នៅថ្ងៃពុធ ទី១៣ ខែមីនា នេះសមាគមតន្ត្រី ជប៉ុន Recording Industry Association of Japan (RIAJ) បានប្រកាសនូវបញ្ជីសិល្បករឈ្នះពានរង្វាន់ក្នុងកម្មវិធី Japan Gold Disc Awards លើកទី៣៨ ដោយក្នុងនោះក្រុមចម្រៀង Seventeen បានឈ្នះពានរង្វាន់ច្រើនជាងគេ ។
ក្នុងនោះក្រុមចម្រៀងបុរសមានសមាជិក ១៣នាក់ ទទួលបានពានសរុប ៦ រួមមានដូចជាពានរង្វាន់ធំ “សិល្បករអាស៊ីល្អបំផុត” ដោយពានរង្វាន់នេះត្រូវបានផ្តល់ឱ្យតារាចម្រៀងដែលឈានមុខគេទាំងការលក់អាល់ប៊ុម ចំនួនអ្នកទស្សនាវីដេអូចម្រៀង និង Streaming។
ក្រៅពីនេះពួកគេបានឈ្នះពាន “អាល់ប៊ុមប្រចាំឆ្នាំនៅអាស៊ី” សម្រាប់អាល់ប៊ុមមានចំណងជើងថា “FML” និងពានរង្វាន់សម្រាប់អាល់ប៊ុមផ្សេងៗចំនួន ៣ ទៀត ព្រមជាមួយពានរង្វាន់ “វីដេអូចម្រៀងប្រចាំឆ្នាំ” ។
សិល្បករខេប៉ុបមួយចំនួនទៀតដែលបានឈ្នះពានក្នុងកម្មវិធីនេះដែរមានដូចជា ក្រុមចម្រៀងនារី Le Sserafim បានទទួលរង្វាន់ “សិល្បករថ្មីប្រចាំឆ្នាំប្រចាំទ្វីបអាស៊ី” និងបានទទួលពានរង្វាន់សិល្បករថ្មីល្អបំផុតទាំង ៣ រួមគ្នាជាមួយនឹងក្រុម NewJeans និង Riize ។
សមាជិក BTS Jungkook បានឈ្នះពានរង្វាន់បទចម្រៀងដែលមានការដោនឡូតច្រើនជាងគេប្រចាំឆ្នាំតាមរយៈបទ “Seven” ស្របពេលក្រុមចម្រៀង Stray Kids បានឈ្នះពានរង្វាន់បទចម្រៀងប្រចាំឆ្នាំសម្រាប់បទចម្រៀងភាសាជប៉ុនរបស់ពួកគេមានចំណងជើងថា “Social Path” ៕