នេរខ្សាច់ និងចម្អិនម្ហូបដោយខ្លួនឯង៕
រូបភាព៖ onepixture