SM Entertainment នឹងពង្រីកភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនជាមួយ Tencent Music Entertainment Group បន្ទាប់ពី HYBE បានលក់ភាគហ៊ុនឱ្យក្រុមហ៊ុនចិនមួយនេះ ក្នុងនាមជាម្ចាស់ភាគហ៊ុនធំលំដាប់លេខ ២របស់ SM។

ផ្អែកតាមកាសែត The Korea times នៅថ្ងៃទី២៩ ខែឧសភានេះ SM Entertainmentបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយ Tencent Music ត្រៀមទាំងបានបង្ហាញពីយុទ្ធសាស្ត្រដែលក្រុមហ៊ុនពីប្រទេសកូរ៉េខាងត្បូង និងក្រុមហ៊ុនពីប្រទេសចិនទាំង ២នេះ នឹងរួមសហការណ៍ជុំគ្នា។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ SM និង Tencent Music គ្រោងនឹងបង្កើតក្រុមចម្រៀងបុរសនៅឯប្រទេសចិន ក្នុងរយៈពេលប្រមាណពី ២ទៅ ៣ឆ្នាំខាងមុខនេះ ដោយក្រុមហ៊ុនរបស់ក្រុមចម្រៀងល្បីឈ្មោះដូចជា Aespa និង NCT នឹងដើរតួនាទីជាអ្នកគ្រប់គ្រងការផលិតទាំងស្រុង រួមទាំងការជ្រើសរើស និងបណ្ដុះបណ្ដាលតារាថ្មីទាំងនោះ ខណៈដែល Tencent Music នឹងគ្រប់គ្រងលើការផ្សព្វផ្សាយ និងការចែកចាយតន្ត្រីក្នុងប្រទេសចិន។

ដើម្បីពង្រីកវិស័យខេប៉ុបក្នុងប្រទេសចិន ក្រុមហ៊ុនទាំងពីរក៏គិតគូរលើការពង្រីកអាជីវកម្មកម្មសិទ្ធិបញ្ញាផងដែរ រួមមានការលក់វត្ថុអនុស្សាវរីយ៍ និងការងាររបស់សិល្បករពី SM នៅក្នុងប្រទេសមហាអំណាចនេះដែរ ដូចជាគម្រោងរៀបចំកម្មវិធី SMTown Live នៅឯទីក្រុងហុងកុង ក្នុងឆ្នាំ២០២៦ ជាដើម។
គួរឱ្យដឹងផងដែរថា នៅថ្ងៃទី៣០ ខែឧសភានេះ Tencent Music នឹងទិញរបស់ SM ទាំងអស់ពីក្រុមហ៊ុនគូប្រជែង HYBE ជាផ្លូវការ ដោយភាគហ៊ុននេះមានសរុបចំនួន ២.២១ លានហ៊ុន ស្មើនឹង ២៤៣.៣ ពាន់លានវ៉ុន ឬប្រមាណ ១៧៨លានដុល្លារអាមេរិក៕



























Account
Security
Favourite Content