តារាចម្រៀងខេប៉ុប Sandara Park កំពុងបោះជំហានដំបូងជាមួយអាល់ប៊ុមថ្មីនៅក្នុងផលិតកម្មថ្មីដែលនាងបានចូលរួមបង្កើត។

ផលិតកម្ម ARADNAS ដែលជាទីភ្នាក់ងារថ្មីរបស់នាង បានប្រកាសនៅថ្ងៃទី ៩ នេះថា Sandara Park នឹងចេញផ្សាយអាល់ប៊ុមចម្រៀងទោល (Single Album) ថ្មីមួយមានចំណងជើងថា “Reprism” នៅវេលាម៉ោង ៦ ល្ងាច ថ្ងៃទី ២០ ខាងមុខនេះ។ ចាប់ផ្តើមពីអាល់ប៊ុមនេះ នាងមានផែនការបន្តសកម្មភាពចម្រុះជាច្រើនទៀត រួមមានការចូលរួមក្នុងកម្មវិធី Festivals, ការធ្វើការប្រគំតន្ត្រីជួបជុំអ្នកគាំទ្រ និងការប្រគំតន្ត្រីទូទាំងតំបន់អាស៊ីផងដែរ។
អ្វីដែលធ្វើឱ្យគម្រោងនេះកាន់តែមានអត្ថន័យពិសេសនោះគឺ Sandara Park បានចូលរួមចំណែកតាំងពីដំណាក់កាលរៀបចំផែនការដំបូង ដោយមិនមែនគ្រាន់តែចូលរួមក្នុងនាមជាអ្នកច្រៀងនោះទេ។ នាងបានជួយតម្រង់ទិសដៅជារួមនៃគម្រោងទាំងមូល ព្រមទាំងបានចូលរួមចំណែកក្នុងការនិពន្ធបទភ្លេង សម្រាប់បទចម្រៀងមួយក្នុងអាល់ប៊ុម និងបានសរសេរបទទំនុកច្រៀងដោយខ្លួនឯងផ្ទាល់ ដោយបានបង្កប់នូវអារម្មណ៍ និងសារផ្ទាល់ខ្លួនរបស់នាងទៅក្នុងអាល់ប៊ុមនេះ។
ខាងភ្នាក់ងារបានឱ្យដឹងថា អាល់ប៊ុមនេះបង្ហាញពីអត្តសញ្ញាណតន្ត្រីដំបូងបង្អស់របស់ Sandara Park។ ចាប់ផ្តើមពីបទទោលនេះ ដែលផ្តោតសំខាន់លើសំឡេងច្រៀង និងការសម្តែងនៅលើឆាក នាងក៏មានផែនការបញ្ចេញបទទោលបន្តបន្ទាប់ទៀតដែលមានទម្រង់ Concept ខុសៗគ្នា។
បទចម្រៀងបន្តបន្ទាប់ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលរៀបចំ ហើយត្រូវបានរំពឹងថានឹងបង្ហាញពីទិសដៅតន្ត្រីមួយបែបទៀត តាមរយៈសំឡេង និងការសម្តែងដែលមានលក្ខណៈខុសប្លែកពីគេ។
គួររម្លឹកថា មុនចេញមកបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួននេះ Sandara Park បានបន្តសកម្មភាពរបស់នាងក្រោមក្រុមហ៊ុន Abyss បន្ទាប់ពីចាកចេញពី YG Entertainment ក្នុងឆ្នាំ ២០២១ ៕






























Account
Security
Favourite Content