មហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ ២០២២ បានបញ្ចប់ទៅដោយរលូនហើយ កាលពីល្ងាចថ្ងៃទី ២០ ខែធ្នូ ដោយពិធីបិទមហោស្រពត្រូវប្រារព្ធឡើងយ៉ាងអធិកអធម ក្រោមអធិបតីភាព ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផលិតករ-យុវផលិតករ អ្នកនិពន្ធ អ្នកដឹកនាំរឿង សិល្បករ-សិល្បការិនី និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ នៅសាលសន្និសីទចតុម្មុខ។
ក្នុងនោះ ម្ចាស់ជយលាភីពានរង្វាន់មាស ពានរង្វាន់ប្រាក់ និងពានរង្វាន់សំរឹទ្ធ រួមទាំងពានរង្វាន់លើកទឹកចិត្តចំនួន ៥ ត្រូវបានរកឃើញហើយ បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃយ៉ាងល្អិតល្អន់ពីគណៈមេប្រយោគវគ្គផ្តាច់ព្រ័ត្រ ៧ រូប។
- ពានរង្វាន់មាស មហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជា លើកទី៣ បានទៅលើរឿង «ជីវិត ស្នេហា សុខសាន្ត» អមដោយសាច់ប្រាក់ ១២ លានរៀល ជាស្នាដៃរបស់យុវផលិតករជាស្ត្រី
- ពានរង្វាន់ប្រាក់ បានលើរឿង «ក្តីស្រលាញ់ដែលអ្នកផ្តល់ឱ្យ» អមដោយសាច់ប្រាក់ ៨ លានរៀល
- ពានរង្វាន់សំរឹទ្ធ បានលើរឿង «ក្តារចុច» អមដោយសាច់ប្រាក់៤លានរៀល
- ពានរង្វាន់លើកទឹកចិត្ត ៥
- ពានរង្វាន់ទស្សនិកជន (Audience Choice Award) បានលើរឿង «ស្នេហ៍ឆ្លងវេហា» អមដោយកាម៉េរ៉ាឌីជីថល មួយគ្រឿង
- ពានរង្វាន់ពិសេសរបស់មេប្រយោគ (Special Jury Award) បានលើរឿង «ឆ្ងាយដាច់អាល័យ» អមដោយទឹកប្រាក់ ៣ លានរៀល
- ពានរង្វាន់អត្ថបទនិពន្ធល្អ (Best Script Award) បានលើរឿង «សម្លេងរាត្រី» អមដោយទឹកប្រាក់ ២ លានរៀល
- ពានរង្វាន់អ្នកដឹកនាំរឿងវ័យក្មេង (Rising Director Award) បានលើរឿង «ប៊ិចសរសេរ» អមដោយទឹកប្រាក់ ២ លានរៀល
- ពានរង្វាន់បច្ចេកទេសល្អ (Technical Excellence) បានលើរឿង «ស្រទាប់ផ្កា» អមដោយទឹកប្រាក់ ២ លានរៀល។
ប្រាប់ឱ្យ AMS ដឹងក្រោយទទួលបានពានរង្វាន់មាស យុវផលិតករ សុធា អ៊ីណែស ថា ខ្លួនមិននឹកស្មានខ្លួនឯងអាចទទួលបានជយលាភីក្នុងមហោស្រពភាពយន្តខ្នាតខ្លីកម្ពុជា ឆ្នាំ ២០២២ លើកទី៣ នេះទេ ព្រោះតាមអ្វីដែលមើលឃើញ គឺមានរឿងខ្លីល្អៗច្រើនណាស់ដែលបានដាក់ចូលប្រកួតប្រជែងក្នុងមហោស្រពនៅឆ្នាំនេះ។ រឿង «ជីវិត ស្នេហា សុខសាន្ត» ត្រូវផលិតឡើងអំឡុងវិបត្តិកូវីដ-១៩ ដែលផលិតករត្រូវធ្វើរិះរកគំនិតបែបណាធ្វើឱ្យមានគុណភាព និងប្រើប្រាស់មនុស្សតិច។ រឿងនេះចំណាយថវិកាផលិតអស់ជាង ១៥០០ ដុល្លារអាមេរិក។ ក្នុងនាមម្ចាស់ជយលាភី យុវផលិតកររូបនេះចង់ឱ្យអ្នកស្រលាញ់វិស័យភាពយន្តគ្រប់គ្នារៀនសូត្រពីការសរសេរសាច់រឿងឱ្យបានច្រើន និងចង់ឱ្យអ្នកប្រាប់ពីសាច់រឿងទៅអ្នកមើលឱ្យច្រើនឡើង។
គួររំលឹកផងដែរថា មហោស្រពភាពយន្តខ្នាតខ្លីកម្ពុជា ឆ្នាំ២០២២ លើកទី៣ ប្រារព្ធឡើងក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅភាពយន្តខ្នាតវែង» ដើម្បីជំរុញលើកទឹកចិត្តដល់យុវជនឱ្យបញ្ចេញគំនិត ចែករំលែកព័ត៌មានដែលពួកគេមាន តាមរយៈអេក្រង់ ឬផ្ទាំងសំពត់ស ហើយនេះគឺជាជំហ៊ានដំបូងដែលនាំពួកគេឱ្យក្លាយជាផលិតករភាពយន្ត៕

























Account
Security
Favourite Content